ក្នុងខិត្តប័ណ្ណនោះបានសរសេរថា គណបក្សសង្គ្រោះជាតិ មានកិត្តិយសជូនដំណឹងដល់ប្រជាពលរដ្ឋជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា គណបក្សមានថវិកាឧបត្ថម្ភដល់បងប្អូនណាដែលបានចូលរួមធ្វើមហាបាតុកម្ម និងទទួលបានអាហារ ៣ពេល ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សម្រាប់អ្នកនៅតាមបណ្ដាខេត្តនានា នឹងទទួលបានប្រាក់ ២លានរៀល និងអាហារ ៣ពេលក្នុងម្នាក់ៗ នៅពេលដែលខ្លួនបានចូលរួមធ្វើបាតុកម្មនៅក្រុងភ្នំពេញ ថ្ងៃទី៧ កញ្ញា។ ប៉ុន្តែ មន្ត្រីអង្គការសង្គមស៊ីវិល ដែលបានទៅទទួលខិត្តប័ណ្ណពីសកម្មជនគណបក្សសង្គ្រោះជាតិ ថ្លែងថា បញ្ហានេះទំនងជនមិនស្គាល់មុខមានបំណងចង់មួលបង្កាច់ទម្លាក់កំហុសលើគណបក្សប្រឆាំង។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅក្រុងបាវិត ខេត្តស្វាយរៀង ថ្លែងបន្ទាប់ពីខ្លួនបានទទួលខិត្តប័ណ្ណពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកកំណើតរបស់ខ្លួន នៅសង្កាត់បាវិត ក្រុងបាវិត កាលពីរសៀលថ្ងៃទី៦ កញ្ញា។ ការចែកខិត្តប័ណ្ណនេះ ធ្វើឡើងស្របពេលដែលគណបក្សប្រឆាំងធ្វើមហាបាតុកម្មនៅរាជធានីភ្នំពេញ នៅថ្ងៃទី៧ កញ្ញា។
សកម្មជនគណបក្សសង្គ្រោះជាតិ ក្រុងបាវិត លោក យិន វ៉ាន់ឌឿន រស់នៅភូមិបាវិតលើ សង្កាត់បាវិត មានប្រសាសន៍នៅថ្ងៃទី៧ កញ្ញា ថា ជនមិនស្គាល់មុខបានយកខិត្តប័ណ្ណចែកប្រជាពលរដ្ឋ ដើម្បីមួលបង្កាច់គណបក្សសង្គ្រោះជាតិ នៅតាមចំណតរថយន្តនានាក្នុងទីក្រុងភ្នំពេញ។ លោកថា ប្រជាពលរដ្ឋបានទទួលខិត្តប័ណ្ណនៅម្ដុំចំណតរថយន្តផ្សារអូឡាំពិក ដែលមានខ្លឹមសារសំខាន់ក្នុងខិត្តប័ណ្ណ ដូចតទៅ៖ «ហើយបានដាក់សេចក្ដីជូនដំណឹងគណបក្សសង្គ្រោះជាតិ មានកិត្តិយសជម្រាបជូនដំណឹងដល់បងប្អូនជនរួមជាតិ និងយុវជនស្នេហាជាតិទាំងអស់ ដែលមានបំណងចូលរួមធ្វើមហាបាតុកម្ម ថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៣ ឲ្យបានជ្រាបថា គណៈកម្មការទទួលបន្ទុកហិរញ្ញវត្ថុ និងទទួលបន្ទុកចំណាយផ្សេងៗ បានគ្រោងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភដល់បងប្អូនដូចខាងក្រោម។ ១ ចំពោះបងប្អូនដែលមានទីលំនៅក្នុងរាជធានីភ្នំពេញ ផ្ដល់ជូនអាហារ ៣ពេលក្នុងម្នាក់ៗ។ ២ ចំពោះបងប្អូនមកពីបណ្ដាខេត្តក្រុងទូទាំង២៤ខេត្តក្រុង គេដាក់ក្នុងខ្លឹមសារចំនួន ២លានរៀល និងអាហារ ៣ពេល។ អាស្រ័យហេតុនេះ សូមបងប្អូនមេតាជ្រាបពីព័ត៌មាននេះ និងចូលរួមឲ្យបានច្រើនកុះករ»។
ក្នុងខ្លឹមសារសំបុត្រ បានសរសេរបន្ថែមទៀតថា ប្រជាពលរដ្ឋក៏អាចទាក់ទងតាមលេខទូរស័ព្ទរបស់អ្នកតំណាងដឹកនាំបាតុករ នៅតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា អ្នកតំណាងនៅខេត្តបាត់ដំបង កំពង់ចាម ព្រៃវែង និងអ្នកតំណាងនៅខេត្តស្វាយរៀង ជាដើម។ ភ្លាមៗនោះ លោកថា លោកបានប្ដឹងទៅអង្គការសង្គមស៊ីវិលប្រចាំខេត្តស្វាយរៀង ហើយនៅថ្ងៃទី៧ កញ្ញា ដើម្បីឲ្យអង្គការសង្គមស៊ីវិលបានដឹងឮ និងជួយដោះស្រាយរកយុត្តិធម៌ ដើម្បីការពារចំពោះការចោទប្រកាន់ទម្លាក់កំហុសរបស់ជនមិនស្គាល់មុខមកលើគណបក្សសង្គ្រោះជាតិ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិនណារ័ត្ន ថ្លែងបន្ទាប់ពីបានទទួលបណ្ដឹងតាមទូរស័ព្ទពីសកម្មជនគណបក្សសង្គ្រោះជាតិ រួចបានចុះស៊ើបអង្កេត ព្រមទាំងបានទទួលខិត្តប័ណ្ណផ្ទាល់ដៃពីប្រជាពលរដ្ឋ ហើយលោកបានធ្វើការសន្និដ្ឋានឲ្យដឹងថា ជនមិនស្គាល់មុខមានគោលបំណងអុកឡុកគណបក្សសង្គ្រោះជាតិ ក្នុងពេលធ្វើមហាបាតុកម្ម៖ «ខ្ញុំបានឃើញលិខិតហ្នឹងហើយ ខ្ញុំបានជួបអ្នកប្រជាពលរដ្ឋដែលនៅក្រុងបាវិត ហ្នឹងមិញ យើងយល់ឃើញថា លិខិតហ្នឹងធ្វើហ្នឹងក្នុងនាមមួយ ដើម្បីឲ្យមានភាពច្របូកច្របល់នៅក្នុងគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងលុយ។ ដោយសារគេប្រកាសហ្នឹង គេចែងដើម្បីឲ្យអ្នកដែលបានចូលរួមហ្នឹងទៅអុកឡុក ទៅធ្វើឲ្យខូចខាតបរិស្ថានទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅភ្នំពេញហ្នឹង»។
អង្គការសង្គមស៊ីវិល បង្ហាញថា ក្នុងខិត្តប័ណ្ណនេះ ជនមិនស្គាល់មុខបានសរសេរក្នុងនាមជាគណបក្សប្រឆាំង ដែលគេបានសរសេរបង្ខូច ដោយមានចុះហត្ថលេខារបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១១ កក្កដា ឆ្នាំ២០១៣ និងបានប្រកាសចេញនៅថ្ងៃទី២១ សីហា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
