រដ្ឋសភា​បដិសេធ​មិន​ទទួល​លិខិត​ឲ្យ​អន្តរាគមន៍​លុប​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥

0:00 / 0:00

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ទាមទារ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ទាំង ១២៣​រូប​នៅ​ក្នុង​រដ្ឋសភា ជំរុញ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ឲ្យ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​រវាង​កម្ពុជា និង​វៀតណាម ឆ្នាំ​២០០៥។

ក្រុម​ប្រឹក្សា​នេះ​យល់​ឃើញ​ថា សន្ធិសញ្ញា​ព្រំដែន​មួយ​នេះ មាន​ភាព​មិន​ស្មើ​គ្នា និង​បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​បូរណភាព​ទឹក​ដី​ទៅ​ខាង​ភាគី​ប្រទេស​វៀតណាម។

រដ្ឋសភា បាន​បដិសេធ​មិន​ទទួល​លិខិត​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ដាក់​ជូន​អ្នក​តំណាង​រាស្ត្រ​ចំនួន ១២៣​រូប ឲ្យ​អន្តរាគមន៍​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​រវាង​កម្ពុជា និង​វៀតណាម។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ក្រុម​ការងារ​របស់​លោក បាន​យក​លិខិត​ចំនួន ១២៣​ច្បាប់ ផ្ញើ​តាម​មន្ត្រី​រដ្ឋបាល​រដ្ឋសភា ដើម្បី​បញ្ជូន​លិខិត​នេះ​ទៅ​អ្នក​តំណាង​រាស្ត្រ​ទាំង ១២៣​រូប ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ច្រាន​ចោល ហើយ​តម្រូវ​ឲ្យ​ក្រុម​ការងារ​លោក ធ្វើ​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៅ​អគ្គលេខាធិការ​រដ្ឋសភា និង​មាន​ការ​សម្រេច ទើប​មន្ត្រី​នោះ​ហ៊ាន​ទទួល​លិខិត​នេះ។

លោក រ៉ុង ឈុន ព្រមាន​ថា លោក​នឹង​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ អំពី​ការ​ប្រមូល​ផ្ដុំ​នៅ​មុខ​សភា ឲ្យ​អ្នក​តំណាង​រាស្ត្រ​ចេញ​មក​ទទួល​លិខិត​របស់​ពួក​គាត់៖ «ខាង​រដ្ឋបាល​រដ្ឋសភា ក៏ដូចជា​អគ្គលេខាធិការ​រដ្ឋសភា នៅ​តែ​មិន​ទទួល។ ខ្ញុំ​នឹង​មាន​ការ​ប្រមូល​ផ្ដុំ ហើយ​យើង​នឹង​ទៅ​ស្រែក​នៅ​មុខ​រដ្ឋសភា​ហ្នឹង​តែ​ម្ដង។ ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ប្រមូល​ផ្ដុំ​អី​ទេ។ យើង​គ្រាន់​តែ​លិខិត​ទៅ​តាម​បែបបទ​រដ្ឋបាល​ទៅ បាន​ជា​ខ្ញុំ​ព្រឹក​មិញ​ហ្នឹង ខ្ញុំ​គ្រាន់​តែ​ធ្វើ​សន្និសីទ​កាសែត​ឲ្យ​ក្រុម​ការងារ​របស់​ខ្ញុំ​យក​ទៅ​ដាក់។ ខ្ញុំ​គិត​ថា វា​ចប់​សព្វគ្រប់​ហើយ បើ​សិន​ជា​នៅ​តែ​មិន​ទទួល​ទេ យើង​នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ហ្នឹង ស្រែក​ថ្លែងការណ៍​ទៅ​កាន់​រដ្ឋសភា»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​រដ្ឋសភា លោក អិច សំអុល មាន​ប្រសាសន៍​ដោយ​ខ្លី​ថា គឺ​ជា​ការ​ទាមទារ​ឲ្យ​គោរព​តាម​លក្ខខណ្ឌ​រដ្ឋបាល​តែ​ប៉ុណ្ណោះ៖ «ញត្តិ​អី​យើង​ទទួល ប៉ិន​នេះ​គាត់​ដាក់​ទៅ​អ្នក​តំណាង​រាស្ត្រ អ៊ីចឹង​ឲ្យ​គាត់​ធ្វើ​លិខិត​រដ្ឋបាល​មក​ថ្នាក់​ដឹក​នាំ សុំ​ការ​អនុញ្ញាត​ពី​មេ​កើយ​មក អា​ហ្នឹង​ខ្ញុំ​ដាក់​ជូន»

ទាក់ទង​បញ្ហា​នេះ​ដែរ អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ឆ្លើយ​បែប​បញ្ចើច​ថា លិខិត​ចំហ​បែប​នេះ ដាក់​ផ្សាយ​តាម​កាសែត​ទៅ​វា​ចប់​បាត់​ទៅ​ហើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា ក្រុម​នេះ​ត្រូវ​ធ្វើ​លិខិត​បញ្ជូន​មក​លោក​មួយ​ច្បាប់​សិន៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ទេ​អា​រឿង​ហ្នឹង ព្រោះ​រដ្ឋាភិបាល​បាន​ពន្យល់​មិន​ដឹង​ជា​ប៉ុន្មាន​ដង​ទៅ​ហើយ ធ្វើ​អី​ទេ​អា​សន្ធិសញ្ញា​ហ្នឹង មែន​ទែន​ទៅ គឺ​ខាង​រដ្ឋាភិបាល​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ហើយ​ស៊ីញេ​រួច​ទៅ​ហើយ​ហ្នឹង»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​មួយ​អំពី​ជំហរ​របស់​ខ្លួន និង​ក្រុម​យុវជន និស្សិត​មួយ​ចំនួន ដែល​ចង់​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​វៀតណាម ឆ្នាំ​១៩៨៥ ដែល​រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ បាន​ផ្ដល់​សច្ចាប័ន​អំឡុង​ថ្ងៃ​ទី​១០ ខែ​តុលា ដល់​ថ្ងៃ​ទី​៣១ ខែ​វិច្ឆិកា ឆ្នាំ​២០០៥។ ការ​ស្នើ​នេះ គឺ​ដើម្បី​ធានា​នូវ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹក​ដី។

លិខិត​ចំហ​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​សរសេរ​ថា បន្ទាប់​ពី​ផ្ដល់​សច្ចាប័ន និង​ប្រកាស​ឲ្យ​ប្រើប្រាស់​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​រវាង​កម្ពុជា និង​វៀតណាម ឆ្នាំ​២០០៥ នោះ​មក ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​បោះ​បង្គោល​តាម​បណ្ដោយ​ព្រំដែន​រួម​គ្នា។ ប៉ុន្តែ​រាល់​ការ​បោះ​បង្គោល​នោះ ភាគ​ច្រើន​ចូល​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​ភាគី​វៀតណាម តែង​តែ​គំរាម​កំហែង និង​យក​ដី​ស្រែ​ចម្ការ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់។

រាល់​ការ​រិះគន់​ចំៗ​ពី​បញ្ហា​ព្រំដែន អ្នក​ទាំង​នោះ​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។ កាល​ពី​ឆ្នាំ​២០០៥ សកម្មជន​ជា​ច្រើន​រូប ដូចជា លោក ម៉ម សូណង់ដូ លោក រ៉ុង ឈុន ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ជាច្រើន​ខែ ពី​បទ​ញុះញង់ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​សកម្មជន​យុវជន​មួយ​ចំនួន​ទៀត ក៏​ត្រូវ​រត់​ទៅ​ក្រៅ​ប្រទេស​គេច​ពី​ដីកា​របស់​តុលាការ​ផង​ដែរ។

ឯកសារ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​បារាំង បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​បាត់​បង់​ព្រំដែន​គោក​ចន្លោះ​ពី ៤​ពាន់​គីឡូម៉ែត្រ​ក្រឡា ទៅ ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា។ ព្រំដែន​ទឹក ក៏​មាន​ការ​បាត់​បង់​ប្រមាណ ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ទៅ​វៀតណាម រួម​ទាំង​កោះត្រល់ ផង។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​អះអាង​ថា រដ្ឋាភិបាល​សព្វថ្ងៃ​មិន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។