អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​រង​ការ​ចោទ​ថា​លំអៀង​ទៅ​បក្ស​កាន់​អំណាច

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល = Comfrel) បាន​អះអាង​ថា នៅ​រាល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ម្ដងៗ គេ​តែង​ឃើញ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​រដ្ឋាភិបាល និង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន បាន​ប្រើប្រាស់​តួនាទី​លំអៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច។

0:00 / 0:00

ដំណើរ​ការ​បោះឆ្នោត​មួយ​ដែល​សេរី និង​យុត្តិធម៌​ទៅ​បាន លុះ​ណា​តែ​មន្ត្រី​រដ្ឋាភិបាល​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​អព្យាក្រឹត ប៉ុន្តែ​ប្រសិន​បើ​អ្នក​បោះឆ្នោត​នៅ​តែ​ភ័យ​ខ្លាច​នោះ គឺ​មិន​មែន​ជា​ទ្រឹស្ដី​នៃ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ភូមិ​ទួលមានជ័យ ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ បាន​អះអាង​ថា ពួក​គេ​បាន​បោះបង់​ចោល​ឱកាស​ទៅ​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត សម្រាប់​ចូលរួម​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខាង​មុខ​នេះ ដោយសារ​តែ​អាជ្ញាធរ​ភូមិ ឃុំ មាន​ការ​បង្ខំ​ឱ្យ​គាំទ្រ​គណបក្ស​កាន់​អំណាច។

ក្រុម​អ្នក​ភូមិ​ទាំង​នោះ បាន​ចោទ​ប្រកាន់​មេ​ភូមិ​ថា មិន​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត ទៅ​ឱ្យ​អ្នក​ណា​ដែល​គេ​ដឹង​ថា​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​ទួលមានជ័យ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ក្នុង​ចំណោម​អ្នក​ភូមិ​មួយ​ចំនួន​ទៀត គាត់​បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី៨ ខែ​មេសា មេ​ភូមិ​របស់​គាត់​ឈ្មោះ ប៊ូ ឆន បាន​ទៅ​ប្រមូល​ប្រជាពលរដ្ឋ​ប្រជុំ ដើម្បី​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត ក៏ប៉ុន្តែ ប្រធាន​ភូមិ​នោះ​បាន​បញ្ជាក់​ថា គេ​ធ្វើ​ឱ្យ​តែ​ប្រជាពលរដ្ឋ​ណា​ដែល​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អ្នក​ដែល​បាន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ទាំង​នោះ នឹង​ត្រូវ​គេ​នាំ​ទៅ​ឱ្យ​ផឹក​ទឹក​សម្បថ​នៅ​ពេល​ខាង​មុខ។

បុរស​អ្នក​ភូមិ​ដដែល បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ឮ​មេ​ភូមិ​ប្រជុំ​ដូច្នេះ បាន​ធ្វើ​ឱ្យ​រូប​គាត់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត បាន​ថយ​ចេញ​ពី​ប្រជុំ ដោយ​សម្រេច​ចិត្ត​មិន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​ទេ៖ «ពេល​គេ​ថា​ឱ្យ​ទៅ​ធ្វើ​អីចឹង ខ្ញុំ​ទៅ​ដែរ ដល់​ពេល​មេ​ភូមិ​គាត់​ថា ធ្វើ​ប័ណ្ណ​បោះឆ្នោត​រួច​ស្មោះ និង​គណបក្ស​ប្រជាជន​ហ្នឹង ឱ្យ​ទៅ​ផឹក​ទឹក​សម្បថ​នៅ​ឯ​វត្ត​ពពេល ខ្ញុំ​អត់​បាន​ចុះ​ឈ្មោះ​ធ្វើ​ប័ណ្ណ​បោះឆ្នោត​ទេ។ ប្រជាជន​ឯណា​មាន​ពេល​ទៅ​ផឹក​ទឹក​សម្បថ​ឯណា​បើ​ពី​វត្ត​ពពេល មក​វត្ត​ទួលមានជ័យ ហ្នឹង​ចម្ងាយ ១២​គីឡូម៉ែត្រ​ឯណោះ​ហ្នឹង។ ប្រជាជន​ភាគ​ច្រើន គេ​ត្រឡប់​មក​វិញ គេ​អត់​បាន​ធ្វើ​តែ​ម្ដង»

ចំណែក​ស្ត្រី​ម្នាក់​ទៀត​ជា​អ្នក​ភូមិ​ទួលមានជ័យ ដែរ បាន​មាន​ប្រសាសន៍​ថា មេ​ភូមិ​របស់​គាត់​មាន​សៀវភៅ​មួយ​ក្បាល ហើយ​ដើរ​ប្រមូល​យក​រូបថត​ទំហំ ៤X៦ និង​អត្តសញ្ញាណ​ប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ខ្លះ​ទៅ​ធ្វើ​ជា​លិខិត​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត ក៏ប៉ុន្តែ មេ​ភូមិ​បាន​បញ្ជាក់​ថា ការ​ធ្វើ​នេះ​គឺ​មាន​សម្រាប់​តែ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ទេ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ប៊ូ ឆន ដែល​ជា​ប្រធាន​ភូមិ​ទួលមានជ័យ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ទាំង​នោះ​បាន​នៅ​ឡើយ។ ចំពោះ​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ វិញ បាន​បញ្ជាក់​ថា គេ​ពុំ​ទាន់​ដឹង​បញ្ហា​នោះ​ទេ។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ លោក ជីង សំភួ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មិន​ទាន់​មាន​មន្ត្រី​គណៈកម្មការ​រៀបចំ​ការងារ​បោះឆ្នោត​ចូល​ធ្វើ​ការ​តាម​តួនាទី​នៅ​ឡើយ​ទេ គឺ​មាន​តែ​ត្រឹម​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ប៉ុណ្ណោះ។ ដូច្នេះ បញ្ហា​ទាំងអស់​នោះ គឺ​មិន​ទាន់​មាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​តាម​ដាន​នៅ​ឡើយ៖ «ចាំ​ដល់​ពេល​ដំណាក់​កាល​ជាប់​ជា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ហើយ អា​ហ្នឹង​បាន​យើង​តាម​ដាន​ស្ដីពី​សកម្មភាព​រឿង​ហ្នឹង។ ពេល​បច្ចុប្បន្ន​ហ្នឹង ទោះ​បី​ជា​គេ​ចាក់​មេក្រូ​ឃោសនា ទោះ​បី​គេ​ចាក់​មេក្រូ​ស្អីៗ ជា​រឿង​របស់​គេ។ វា​មិន​ទាន់​ដល់​ដំណាក់​កាល​ដែល​យើង​ត្រូវ​អនុវត្តន៍​ផ្លូវ​ច្បាប់​នៅ​ឡើយ»

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត និង​ការពារ​សិទ្ធិ​មនុស្ស បាន​ហៅ​ទង្វើ​របស់​អាជ្ញាធរ​ដែល​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​នោះ​ថា វា​អាច​ធ្វើ​ឱ្យ​អ្នក​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ខែ​កក្កដា ខាង​មុខ គឺ​កាន់​តែ​មាន​ការ​ភ័យ​ខ្លាច។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា ការ​ដែល​អាជ្ញាធរ​ភូមិ ឃុំ ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​ឱ្យ​តែ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ហើយ​មាន​គម្រោង​បង្ខំ​ឱ្យ​គេ​ផឹក​ទឹក​សម្បថ​ផង​នោះ គឺ​ជា​ការ​បំភិត​បំភ័យ​ខុស​ពី​ច្បាប់​បោះឆ្នោត។ អង្គការ​អាដហុក មាន​គម្រោង​នឹង​ចុះ​ស៊ើប​អង្កេត​ជុំវិញ​រឿង​នោះ បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច​រាល់៖ «ទុក​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​គាត់​សម្រេច​ចិត្ត​ដោយ​ខ្លួន​គាត់​ទៅ។ សេរីភាព​របស់​គាត់​ម្នាក់ៗ បើ​សិន​ជា​មាន​ដូច​គាត់​ថា​មែន នោះ​គឺ​ជា​ការ​បង្ខិត​បង្ខំ​សេរីភាព​របស់​ប្រជាពលរដ្ឋ»

លោក គល់ បញ្ញា ជា​នាយក​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រាល់​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត តែង​មាន​រឿង​ខ្លះ​កើត​ឡើង ដូច​ជា​គេ​ហៅ​ប្រជាពលរដ្ឋ​ទៅ​ស្បថ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​រដ្ឋាភិបាល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​លំអៀង​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ឱ្យ​គណបក្ស​នយោបាយ​មួយ​ជាដើម។

លោក គល់ បញ្ញា បាន​បញ្ជាក់​ថា ការ​ដែល​អាជ្ញាធរ​យក​រូបថត​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ជា​សមាជិក​គណបក្ស​នេះ បក្ស​នោះ ហើយ​ប្រើ​ពាក្យ​សម្ដី​ធ្វើ​ឱ្យ​គេ​ភ័យ​ខ្លាច គឺ​ខុស​ទៅ​នឹង​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដែល​ឱ្យ​ធ្វើ​ការ​ដោយ​អព្យាក្រឹត។ ចំណែក​ឯ​ការ​គំរាម​បង្ខំ​ឱ្យ​ផឹក​ទឹក​សម្បថ​វិញ​នោះ គឺ​ខុស​ទៅ​នឹង​មាត្រា​នៃ​ច្បាប់​បោះឆ្នោត។ កំហុស​នោះ អាច​មាន​ទោស និង​ទទួល​ការ​ផាក​ពិន័យ​ផង៖ «យើង​បាន​ទៅ​តស៊ូ​មតិ​ជាមួយ​នឹង គ.ជ.ប ដែរ ឱ្យ​គាត់​ដាក់​បទ​បញ្ជា នីតិវិធី​គាត់​ឱ្យ​តឹងតែង ដោយ​ហាម​មិន​ឱ្យ​អាជ្ញាធរ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ មាន​មន្ត្រី​រាជការ​អី​ទៅ​ធ្វើ​ការងារ​ឱ្យ​គណបក្ស​មួយ និង​ប្រឆាំង​គណបក្ស​មួយ ព្រោះ​ច្បាប់​គេ​ហាម​មិន​ត្រឹម​តែ​មេ​ភូមិ​ទេ គឺ​ត្រូវ​មាន​ទាំង​រហូត​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទៀត។ ប៉ុន្តែ ខាង គ.ជ.ប ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​ហ្នឹង​សោះ។ គាត់​គិត​ថា អាច​ការពារ​សេរីភាព​ខាង​នយោបាយ​របស់​ពួក​អាជ្ញាធរ​អស់​ហ្នឹង»

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​មួយ​ដែល​មាន​ភាព​សេរី និង​យុត្តិធម៌​ពិត​ប្រាកដ គឺ​កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​រាជការ តុលាការ ត្រូវ​តែ​អព្យាក្រឹត ប្រសិន​បើ​មិន​មាន​អព្យាក្រឹត​ទេ ធ្វើ​ឱ្យ​អ្នក​បោះឆ្នោត​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច ហើយ​វា​នៅ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆន្ទៈ​អ្នក​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដ៏​ធំ​បំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។