មហាសន្និបាត​សភា​តំបន់​អាស៊ី​ប្ដេជ្ញា​លើក​កម្ពស់​ប្រជាធិបតេយ្យ​និង​តួនាទី​សភា

មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេ.ភី.អេ (APA) ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល ៤​ថ្ងៃ បាន​បិទ​បញ្ចប់​ទៅ​វិញ​ហើយ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ដោយ​បាន​ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ហៅ​ថា សេចក្តី​ថ្លែងការណ៍​ភ្នំពេញ។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ សមាជិក​សភា​មក​ពី​ប្រទេស​ចំនួន​២២ ដែល​បាន​ចូលរួម​មហាសន្និបាត​សភា​តំបន់​អាស៊ី ប្តេជ្ញា​គោរព​ទៅ​តាម​សេចក្ដី​សម្រេច​សំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន ការ​លើក​កម្ពស់​សន្តិភាព ការ​ផ្សះផ្សា និង​ការ​សន្ទនា តាម​រយៈ​ការ​ជំរុញ​លទ្ធិប្រជា ធិបតេយ្យ នីតិរដ្ឋ និង​តួនាទី​របស់​រដ្ឋសភា ការ​បញ្ចប់​អំពើ​ហិង្សា​ដើម្បី​ដោះស្រាយ​ជម្លោះ​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ ប្រឆាំង​រាល់​ទម្រង់​នៃ​អំពើ​ភេរវកម្ម ព្រម​ទាំង​ការ​អនុវត្ត​គោលដៅ​សហស្សវត្ស​ប្រកប​ដោយ​និរន្តរភាព​របស់​អង្គការ​សហប្រជាជាតិ​ជាដើម។

​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨ ធ្វើ​ឡើង​ក្រោម​ប្រធានបទ ការ​ជំរុញ​សន្តិភាព ការ​ផ្សះផ្សា និង​ការ​សន្ទនា​ក្នុង​តំបន់​អាស៊ី។ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ដែល​បាន​ចូល​រួម​ថ្លែង​បិទ​មហាសន្និបាត​បញ្ជាក់​ថា មូល​ហេតុ​ដែល​កម្ពុជា ជ្រើស​យក​ប្រធានបទ​នេះ ដោយសារ​កម្ពុជា ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​អស់​ជិត ៣​ទសវត្សរ៍ តែ​ទីបំផុត​សង្គ្រាម​នៅ​កម្ពុជា បាន​ផុត​រលត់​ទៅ​វិញ គឺ​កើត​ចេញ​ពី​ការ​ផ្សះផ្សា និង​ការ​សន្ទនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។