សភាស៊ើបសួរនៃសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១២ ខែ ធ្នូ សម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សនេះលោក អ៊ុក ពេជ្រសំណាង។ ជនជាប់ចោទទាំង២ហៅការសម្រេចនេះថា ជារឿងអយុត្តិធម៌។ ករណីនេះអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ការសម្រេចមិនដោះលែងអ្នកដែលកំពុងជាប់ឃុំក្នុងសំណុំរឿងអំពើហិង្សា កាលពីថ្ងៃទី១៥ ខែ កក្កដា គឺមានន័យថា ស្ថានភាពនយោបាយនៅកម្ពុជា មិនទាន់បានធូរស្រាលឡើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុណ្ណារ៉ា ដែលមិនពេញចិត្ត នឹងការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍បញ្ជាក់ថា លោក នឹងប្ដឹងសារទុក្ខ ទៅតុលាការកំពូលបន្តទៀត។
ការអះអាងនេះគឺបន្ទាប់ពីសភាស៊ើបសួរសម្រេចអោយលោក និងលោក អ៊ុក ពេជ្រសំណាង បន្តជាប់ក្នុងឃុំ នៅពន្ធនាគារព្រៃស ក្នុងសំណុំរឿងអំពើហិង្សានៅក្បែរស្ពាននាគ កាលពីថ្ងៃទី១៥ ខែ កក្កដា ។ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍សំអាងហេតុផលថា សំណុំរឿងនេះត្រូវចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបិទបញ្ចប់ការស៊ើបសួរហើយ ហេតុនេះការបន្តឃុំខ្លួនគឺដើម្បីរង់ចាំនីតិវិធីរបស់សាលាដំបូង។
ថ្លែងនៅក្នុងបរិវេណសាលាឧទ្ធរណ៍គឺនៅមុនពេលមុនពេលត្រូវបញ្ជូនទៅពន្ធនាគារវិញ លោក មាជ សុវណ្ណារ៉ា ចាត់ទុកការបន្តឃុំខ្លួនរូបលោក ថាជារឿងអយុត្តិធម៌ គឺជា ចេតនានយោបាយរបស់គណបក្សកាន់អំណាច។ លោកបន្តថា លោក ហ៊ុន សែន មានគំនុំនឹងរូបលោក ទើបមិនព្រមលែងរូបលោក ដូចតំណាងរាស្ត្រគណបក្ស និងមន្ត្រីមួយចំនួនទៀតក្នុងសំណុំរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ។ លោកទទូចអោយមេដឹកនាំគណបក្សសង្គ្រោះជាតិបន្តចរចានយោបាយជាមួយគណបក្សប្រជាជន ដើម្បីអោយរូបលោកបានរួចពីការឃុំឃាំង។

ចំណែកលោក អ៊ុក ពេជ្រសំណាង បានស្រែកខ្លាំងៗទៅកាន់អ្នកសារព័ត៌មាន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិថា លោកត្រូវជាប់ឃុំដោយអយុត្តិធម៌។ លោកថាលោកមិនខ្លាចស្លាប់ លោកពុំមានកំហុសអ្វីទេ។
មេធាវីការពារគឺលោក ជួង ជូងី ក៏បានចាត់ទុកករណីនេះជាជារឿងអយុត្តិធម៌ដែរ លោកហ្នឹងពិភាក្សាជាមួយកូនក្ដីរបស់លោក ដើម្បីធ្វើបណ្ដឹងសារទុក្ខ។
នៅខាងក្នុងបរិវេណ និងក្រៅរបងសាលាឧទ្ធរណ៍មានអ្នកតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណ៣០នាក់ បានទៅរង់ចាំស្ដាប់លទ្ធផលសវនាការ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការបន្តឃុំខ្លួនមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ បង្ហាញអោយឃើញថា បញ្ហានយោបាយនៅកម្ពុជាមិនទាន់ធូរស្រាលនៅឡើយ។ លោក កឹម សុខា អំពាវនាវអោយប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងអនុប្រធានគណបក្សប្រជាជន លោក ហ៊ុន សែន លើកយកបញ្ហាលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សនេះទៅដាក់លើតុចរចា។
មន្ត្រីគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា យុវជនគណបក្សម្នាក់ទៀតគឺលោក ទេព ណារិន និងសកម្មជន លោក អ៊ុក ពេជ្រសំណាង ត្រូវតុលាការឃុំខ្លួនជាបន្តបន្ទាប់ ដោយចោទប្រកាន់ពីបទញុះញង់ ផ្ដួចផ្ដើមគំនិតអោយមានអំពើហិង្សា កុបកម្ម និងអំពើហិង្សាដោយចេតនានៅក្បែរស្ពាននាគជិតទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែ កក្កដា នៅពេលមានការតវ៉ាដោះលែងទីលានប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។