អ្នក​វិភាគ៖ បក្ស​ប្រជាជន​​គួរ​​ពិចារណា​លើ​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង

ក្រុម​អ្នក​វិភាគ​កត់​សម្គាល់​ថា ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ក្នុង​សមាជ​ប្រជាជន កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ដែល​បន្ត​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ ការ​កែ​ទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ​នោះ អាច​នឹង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ទៅ​បាន អាស្រ័យ​លើ​ឆន្ទៈ​របស់​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង​ជំហរ​ពលរដ្ឋ​ខ្មែរ។

0:00 / 0:00

ការ​វិភាគ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មហា​បាតុកម្ម និង​កូដកម្ម​ជា​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស ធ្វើ​នយោបាយ​ការទូត​ក្រៅ​ប្រទេស និង​ប្រមូល​ស្នាម​មេ​ដៃ​ដាក់​ជូន​សមាជិក​អង្គការ​សហប្រជាជាតិ ដើម្បី​ដាក់​សម្ពាធ​លើ​រាជ​រដ្ឋាភិបាល។

ក្រុម​អ្នក​តាម​ដាន​បញ្ហា​នយោបាយ ព្រមាន​ថា ការ​ប្រកាស​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​របស់​គណបក្ស​ប្រឆាំង ជា​ដំណើរ​បន្ទច់​បង្អាក់​ការ​អនុវត្ត​គោល​នយោបាយ​ថ្មី​របស់​រាជ​រដ្ឋាភិបាល ដែល​បក្ស​កាន់​អំណាច​ចាំបាច់​ត្រូវ​ពិចារណា និង​បើក​ការ​ចរចា​ជា​ថ្មី ដើម្បី​ប្រយោជន៍​ជាតិ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ក្នុង​ចំណោម ១០​ចំណុច​ដែល​បក្ស​ប្រឆាំង​ទាមទារ គឺ​មាន​ចំណុច​តិច​ណាស់​ដែល​បក្ស​កាន់​អំណាច​ឲ្យ​មិន​បាន តែ​អាស្រ័យ​លើ​ការ​ចរចា​គ្នា។ លោក​បន្ត​ថា ចំណុច​ទាមទារ​ដែល​គួរ​ឲ្យ​ប្រុង​ប្រយ័ត្ន មាន​ដូចជា ការ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ វិទ្យុ និង​ទូរទស្សន៍​បក្ស​ប្រឆាំង និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​មេ​ភូមិ។

លោក​បណ្ឌិត​ពន្យល់​ថា ដើម្បី​ឲ្យ​ប្រទេស​រីក​ចម្រើន មិន​ចាំបាច់​មាន​វិទ្យុ ឬ​ទូរទស្សន៍​ដែល​ប្រកាន់​និន្នាការ​នយោបាយ​ផ្សេង​គ្នា ប្រឈម​គ្នា​ឡើយ ប៉ុន្តែ​អាជ្ញាធរ​ត្រូវ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​បើក​សេរីភាព​បញ្ចេញ​មតិ​ពេញ​លេញ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​វិទ្យុ​ក្នុង​ស្រុក ធ្វើ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​សារព័ត៌មាន និង​បង្កើន​ជំនឿ​ពី​មហាជន​ជា​ការ​ស្រេច។ ចំពោះ​ការ​ជ្រើស​រើស​មេ​ភូមិ​វិញ គឺ​មិន​ចាំបាច់​ប៉ុន្មាន​ឡើយ វា​គ្រាន់​តែ​បង្កើន​ការិយាធិបតេយ្យ​ច្រើន​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា សំខាន់ គឺ​ឆន្ទៈ​ដើម្បី​ប្រយោជន៍​ជាតិ។

សមាជ​របស់​បក្ស​ប្រឆាំង បាន​ប្រកាស​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច​យល់​ព្រម​លើ​បញ្ហា​សំខាន់ៗ​ចំនួន ១០​ចំណុច រួម​មាន ការ​បង្កើត​គណៈកម្មាធិការ​ស្វែង​រក​ការ​ពិត​ជូន​ម្ចាស់​ឆ្នោត និង​ដូរ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ភ្លាមៗ ធានា​តុល្យភាព​អំណាច គឺ​ទារ​យក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ទទួល​ស្គាល់​តួនាទី​បក្ស​ប្រឆាំង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ស្រមោល ទាមទារ​វិទ្យុ និង​ទូរទស្សន៍​សម្រាប់​ឃោសនា​ឲ្យ​បក្ស​ប្រឆាំង បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សើរើ​ដី​ណា​ដែល​ផ្តល់​អោយ​ក្រុមហ៊ុន​ឯកជន​មិន​សមស្រប​យក​ជូន​ពលរដ្ឋ​វិញ បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន្ត បង្កើត​គណៈកម្មការ​ចម្រុះ​ដែល​មាន​សមាសភាព​ពី​ក្នុង​សភា ដើម្បី​ពិនិត្យ​ពី​ការ​បោះ​បង្គោល​ព្រំដែន បង្កើត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​មេ​ភូមិ បង្កើត​ច្បាប់​ដើម្បី​ឲ្យ​មន្ត្រី​តុលាការ​គ្រប់​លំដាប់​ថ្នាក់​មិន​ឲ្យ​ជា​សមាជិក​បក្ស​នយោបាយ និង​ដោះ​លែង​បន្ទាន់​ចំពោះ​អ្នក​ជាប់​ទោស​មនសិការ​នយោបាយ និង​សកម្មជន​សិទ្ធិ​មនុស្ស។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ វិញ​យល់​ថា គណបក្ស​កាន់​អំណាច​អាច​យល់​ស្រប​លើ​ចំណុច​ភាគ​ច្រើន​ដែល​បក្ស​ប្រឆាំង​ស្នើ​ឡើង ប៉ុន្តែ​បក្ស​ប្រឆាំង​ត្រូវ​ប្រើប្រាស់​យន្តការ​ទាមទារ និង​ឃ្លាំ​មើល​ប្រកប​ដោយ​ប្រសិទ្ធភាព។ លោក​បន្ត​ថា គណបក្ស​ទាំង​ពីរ​គួរ​តែ​បង្កើត​គណៈកម្មការ​កែ​ទម្រង់​ពិសេស​មួយ ដើម្បី​ពិនិត្យ និង​កែ​ទម្រង់​ស្ថាប័ន​ជាតិ​ដែល​ចាំបាច់ ហើយ​តំណែង​ប្រធាន​គណៈកម្មការ​កំណែ​ទម្រង់​នេះ គួរ​ផ្តល់​ឲ្យ​បក្ស​ប្រឆាំង និង​តំណែង​ប្រធាន​រដ្ឋសភា ផ្តល់​ឲ្យ​បក្ស​កាន់​អំណាច​ដដែល។ លោក​បញ្ជាក់​ចំពោះ​យន្តការ​ការទូត​ក្រៅ​ប្រទេស​ដែល លោក សម រង្ស៉ី ទៅ​ស្វែង​រក​នោះ ទំនង​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​ជា​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ឡើយ។

ទោះ​ជា​បែប​ណា​ក្តី មន្ត្រី​បក្ស​កាន់​អំណាច​នៅ​តែ​បង្ហាញ​អះអាង​ដដែល​ថា បក្ស​ដែល​ដឹក​នាំ​រាជ​រដ្ឋាភិបាល ៤​អាណត្តិ​មក​ហើយ​នេះ នឹង​មិន​ប្ដូរ​ជំហរ​ឡើយ បើ​ទោះ​បី​ជា​បក្ស​ប្រឆាំង​ប្រើប្រាស់​វិធី​ណា​ក៏ដោយ។ បក្ស​កាន់​អំណាច​នៅ​តែ​ព្រម​ឲ្យ​បក្ស​ប្រឆាំង​កាន់​កាប់​តំណែង​អនុប្រធាន​ទី១ នៃ​រដ្ឋសភា និង​ប្រធាន​គណៈកម្មាធិការ​ជំនាញ​ចំនួន​៤។ ហើយ​រដ្ឋសភា​ដែល​មាន​តែ​សមាជិក​បក្ស​ប្រជាជន​កម្ពុជា នឹង​បើក​កិច្ច​ប្រជុំ​ជ្រើស​រើស​សមាសភាព​គណៈកម្មាធិការ​ជំនាញ នៅ​ថ្ងៃ​ទី១០ ខែ​តុលា ខាង​មុខ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ វិញ លោក សម រង្ស៉ី បាន​ចេញ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៧ ខែ​តុលា ដើម្បី​ស្វែង​រក​ការ​ដាក់​សម្ពាធ​លើ លោក ហ៊ុន សែន។ ហើយ លោក កឹម សុខា បន្ត​ចុះ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់ និង​ឆ្លៀត​ស្វែង​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​ខេត្ត​នានា។

ចំពោះ​ការ​បែង​ចែក​អំណាច​ក្នុង​រដ្ឋសភា​នេះ ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ លោក សេន រស់​នៅ​សង្កាត់​ស្ទឹងមានជ័យ ឲ្យ​ដឹង​ថា រូប​គាត់​មាន​បំណង​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​ជីវភាព​អ្នក​ក្រ តាម​រយៈ​ការ​ផ្តល់​អំណាច​ក្នុង​រដ្ឋសភា​ឲ្យ​បក្ស​ប្រឆាំង ដើម្បី​បាន​រិះគន់​កែលំអ​សង្គម។ លោក​បន្ត​ថា សព្វថ្ងៃ​លោក​មាន​កូន ៤​នាក់ ក្នុង​បន្ទុក​ទៅ​រៀន​នៅ​សាលា​រដ្ឋ ហើយ​ក៏​ត្រូវ​គ្រូ​បង្រៀន​គាប​យក​លុយ​ជា​រៀង​រាល់​ថ្ងៃ​ម្នាក់ៗ​ចំនួន ១.៥០០​រៀល ក្នុង​ពេល​ដែល​គ្រួសារ​លោក​រក​ប្រាក់​ចំណូល​មួយ​ថ្ងៃ​បាន ១​ម៉ឺន ៥​ពាន់​រៀល។ លោក​បញ្ជាក់​ថា អ្នក​ក្រ​រង​ទុក្ខ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គ្រួសារ​លោក​មិន​ចូល​ចិត្ត​អ្នក​រាជការ​ទាំងអស់ និង​អស់​សង្ឃឹម​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច។

អ្នក​វិភាគ​បញ្ហា​សង្គម​មួយ​ចំនួន​យល់​ថា បើ​កាល​ណា​ការ​ជាប់​គាំង​នយោបាយ​នៅ​តែ​បន្ត​នោះ កម្ពុជា នឹង​ជួប​វិបត្តិ​តាំង​ពី​នយោបាយ​សង្គម និង​សេដ្ឋកិច្ច។ វិបត្តិ​នយោបាយ​នៅ​ពេល​ដែល​ប្រទេស​នៅ​លើ​ពិភពលោក នឹង​មើល​មក​រាជ​រដ្ឋាភិបាល​កម្ពុជា ថា​ជា​ប្រទេស​ដែល​មាន​ភាព​ផ្តាច់​ការ បំបាត់​សំឡេង​ប្រឆាំង និង​មិន​មែន​លទ្ធិប្រជាធិបតេយ្យ។ វិបត្តិ​សង្គម​នៅ​ត្រង់​ថា ប្រជាពលរដ្ឋ​នឹង​រស់​នៅ​ដោយ​មិន​ស្ងប់​ចិត្ត ហើយ​បាតុកម្ម​កើត​ឡើង​ញឹកញាប់ ការ​ភ័យ​ខ្លាច​នៅ​តែ​បន្ត។ វិបត្តិ​សេដ្ឋកិច្ច គឺ​ក្រុម​វិនិយោគទុន​អាច​នឹង​អស់​ទំនុក​ចិត្ត​លើ​ស្ថិរភាព​នយោបាយ ពួក​គេ​អាច​ដក​ទុន​រក​ស៊ី​ចេញ​ពី​ស្រុក​ខ្មែរ នាំ​ឲ្យ​ពលរដ្ឋ​អត់​ការ​ធ្វើ​ជាដើម។ ហើយ​បើ​សិន​ជា​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែល​ជា​ទីផ្សារ​សម្លៀកបំពាក់​ដ៏​ធំ​របស់​ខ្មែរ​វិញ​នោះ កម្មករ​ជិត ១​លាន​នាក់ នឹង​ជួប​បញ្ហា ហើយ​បក្ស​កាន់​អំណាច​ទំនង​ជា​មិន​អាច​ទប់ទល់​នឹង​វិបត្តិ​ចុង​ក្រោយ​នេះ​បាន​ឡើយ។ ប៉ុន្តែ បើ​បក្ស​ប្រជាជន​កម្ពុជា ឲ្យ​បក្ស​ប្រឆាំង​ដឹក​នាំ​រដ្ឋសភា​វិញ​នោះ ប្រទេស​ជាតិ​នឹង​មិន​ជួប​បញ្ហា​លំបាក​ធំ​ដុំ​ទេ តែ​មន្ត្រី​ខូចៗ​ខ្លះ​របស់​បក្ស​កាន់​អំណាច​ទៅ​វិញ​ទេ ដែល​នឹង​ត្រូវ​ជួប​បញ្ហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។