ដំណើរ​វិវត្តន៍​នៃ​ការ​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី

0:00 / 0:00

សង្គម​ស៊ីវិល​បន្ត​រិះគន់​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី ស្តីពី​ការ​ទទួល​ជនភៀសខ្លួន​ឲ្យ​មក​រស់​នៅ​កម្ពុជា។ ប្រតិកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូនី អាប៊ត (Tony Abbott) នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា។ លោក ហ៊ុន សែន សន្យា​ថា កម្ពុជា​មិន​ប្តូរ​ជំហរ​ឡើយ​ក្នុង​ការ​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី។

​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូនី អាប៊ឺត មិន​ខ្វល់​ទេ​ចំពោះ​ប្រតិកម្ម​ទាំង​អម្បាលម៉ាន​ដែល​ជំទាស់​មិន​ឲ្យ​អូស្ត្រាលី បញ្ជូន​ជនភៀសខ្លួន​មក​នៅ​ប្រទេស​កម្ពុជា នោះ។ ភាគី​ទាំង​ពីរ​ថែម​ទាំង​ប្តេជ្ញា​ថា នឹង​អនុវត្ត​ខ្លឹមសារ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។ មន្ត្រី​សង្គម​ស៊ីវិល​និង​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា កិច្ច​ព្រមព្រៀង​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ជា​កិច្ច​ព្រមព្រៀង​រំលោភ​សិទ្ធិ​មនុស្ស និង​ច្បាប់​អន្តរជាតិ។

ប្រធាន​បណ្តាញ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ លោក ម៉ៅ ពិសេស ដែល​ធ្លាប់​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋ​សភា​ជំទាស់​មិន​ឲ្យ​ទទួល​ជនភៀសខ្លួន​នោះ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រង​ទុក្ខ​វេទនា​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន រួម​មាន សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​ដីធ្លី និង​លំនៅឋាន​ជាដើម។

លោក​បន្ត​ថា ជនភៀសខ្លួន​ដែល​នឹង​បញ្ជូន​មក​ស្នាក់​នៅ​ស្រុក​ខ្មែរ ក៏​ប្រហែល​ជា​មាន​ វាសនា​មិន​ខុស​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។ លោក​បញ្ជាក់​ថា ការ​សម្រេច​នេះ​ត្រូវ​យក​មតិ​យោបល់​ពី​ប្រជាពលរដ្ឋ​ជា​មុន​ សិន៖ «ចាំ​ឃ្លាំមើល​ថែម​ទៀត​ថា យើង​នឹង​វិវត្តន៍​ទៅ​យ៉ាង​ម៉េច យើង​សង្ឃឹម​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​កាន់​តែ​ខូច​មុខ​មាត់​ថែម​ទៀត។ សូម​អំពាវនាវ​ឲ្យ​មតិ​ជាតិ​អន្តរជាតិ​ជួយ​ថ្កោលទោស​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ទាំង​ពីរ»

លោក ម៉ៅ ពិសេស មាន​គម្រោង​ជួប​សមាជិក​ព្រឹទ្ធសភា​មក​គណបក្ស​ហ្គ្រីន (Green) ដែល​ជា​បក្ស​រឆាំង​របស់​ប្រទេស​អូស្ត្រាលី (Australia) អ្នកស្រី សារ៉ាស ហាន់​សុន យ៉ុង (Sarah Hanson-Young) ក្នុង​ពេល​ដែល​អ្នកស្រី​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ខាង​មុខ។ លោក​នឹង​នាំ​ស្ត្រី​អ្នក​នយោបាយ​អូស្ត្រាលី​រូប​នេះ ទៅ​មើល​ស្ថានភាព​ជីវភាព​របស់​រាស្ត្រ​នៅ​តំបន់​បុរី​កីឡា និង​តំបន់​មួយ​ចំនួន​ទៀត ដើម្បី​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​មាន​សមត្ថភាព​ពេញ​លេញ​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរ​រក្សា​រាស្ត្រ​ខ្លួន​ឯង​ឡើយ។ ហេតុនេះ កម្ពុជា​ក៏​មិន​មាន​សមត្ថភាព​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​ដែរ។

​ចំណែកឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី ព្រោះ​ទង្វើ​នេះ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស។

លោក​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ជុំវិញ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្លួន​ឯង និង​ធ្វើ​ឲ្យ​អាប់​មុខ​ប្រទេស​ជាតិ​លើ​ឆាក​អន្តជាតិ​នោះ៖ «អ្នក​ណា​ជា​អ្នក​សម្រេច​អ្នក​ហ្នឹង​ជា​អ្នក​ទទួល​ខុសត្រូវ​ហើយ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ។ យើង​មិន​ត្រូវ​ធ្វើ​អ្វី​តាម​តែ​នឹក​ឃើញ​ដោយ​មិន​យក​យោបល់​រាស្ត្រ​ជា​ធំ​ឡើយ»

​ទោះ​ជា​បែបណា​ក្តី អ្នក​នាំ​ពាក្យ​ជំនួប​រវាង​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី គឺ​លោក កៅ គឹមហួន បញ្ជាក់​ថា​ ភាគី​កម្ពុជា​និង​អូស្ត្រាលី បាន​ព្រមព្រៀងគ្នា​ជា​នយោបាយ​រួច​ហើយ ប៉ុន្តែ​ភាគី​ទាំង​ពីរ​ត្រូវ​សិក្សា​លើ​ផ្នែក​បច្ចេកទេស​ថែម​ទៀត។ លោក​បន្ត​ថា លោក ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អូស្ត្រាលី នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ស្វែង​រក​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​ស្វែង​យល់​លំអិត​ពី​បញ្ហា​ជនភៀសខ្លួន​នោះ​បន្ថែម​ទៀត។

​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​បញ្ហា​ជនភៀសខ្លួន​នេះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។ ជា​ថ្នូរ​នឹង​កិច្ច​ព្រមព្រៀង​នេះ អូស្ត្រាលី​សន្យា​ជួយ​ចិញ្ចឹម​ជនភៀសខ្លួន​ដែល​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​កម្ពុជា រយៈពេល​១​ឆ្នាំ​ដំបូង និង​ផ្តល់​ប្រាក់​ជំនួយ​ឲ្យ​កម្ពុជា លើ​វិស័យ​ផ្សេងៗ​ទៀត​ក្នុង​១​ឆ្នាំៗ ៤០​លាន​ដុល្លារ។ កាសែត​អូស្ត្រាលី ផ្សាយ​ថា ប្រទេស​នេះ​ត្រូវ​ចំណាយ​ប្រាក់​១​ឆ្នាំៗ ៤០០​លាន​ដុល្លារ ដើម្បី​ចិញ្ចឹម​ជនភៀសខ្លួន​ដែល​បម្រុង​បញ្ជូន​មក​កម្ពុជា​នេះ។ មួយ​វិញ​ទៀត ជនភៀសខ្លួន​មួយ​ចំនួន​បាន​សរសេរ​បដា​ដោយមាន​ខ្លឹមសារ​ថា ពួកគេ​សុខចិត្ត​ស្លាប់​បើសិនជា​ត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។