អាជ្ញាធរអប្សរា ជំរុញឲ្យគណបក្សសង្គ្រោះជាតិ ដាក់សំណើទៅអាជ្ញាធរនេះឲ្យបានឆាប់រហ័ស ចំពោះគម្រោងធ្វើពិធីបួងសួងតាមបែបព្រះពុទ្ធសាសនានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា កាលពីថ្ងៃទី១៧ ខែមិថុនា លើកឡើងថា អាជ្ញាធរមានតួនាទីការពារ អភិរក្ស និងរៀបចំតំបន់អង្គរជាបេតិកភណ្ឌពិភពលោក។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏មានតួនាទីធានាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងចៀសវាងផលប៉ះពាល់គ្រប់ពិធី ដោយរួមទាំងពិធីសាសនាផង។ សេចក្ដីប្រកាសដដែលនោះបញ្ជាក់ទៀតថា អាជ្ញាធរព្រួយបារម្ភពីបញ្ហាដែលអាចកើតឡើងជាយថាហេតុ ដែលកើតចេញពីពិធីដែលពុំមានការអនុញ្ញាត និងមិនមានអ្នកសម្របសម្រួលពីអាជ្ញាធរអប្សរា។
អាជ្ញាធរសង្ឃឹមថា នឹងបានការសហការល្អដើម្បីប្រារព្ធរៀបចំពិធីក្នុងបំណងធានាសណ្ដាប់ធ្នាប់ ចៀសវាងផលប៉ះពាល់ទៅលើបេតិកភណ្ឌពិភពលោកមួយនេះ។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែមិថុនា បានប្រកាសថា នឹងធ្វើពិធីបួងសួងតាមបែបសាសនានៅខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ដោយមើលឃើញថា ការដោះស្រាយតាមយន្តការប្រព័ន្ធរដ្ឋមួយចំនួនពុំអាចជួយដោះស្រាយបញ្ហាដែលបក្សនេះកំពុងជួបប្រទះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
