សេចក្ដីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា បានដាក់ក្ដីបារម្ភថា ភាពមិនចុះសម្រុងគ្នារវាងគណបក្សនយោបាយធំៗ២ នៅក្រោយការបោះឆ្នោត និងភាពចម្រូងចម្រាសក្នុងការបង្កើតក្រុមការងារស៊ើបអង្កេតពីភាពមិនប្រក្រតីនានា អាចនឹងនាំកម្ពុជា ទៅរកស្ថានការណ៍ដែលមិនអាចស្មានដឹង។
នាយករងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការលើកលែងទោសអន្តរជាតិ អ្នកស្រី អ៊ីសាបែល អារ៉ាដុន (Isabelle Arradon) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា អាជ្ញាធរមានសមត្ថកិច្ចនៅកម្ពុជា និងមេដឹកនាំគណបក្សដទៃទៀត ត្រូវតែធានាថា ភាពតានតឹងនៅក្រោយការបោះឆ្នោត នឹងពុំឈានដល់អំពើហិង្សា។ អ្នកស្រីបន្តថា ពលរដ្ឋកម្ពុជា ជាច្រើនបានស្រែកទាមទាររកការផ្លាស់ប្ដូរ ដែលអ្នកនយោបាយកំពូលត្រូវចាត់វិធានការទៅតាមដែលអាចធ្វើបាន ដើម្បីធានាថាពួកគេបានសម្រេចបំណងនេះដោយសន្តិវិធី និងការគោរពសិទ្ធិមនុស្ស។ ត្រូវផ្ដល់ឱកាស ផ្ដល់កន្លែងសមស្រប ដែលអនុញ្ញាតអោយពលរដ្ឋ ទាំងអ្នកគាំទ្រគណបក្សនយោបាយបានបញ្ចេញការយល់ឃើញ និងការជួបប្រជុំដោយសន្តិវិធី។ ស្របគ្នានេះ គ្រប់ភាគីនយោបាយត្រូវអំពាវនាវដល់អ្នកគាំទ្រថា មិនត្រូវប្រើអំពើហិង្សា និងរំលោភសិទ្ធិនៃក្រុមណាមួយ រួមទាំងសិទ្ធិនយោបាយ។ ឯកងកម្លាំងប្រដាប់អាវុធ ដែលជាទូទៅត្រូវដាក់ពង្រាយនៅពេលមានបាតុកម្ម គួរមានការបន្ធូរបន្ថយ ឬមិនគួរប្រើប្រាស់កម្លាំងប្រឆាំងអ្នកតវ៉ាដោយសន្តិវិធីឡើយ។
ការអំពាវនាវនេះ កើតឡើងនៅពេលដែលមានការកើនឡើងនូវសន្ទុះចូលរួមរបស់ពលរដ្ឋ ក្នុងគម្រោងការចូលរួមបាតុកម្មជំទាស់លទ្ធផលឆ្នោត និងនៅពេលដែលរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមចល័តកងកម្លាំងប្រដាប់អាវុធចូលមកកាន់រាជធានីភ្នំពេញ។ ទិដ្ឋភាពនេះ ត្រូវអង្គការលើកលែងទោសអន្តរជាតិ មើលឃើញថា អាចនឹងមានអំពើហិង្សាណាមួយកើតឡើង ប្រសិនបើភាគីពាក់ព័ន្ធមិនបានចាត់វិធានការអោយបានទាន់ពេលវេលាទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
