អាជ្ញាធរ​អប្សរា​ចោទ​លោក សុន ឆ័យ ជា​ថ្មី​ថា​និយាយ​កុហក​រឿង​ចំណូល​បាន​ពី​អង្គរវត្ត

0:00 / 0:00

អាជ្ញាធរ​ជាតិ​អប្សរា ចោទ​ប្រកាន់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ជា​ថ្មី​ថា​និយាយ​ភូត​កុហក​សាធារណជន ជុំវិញ​រឿង​ចំណូល​បាន​មក​ពី​អង្គរវត្ត។ អាជ្ញាធរ​ជាតិ​អប្សរា លើក​ឡើង​ថា ការ​មួលបង្កាច់​ការ​ពិត​របស់ លោក សុន ឆ័យ នេះ​គឺ​មាន​ពុតត្បុត និង​មាន​ចរិត​នយោបាយ។

នេះ គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា ចេញ​លិខិត​បំភ្លឺ​ចោទ​ប្រកាន់ លោក សុន ឆ័យ តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ថា​បន្ត​និយាយ​ភូត​កុហក​អំពី​បេសកកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

ក្នុង​សេចក្តី​បំភ្លឺ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៨ មករា បញ្ជាក់​ថា ការ​លើក​ឡើង​របស់ លោក សុន ឆ័យ អំពី​ការ​កិបកេង​បំបាត់​ថវិកា​ជាតិ​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ និង​អំពី​ការ​ជួល​ដី​បុរី​វប្បធម៌ និង​ទេសចរណ៍ ទៅ​ឲ្យ​ក្រុមហ៊ុន សុខា អូតែល ដែល​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ប្រាក់​ពី​ការ​បង់​ថ្លៃ​ឈ្នួល​ដី​នោះ ថា​គ្មាន​អំណះអំណាង​អ្វី​ជា​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ឡើយ។

អាជ្ញាធរ​ជាតិ​អប្សរា អះអាង​ថា ការ​លើក​ឡើង​របស់ លោក សុន ឆ័យ ម្តង​ហើយ​ម្តង​ទៀត​នេះ ថា​ជា​ការ​ចិញ្ចឹម​ចិត្ត​មួលបង្កាច់​ការ​ពិត និង​បំផ្លើស​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្យានុភាព និង​ភាព​ត្រឹមត្រូវ​ក្នុង​ការ​បំពេញ​បេសកកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណារិទ្ធ មាន​ប្រសាសន៍​បន្ថែម​ទៅ​លើ​សេចក្តី​បំភ្លឺ​ថា នៅ​ពេល​លោក​ជួប​ប្រជុំ​ជាមួយ លោក សុន ឆ័យ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រគល់​ឯកសារ​អំពី​ទិន្នន័យ និង​ស្ថិតិ​ដែល​លោក​បាន​មក​ពី​ក្រសួង​ទេសចរណ៍ ឲ្យ​ទៅ លោក សុន ឆ័យ រួច​អស់​ហើយ ហើយ​លោក​ក៏​បាន​ធ្វើ​បទ​បង្ហាញ​ដល់ លោក សុន ឆ័យ ទៀត​ផង។ លោក​ថា​នៅ​ទីបំផុត ស្រាប់​តែ លោក សុន ឆ័យ បាន​និយាយ​ផ្ទុយ​ពី​តួលេខ​ដែល​ប្រគល់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​វិញ។

លោក ប៊ុន ណារិទ្ធ បង្ហាញ​ភាព​ងឿងឆ្ងល់​ថា មិន​ដឹង​ជា លោក សុន ឆ័យ បាន​តួលេខ​មក​ពី​ណា​នោះ​ទេ។ លោក​ថា ចំណែក​តួលេខ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​បាន គឺ​មាន​ការ​ផ្ទៀងផ្ទាត់ ត្រួត​ពិនិត្យ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ដែល​កត់ត្រា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ចូល​មក​តាម​ច្រក​ព្រំដែន​ត្រឹមត្រូវ។

អាជ្ញាធរ​ជាតិ​អប្សរា អះអាង​ថា ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​អង្គរវត្ត​ក្នុង​រយៈពេល ១០​ខែ​ឆ្នាំ​២០១៤ គឺ​មាន​ចំនួន​ប្រមាណ​ជាង ១​លាន ៦​សែន​នាក់ និង​មាន​ចំណូល​សរុប​ជាង ៤៧​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៣ ភ្ញៀវ​ចូល​ទស្សនា​អង្គរវត្ត​មាន​ប្រមាណ​ជាង ២​លាន​នាក់ និង​មាន​ចំណូល​សរុប​ជាង ៥៧​លាន​ដុល្លារ។ អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​បន្ថែម​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​នោះ ភ្ញៀវ​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ត​ក្នុង​តម្លៃ ២០​ដុល្លារ​មាន ៥៩% នៅ​ឆ្នាំ​២០១៣ និង ៥៨% នៅ​ឆ្នាំ​២០១៤។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី លោក សុន ឆ័យ បាន​ទេ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លោក​កំពុង​បំពេញ​បេសកកម្ម​នៅ​បរទេស។ យ៉ាង​ណា​ក៏ដោយ លោក សុន ឆ័យ ធ្លាប់​អះអាង​ថា នៅ​ឆ្នាំ​២០១៤ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​អង្គរវត្ត​មាន​យ៉ាង​តិច​ជាង ៣​លាន​នាក់ ហើយ​ភាគ​ច្រើន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​ក្នុង​តម្លៃ ៤០​ដុល្លារ​ក្នុង​ម្នាក់។

ជុំវិញ​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ យល់​ឃើញ​ថា ការ​ឆ្លើយ​ឆ្លង​គ្នា​តាម​រយៈ​សេចក្តី​ថ្លែងការណ៍ ឬ​លិខិត​បំភ្លឺ​ដូច​នេះ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ គឺ​វា​ទាមទារ​ឲ្យ​មាន​ការ​ជជែក​គ្នា​ស៊ី​ជម្រៅ​ឲ្យ​បាន​ច្បាស់​លាស់។ លោក​បន្ត​ថា អ្វី​ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​សិក្សា​ដេញ​ដោល​នេះ វា​មិន​មែន​ជា​ការ​កេង​ចំណេញ​នយោបាយ​អ្វី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​កំពុង​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ធ្វើ​ឲ្យ​មាន​គណនេយ្យ​ភាព​ទាក់ទង​ចំណូល​របស់​ជាតិ​ប៉ុណ្ណោះ។

លោក សន ជ័យ មាន​ប្រសាសន៍​ថា ជា​ដំណោះស្រាយ គេ​គួរ​តែ​យក​បញ្ហា​ចំណូល​ពី​អង្គរវត្ត​ធ្វើ​ជា​របៀបវារៈ​ប្រជុំ​ប្រចាំ​ឆ្នាំ និង​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ។ លោក​ថា ពេល​នោះ​តម្លាភាព​នឹង​ត្រូវ​បាន​គេ​មើល​ឃើញ។

លោក សន ជ័យ មាន​ប្រសាសន៍​ថា កង្វះ​យន្តការ​តម្លាភាព​ក្នុង​បញ្ហា​ចំណូល​ជាតិ​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ដែល​ជា​ម្ចាស់​ប្រាសាទ​អង្គរវត្ត ចេះ​តែ​នៅ​បន្ត​មាន​មន្ទិល​សង្ស័យ​មិន​ឈប់​ឈរ​អំពី​បញ្ហា​នេះ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា អះអាង​ថា ពួក​គេ​បន្ត​ស្វាគមន៍​ជួប​ជាមួយ​សមាជិក​សភា​ដើម្បី​ជជែក​អំពី​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។