អូស្ត្រាលី​គ្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​១​ពាន់​នាក់​មក​កម្ពុជា

រដ្ឋាភិបាល​អូស្ត្រាលី (Australia) កំពុង​រៀប​ចំ​បែបបទ​ឯកសារ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​ណូរូ (Nauru) ១​ពាន់​នាក់ មក​ជ្រកកោន​នៅ​កម្ពុជា។

គេហទំព័រ​សារព័ត៌មាន​អូស្ត្រាលី អនឡាញ ឈ្មោះ​ថា ញូវស៍​ដុត​ខម​ដុត​អូស (News.com.au) ផ្សាយ​ថ្ងៃ​ទី​១៤ សីហា ថា កិច្ចព្រមព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា​នេះ ភាគី​ទាំង​ពីរ អូស្ត្រាលី​និង​កម្ពុជា ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រាង​គ្នា​ជា​ចុង​បញ្ចប់​ហើយ។ តែ​មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី បាន​បដិសេធ​នៅ​សប្ដាហ៍​នេះ។

សារព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា គម្រោង​រៀបចំ​បញ្ជូន​ជន​ភៀសខ្លួន​របស់​រដ្ឋាភិបាល​អូស្ត្រាលី មក​កម្ពុជា​នេះ ធ្វើ​ឡើង​ដោយ​អាថ៌កំបាំង និង​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​គួរ​ទទួល​ជន​ភៀស​ខ្លួន​ទាំង​នោះ​ទេ ព្រោះ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង បាន​នៅ​ថ្ងៃ​ទី​១៤ សីហា សុំ​ការ​បញ្ជាក់​ព័ត៌មាន​នេះ។ តែ​កន្លងមក​លោក​ធ្លាប់​បញ្ជាក់​ថា ​ភាគី​កម្ពុជា មិន​ទាន់​សម្រេច​យល់​ព្រម​ទទួល​ជន​ភៀស​ខ្លួន​ទាំង​នោះ តាម​សំណើ​របស់​ភាគី​អូស្ត្រាលី​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។