គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា ហៅកាត់ជាភាសាអង់គ្លេសថា អាយ.ភី.យូ (IPU) បញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ហើយកាលពីថ្ងៃទី១៧ ខែកុម្ភៈ។ អ្នកវិភាគលើកឡើងថា ការមកបំពេញបេសកម្មរយៈពេលបីថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ នោះ គឺឆ្លុះបញ្ចាំងថា កម្ពុជាកំពុងដើរផ្ទុយពីរបបលទ្ធិប្រជាធិបតេយ្យ ហើយស្ថាប័ននីតិប្បញ្ញត្តិទន់ខ្សោយ ការគោរពសិទ្ធិមនុស្សស្ថិតនៅក្នុងភាពផុយស្រួយ។
គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា មកជួបតំណាងគណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត គឺជារឿងល្អមួយសម្រាប់ជួយសម្រួលដល់ស្ថានភាពនយោបាយនៅកម្ពុជា ឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ ក៏ប៉ុន្តែអ្នកវិភាគលើកឡើងថា វាមិនឲ្យកម្ពុជា មានមុខមាត់ល្អទេនៅលើឆាកអន្តរជាតិ។
ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការបំពេញទស្សនកិច្ចរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា ជាកាយវិការយកចិត្តទុកដាក់ពីស្ថាប័នសហភាពអន្តរសភាអន្តរជាតិមួយនេះ ប៉ុន្តែបញ្ហានេះ ក៏ឆ្លុះបញ្ចាំពីការដើរថយក្រោយនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជាដែរ៖ « ឆ្លុះបញ្ចាំងច្រើន ឆ្លុះបញ្ចាំងការធ្វើនយោបាយសម្លុតគំរាម ឆ្លុះបញ្ចាំងពីអ្នកនយោបាយប្រើស្ទីលនយោបាយដដែលៗ ដើរមិនទាន់សម័យយុវជនឥឡូវ»។
ប្រធានបទសំខាន់ដែលគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា មកជួបតំណាងគណបក្សទាំងពីរមាន ៤ រួមមាន ទី១ ការសួរនាំអំពីការចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ទី២ ការវាយដំលើតំណាងរាស្ត្របក្សប្រឆាំង ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ដោយបាតុករគាំទ្របក្សកាន់អំណាច ការចោទប្រកាន់ និងការតាមចាប់ខ្លួនលោក សម រង្ស៊ី ទី៣ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៨រូប កំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ ក្នុងនោះមាន ៧រូប ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ហិង្សាលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ និងមួយរួបទៀត គឺលោក ចាន់ ចេង ត្រូវបានតុលាការចោទប្រកាន់ពីការផ្ដល់មធ្យោបាយឲ្យអ្នកទោសកាលពីឆ្នាំ២០១១ និងទី៤ ការអនុវត្តវប្បធម៌សន្ទនារវាងគណបក្សទាំងពីរនៅពេលបច្ចុប្បន្ន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងជាអនុប្រធានគណៈកម្មការទី១នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា មានប្រសាសន៍ថា គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា ក្រៅពីជួបតំណាងរាស្ត្រគណបក្សទាំងពីរ គឺបានជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសួរនាំ ឬប្រមូលយកព័ត៌មានពីភាគីទាំងពីរជាក់លាក់មួយនូវអ្វីដែលបានកើតឡើងកន្លងមកនោះ៖ « កន្លងទៅគាត់ស្ដាប់តែម្ខាង ចឹងគាត់នៅស្រពិចស្រពិលច្រើន។ អ៊ីចឹងទេទើប IPU ហ្នឹង ត្រូវបានបញ្ជូនមកដើម្បីស្ដាប់ការពិតច្បាស់លាស់ទាំងសងខាង ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅ IPU ទាំងមូល»។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគលើកឡើងថា ការបំពេញបេសកកម្មរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភានេះ ជាការឆ្លុះបញ្ចាំងពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅកាន់របបផ្ដាច់ការ ពីព្រោះថា ការចាប់ចង ការវាយដំ ការបាញ់សម្លាប់បានកើតមានដោយងាយៗ ឧទាហរណ៍ដូចជាការបាញ់បង្ក្រាបហ្វូងបាតុករនៅផ្លូវវ៉េងស្រេង កាលពីឆ្នាំ២០១៣ ជាដើម។ បញ្ហាទាំងនេះ បានធ្វើឲ្យកម្ពុជា បាក់មុខមាត់នៅសហគមន៍អន្តរជាតិ ទោះបីជារដ្ឋាភិបាលនៅតែការពារខ្លួនម្ដងហើយម្ដងទៀតក្ដី។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈនេះ អ្នកនយោបាយអាចមានការសម្របសម្រួលគ្នា ដើម្បីស្ដារស្ថានភាពនយោបាយវិលទៅរកភាពប្រក្រតីវិញ បើមិនដូច្នោះទេ រដ្ឋាភិបាលកម្ពុជា នឹងប្រឈមនឹងខូចកេរ្តិ៍ឈ្មោះកាន់តែខ្លាំងប្រសិនបើគណៈកម្មការនេះ ធ្វើរបាយការណ៍អំពីស្ថានភាពកម្ពុជា ហើយផ្សព្វផ្សាយទៅសហគមន៍អន្តរជាតិនោះ៖ « រដ្ឋាភិបាលកំពុងតែទាញទៅជារបបកុម្មុយនីស្តពិតប្រាកដ អាចបោះឆ្នោតអីមិនកើត តែសហគមន៍អន្តរជាតិ មិនអាចអនុញ្ញាតឲ្យទាញទៅបានទេ ដោយសារយើងនៅមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលហ្នឹងតែងផ្ដិតរូបអាក្រក់ម្ដងហើយម្ដងទៀត»។
សហភាពអន្តរសភាជាស្ថាប័នសភាអន្តរជាតិដ៏មានឥទ្ធិពល ដែលមានសមាជិកមកពីចំនួន ១៦២ប្រទេសរួមទាំងកម្ពុជាផង។ ស្ថាប័ននេះមានមូលដ្ឋាននៅប្រទេសទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ការងារសំខាន់របស់សភាអន្តរជាតិនេះគឺការសន្ទនារវាងសភានៅទូទាំងពិភពលោក ដែលធ្វើការសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាពលរដ្ឋ និងការបង្កើតឲ្យរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។
កាលពីខែតុលា ឆ្នាំ២០១១ IPU បានអនុម័តផែនការយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ដែលផែនការយុទ្ធសាស្ត្រនោះឈ្មោះថា "សភាល្អប្រសើរជាងមុន ប្រជាធិបតេយ្យកាន់តែខ្លាំង"។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភាគឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា បញ្ជាក់ថា បញ្ហាសំខាន់ដែលគណបក្សប្រឆាំងស្នើទៅ IPU នេះគឺសុំធ្វើយ៉ាងណាឲ្យមានការស៊ើបអង្កេតលើការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង ពិសេសធ្វើយ៉ាងណាឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញបាន។
នៅមុនការបោះឆ្នោតកាលពីឆ្នាំ២០១៣ សហភាពអន្តរសភានេះ ក៏ធ្លាប់បានស្នើរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រឆាំង ស្វែងរកមធ្យោបាយអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានឱកាសចូលរួមការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៣ នោះដែរ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ហេង ស្រ៊ាង មានប្រសាសន៍ថា រដ្ឋាភិបាលល្មមដល់ពេលបង្វែរស្ថានការណ៍នយោបាយឲ្យល្អប្រសើរឡើងវិញ ជៀសវាងមានសម្ពាធណាមួយពីសហគមន៍អន្តរជាតិ ដើម្បីស្ដារមុខមាត់របស់ខ្លួនឡើងវិញ៖ «ករណីបញ្ជាក់ថារឿងស្រុកខ្មែរនេះជាមួយសុះសាយទៅដល់ពិភពលោកហើយ ទោះបីជារដ្ឋាភិបាលចង់បិទបាំងថា មិនមានការរំលោភសិទ្ធិមនុស្ស។ ខ្ញុំគិតថា រឿងនេះអត់រីកចម្រើនទេ » ។
ក្រោយពីបេសកកម្មរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភានេះ គឺគេមិនទាន់ធ្វើរបាយការណ៍សរុបណាមួយនៅឡើយទេ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា គេនឹងធ្វើរបាយការណ៍សរុបហើយផ្ញើមកគណបក្សទាំងពីរវិញនៅពេលក្រោយ។
អ្នកវិភាគសម្ដែងសុទិដ្ឋិនិយមថា នៅក្រោយពីការប្រមូលព័ត៌មានអំពីការធ្វើទុក្ខបុកម្នេញបក្សប្រឆាំងនេះ ស្ថានភាពនយោបាយនៅកម្ពុជា នឹងអាចប្រសើរឡើង ពោលគឺរដ្ឋាភិបាល និងបក្សប្រឆាំងអាចនឹងមានការសម្របសម្រួលណាមួយដើម្បីឲ្យដោះលែងសកម្មជនគណបក្សប្រឆាំង និងការបើកផ្លូវឲ្យលោក សម រង្ស៊ី វិលចូលស្រុក ដើម្បីដឹកនាំណបក្សសង្គ្រោះជាតិឡើងវិញជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
