រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី (Australia) អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) នឹងអញ្ជើញមកធ្វើទស្សនកិច្ចកម្ពុជា នៅថ្ងៃ២១ និងថ្ងៃទី២២ កុម្ភៈ ចុងសប្ដាហ៍នេះ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី១៧ កុម្ភៈ បានហៅទស្សនកិច្ចនេះថា ជាទស្សនកិច្ចការងារ ហើយអ្នកស្រីនឹងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជួបលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ចំណែកអ្នកស្រី ជូលី ប៊ីហ្សប បានសរសេរនៅក្នុងសសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអូស្ត្រាលីថា ទស្សនកិច្ចនៅកម្ពុជា គឺជាដំណើរទស្សនកិច្ចរបស់អ្នកស្រីក្នុងបណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងកិច្ចគម្រប់ខួប ៤០ឆ្នាំ រវាងទំនាក់ទំនងអូស្ត្រាលីនិងអាស៊ាន។
អ្នកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រីនឹងផ្ដោតលើវិស័យពាណិជ្ជកម្ម វិនិយោគ សិក្សាធិការ និងសន្តិសុខក្នុងតំបន់ ដែលជាចំណុចអាទិភាពក្នុងកិច្ចពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា រួមទាំងជាមួយប្រទេសសមាជិកអាស៊ានខ្លះទៀត ដូចជា ម៉ាឡេស៊ី (Malaysia) វៀតណាម (Vietnam) និងហ្វីលីពីន (Philippines)។
ដោយឡែកចំពោះកម្ពុជាវិញ អ្នកស្រីបន្ថែមថា អ្នកស្រីនឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនដើម្បីពិភាក្សាទ្វេភាគីលើចំណុចគន្លឹះមួយចំនួនថែមទៀត ចំពោះកម្មវិធីជំនួយអភិវឌ្ឍរបស់អូស្ត្រាលីនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
