អ្នកវិភាគឯករាជ្យ លោក កែម ឡី បានថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអាទិត្យ ទៅ៩ មិថុនា ថា ប្រសិនបើគ្មានការជំរុញផ្នែកនយោបាយដ៏មានអំណាចទេនោះ មហាបាតុកម្មនេះក៏មិនអាចធ្វើឡើងក្នុងទ្រង់ទ្រាយធំដូច្នេះដែរ។
លោក កែម ឡី បន្តថា បាតុកម្មនៅកម្ពុជា ហាក់មានស្តង់ដារពីរ ឬបាតុកម្មបែបប្រកាន់វណ្ណៈនិយម។ លោកអះអាងថា ក្រុមអាជ្ញាធរមិនដែលបានបង្កភាពងាយស្រួលដល់ក្រុមបាតុករដែលតែងតវ៉ាអំពីបញ្ហារំលោភដីធ្លី ឬការដំឡើងប្រាក់ខែកម្មករដូចក្រុមបាតុករដែលប្រឆាំងនឹងលោក កឹម សុខា នេះឡើយ៖ «គ្រាន់តែយើងមើលទិដ្ឋភាពហាក់មានស្តង់ដារពីរសម្រាប់ប្រជាពលរដ្ឋ។ ស្តង់ដារមួយប្រជាពលរដ្ឋផ្សេងទៅ ហើយស្តង់ដារមួយទៀតសម្រាប់ប្រជាពលរដ្ឋផ្សេងមួយទៀតទៅ ហើយអាហ្នឹងសង្គមរបៀបនេះគេហៅថា សង្គមវណ្ណៈ បានន័យថា បើអ្នកគាំទ្រម្ខាងទៅមានវណ្ណៈផ្សេងក្នុងការធ្វើបាតុកម្ម ដូចពាក្យខ្មែរយើងថា រៀបចំធ្វើបាតុកម្មដូចស្តេច។ ហើយម្ខាងទៀតមានឋានៈផ្សេង ហាក់បីដូចជាលំបាកលំបិនណាស់ មិនងាយសុំច្បាប់ មិនងាយកាន់បដាអីទេ។ អាហ្នឹងដែលខ្ញុំវិភាគមើល»។
ចំណែកលោក អ៊ុក វណ្ណា ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវសង្គមនៃរាជបណ្ឌិតសភាវិញថ្លែងថា បាតុកម្មប្រឆាំងលោក កឹម សុខា កាលពីថ្ងៃអាទិត្យ គឺការញុះញង់ផ្នែកនយោបាយ។ លោកបន្តថា ការធ្វើមហាបាតុកម្មនោះ គឺជាការធ្វើពាណិជ្ជកម្មផ្នែកនយោបាយមួយរបស់ក្រុមអ្នកមានអំណាចប៉ុណ្ណោះ នៅខណៈដែលពលរដ្ឋខ្មែរភាគច្រើនពុំទាន់មានការវិភាគផ្នែកនយោបាយឲ្យបានគ្រប់ជ្រុងជ្រោយ។
លោក អ៊ុក វណ្ណា៖ «អ្វីដែលសំខាន់ទៅទៀតនោះ គឺប្រជាជនខ្មែរខ្វះព័ត៌មានខ្លួនឯង ដែលខ្លួនឯងមិនមានសមត្ថភាពក្រេបយកចំណេះដឹង និងក្រេបយកព័ត៌មាន ឬចេះស្វែងរកព័ត៌មានដោយខ្លួនឯងហើយសំខាន់ទៅទៀត គឺគោលការណ៍បែងចែកសង្គមវណ្ណៈ»។
អ្នកវិភាគទាំងពីរថ្លែងថា ក្រុមអ្នកមានអំណាចបានបញ្ឆេះពលរដ្ឋឲ្យបាតុកម្មប្រឆាំងនឹងលោក កឹម សុខា ហាក់បីដូចជាការយកវាំងននខ្មៅមួយផ្ទាំង ដើម្បីបិទបាំងអំពើអាក្រក់ក្នុងសង្គមដូចជាបញ្ហាបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ បញ្ហារំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើ និងអំពើនិទណ្ឌភាពជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
