អ្នកវិភាគលើស្ថានការណ៍នយោបាយក្រោយការបោះឆ្នោតសុំឲ្យអ្នកនយោបាយពិចារណាឲ្យស៊ីជម្រៅទៅលើការបើកឱកាសឲ្យពលរដ្ឋចូលរួមធ្វើមហាបាតុកម្ម និងការទទួលខុសត្រូវចំពោះបញ្ហាមុខរបរទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
លោកបណ្ឌិត សុខ ទូច និងជាអ្នកវិភាគឯករាជ្យមានប្រសាសន៍ថា មុននឹងឈានទៅដល់គម្រោងធ្វើបាតុកម្មនោះ លោកសង្កេតឃើញអ្នកនយោបាយហាក់មិនបានប្រើឱកាសក្នុងការចរចារកដំណោះស្រាយឲ្យអស់លទ្ធភាពនៅឡើយ។
លោកពន្យល់ថា ជម្រើសធ្វើបាតុកម្មមិនប្រាកដថា នឹងទទួលបានដំណោះស្រាយនោះទេ ហើយការកៀរគរប្រពលរដ្ឋឲ្យមកចូលរួមនៅពេលនេះក៏ជាលំបាកដែរ។ លំបាកដោយសារពលរដ្ឋក្រីក្ររកព្រឹកខ្វះល្ងាច។ ដូច្នេះបញ្ហានេះពាក់ព័ន្ធទៅនឹងបញ្ហាជីវភាពរបស់ពួកគាត់ផ្ទាល់តែម្ដង បើសិនជាបាតុកម្មនោះត្រូវអូសបន្លាយពេលយូរថ្ងៃនោះ ប៉ុន្តែលោកគាំទ្រនូវជម្រើសធ្វើអ្វីឲ្យលឿន ទោះដោយមធ្យោបាយណាក៏ដោយ។ បើមិនដូច្នេះទេ មហាបាតុកម្មនោះនឹងខ្វះកម្លាំងចូលរួមគាំទ្រ។
ទោះយ៉ាងណាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច យល់ឃើញថា បាតុកម្មអាចនឹងធ្វើទៅបាន ប៉ុន្តែអ្នកដែលព្រួយបារម្ភខ្លាំងមិនមែនមេដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយទាំងពីរនោះទេ។ ប្រជាពលរដ្ឋដែលមានចំណូលត្រឹមតែមួយដុល្លារក្នុងមួយថ្ងៃនឹងជួបវិបត្តិសេដ្ឋកិច្ចឆ្នាំងបាយ នេះមិនទាន់រាប់ពីម៉ាក្រូសេដ្ឋកិច្ច ការវិនិយោគវិស័យទេសចរណ៍ និងឧស្សាហកម្មកម្រិតធ្ងន់នៅឡើយ។ លោកបន្តថា អ្នកនយោបាយគួរប្រើប្រាស់ឲ្យអស់លទ្ធភាពចរចា និងកុំអាលយកកម្លាំងប្រជាជនធ្វើជាដំណោះស្រាយស្វែងរកយុត្តិធម៌។
ទាក់ទងនឹងគម្រោងធ្វើមហាកូដកម្មរបស់គណបក្សសង្គ្រោះជាតិនេះដែរ ប្រជាពលរដ្ឋមានការយល់ឃើញផ្សេងៗគ្នា។ ពលរដ្ឋខ្លះថា អ្នកនយោបាយល្មមឆ្អែតហើយ ចំពោះការទាស់ទែងគ្នាក្នុងរឿងដណ្ដើមគ្នាយកឈ្នះចាញ់ដោយមិនគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋតូចតាច។
ពលរដ្ឋខ្លះមានអារម្មណ៍ភ័យខ្លាចនឹងភាពវឹកវរក្នុងសង្គមដែលធ្លាប់កើតមានច្រើនជំនាន់មកហើយ ហើយបានបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរដល់សង្គមជាតិ ហើយគ្រួសារខ្មែរជួបតែការព្រាត់ប្រាស សាច់ញាតិហិនហោចទ្រព្យសម្បត្តិ ធ្លាក់ខ្លួនក្ររហូតសព្វថ្ងៃ។ អ្នកខ្លះទៀតហាក់មិនខ្វល់នឹងរឿងទាំងនេះឡើយ ដោយសារពួកគាត់បានជួបនឹងរឿងអយុត្តិធម៌ក្នុងសង្គមសព្វថ្ងៃហួសនិស្ស័យ។ ពួកគាត់ថា សង្គមបច្ចុប្បន្នគួរតែល្មមដល់ពេលផ្លាស់ប្ដូរទៅរកសេចក្ដីសុខ មានសេរីភាព យុត្តិធម៌ក្នុងសង្គមហើយ។ ពួកគាត់ថា គ្រប់គ្នាគួរតែហ៊ានខាតបង់ថ្ងៃនេះសម្រាប់ចំណេញទាំងអស់គ្នាទៅអនាគត។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ក្តីរំពឹងពីការផ្លាស់ប្ដូរសង្គមតាមរយៈបាតុកម្មជាក្តីសង្ឃឹមស្រមោលដែលពិបាកជឿទុកចិត្តបាន ដូចវិធីសាស្ត្រការចរចាដែលយកគោលការណ៍មកអនុវត្តនោះទេ។
ចំណែកអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី វិញ យល់ឃើញថា ការចូលរួមរបស់មហាជនអាចមានច្រើន ទោះមហាបាតុកម្មនោះត្រូវអូសបន្លាយពេលវែងយ៉ាងណាក្តី អោយតែបាតុកម្មនោះស្របតាមឆន្ទៈពួកគាត់ចង់បាន និងដោយអហិង្សាពិតមែន។ លោកបន្តថា អ្នកដែលចូលរួមមហាបាតុកម្មភាគច្រើនជាពលរដ្ឋស្ថិតក្នុងស្រទាប់ក្រីក្របំផុត ឬក្រុមអ្នកដែលរកចំណូលស្ទើរតែមិនបានក្នុងមួយថ្ងៃ ប៉ុន្តែក្រុមនេះនឹងមានការឧបត្ថម្ភជាប្រយោលពីក្រុមអ្នកមាន អ្នកមធ្យម ដែលពួកគាត់ចង់ចូលរួមដែរតែមិនហ៊ានចេញមុខ។ លោកបន្តថា ការធ្វើបាតុកម្មអហិង្សាអាចជំរុញឲ្យមានការពិភាក្សាស៊ីជម្រៅក្នុងការកែទម្រង់របៀបដឹកនាំប្រទេសមួយដែលធ្វើឲ្យពលរដ្ឋសប្បាយចិត្ត។
គណបក្សប្រឆាំងរំពឹងថា នឹងមានមហាជនប្រមាណជាង ២ម៉ឺននាក់នឹងចូលរួមក្នុងបាតុកម្មនៅថ្ងៃដំបូង គឺថ្ងៃទី៧ កញ្ញា ក្នុងរាជធានីភ្នំពេញ ហើយចំនួននេះអាចនឹងទៅរួច ព្រោះគណបក្សប្រឆាំងបានស្ទាបស្ទង់កម្លាំងអ្នកគាំទ្រម្ដងរួចមកហើយក្នុងវេទិកាជួបជុំមួយនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី២៦ ខែសីហា។
រីឯកម្លាំងបាតុករមហាជននៅតាមបណ្ដាខេត្តអាចនឹងងើបឡើងជាបន្តបន្ទាប់ នៅគ្រាដែលលោក សម រង្ស៊ី និងលោក កឹម សុខា បានបំផុសគំនិតឲ្យចូលរួមបាតុកម្មតាមរយៈវេទិកាសំណេះសំណាលជាមួយអ្នកគាំទ្រយ៉ាងមមាញឹកក្រោយការបោះឆ្នោត។
មេដឹកនាំគណបក្សសង្គ្រោះជាតិប្រកាសអះអាងបញ្ជាក់ម្ដងហើយម្ដងទៀតថា គម្រោងធ្វើមហាបាតុកម្មនោះធ្វើដោយអហិង្សា ទាមទារឱ្យបង្កើតគណៈកម្មការពិសេសឯករាជ្យមួយ ដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌ ពាក់ព័ន្ធនឹងការបោះឆ្នោត។ ប៉ុន្តែមហាបាតុកម្មនោះមានការផ្លាស់ប្តូរវិធីសាស្ត្រក្នុងការតវ៉ាខ្លះៗ ដូចជាមានដាក់បញ្ចូលពិធីស្មិងស្មាធិ៍សុំសន្តិភាព និងយុត្តិធម៌ក្នុងសង្គមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
