អាជ្ញាធរ​រំលឹក​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពេល​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម

អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រើន​រំលឹក​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ មាន​លំនៅឋាន និង​ហាង​លក់​ដូរ​នៅ​តាម​ដង​វិថី​មួយ​ចំនួន​ឲ្យ​ថែរក្សា​ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង ការពារ​ក្រែង​មាន​ជន​ខិលខូច​ឆ្លៀត​ឱកាស​លួច​ឆក់ បើ​សិន​គណបក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​បាតុកម្ម​ឆ្លង​កាត់ នៅ​ថ្ងៃ​ទី​១៥ ធ្នូ នេះ។

ក្រៅ​ពី​នេះ សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​១៣ ធ្នូ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គួរ​ចៀសវាង​ធ្វើ​ចរាចរ​​ណ៍តាម​ផ្លូវ​ដែល​បក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ហែ​ក្បួន​បាតុកម្ម​នោះ​ដែរ៖ "ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​របៀបរៀប​រយ​សាធារណៈ និង​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ សាលា​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​សាធារណជន​ទាំង​អស់ សូម​រក្សា​ភាព​ស្ងៀមស្ងាត់ អត់ធ្មត់ និង​គួរ​បាន​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ចរាចរណ៍​ឆ្លង​កាត់​តាម​កំណាត់​ផ្លូវ​ខាង​លើ..."

វិថី​ដែល​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​ចាប់​ពី​ម៉ោង ២​​រសៀល ថ្ងៃ​ទី​១៥ ធ្នូ នេះ​ គឺ​ផ្លូវ​លេខ​១០៨ មហា​វិថី​ព្រះមុនីវង្ស មហាវិថី​កម្ពុជា​ក្រោម ផ្លូវ​នេរុហ៍ ផ្លូវ​ទេពផន ផ្លូវ​ហ្សាលឌឺហ្គោល ផ្លូវ​ក្រមួនស និង​ផ្លូវ​លេខ​៥៣។

សេចក្ដីជូន​ដំណឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​ប្រ​កាស​ថា អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ធ្នូ នេះ​តទៅ នៅ​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ខុស​ពី​ពេល​លើក​មុន​ដែល​បក្ស​សង្គ្រោះ​ជាតិ ទាមទារ​រក​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត ដូច​ជា​ទាមទារ​ឲ្យ​បើក​កញ្ចប់​ឆ្នោត​សុវត្ថិភាព និង​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​តាម​ការិយាល័យ​មួយ​ចំនួន។

ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៤ ធ្នូ ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បញ្ជាក់​ថា៖ «បាតុកម្ម​ដែល​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ធ្នូ ស្អែក​នេះ គឺ​នឹង​មាន​រូបភាព​ខុស​ប្លែក​បាតុកម្ម​ពី​បាតុកម្ម​​មុនៗ។ ខុស​ប្លែក​ក្នុង​ន័យ​ថា ម្ដង​នេះ​យើង​នឹង​ធ្វើ​បាតុកម្ម​ជាប់​អត់​ឈប់​រៀង​រាល់​ថ្ងៃ ហើយ​ការ​ទាមទារ​គឺ​យើង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។ ពីព្រោះ​យើង​បាន​ទាមទារ​ម្ដង​ហើយ​ថា ឲ្យ​ពិនិត្យ​តួលេខ​ឲ្យ​ផ្ទៀងផ្ទាត់​​តួលេខ ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ យ៉ាង​ហោច​ណាស់​តាម​ការិយាល័យ​មួយ​ចំនួន តែ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ»

លោក សម រង្ស៊ី មិន​បាន​ឲ្យ​ដឹង​ថា ​បាតុកម្ម​នោះ​នឹង​​​ធ្វើ​រហូត​លុះត្រា​បក្ស​ប្រជាជន​យល់​ព្រម​តាម​ការ​ទាមទារ​បស់​បក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​​ប្រកាស​ថា ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​​នានា ក៏​អាច​មក​ចូល​រួម​បាតុកម្ម​នៅ​ភ្នំពេញ​បាន ហើយ​លោក​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នៅ​ភ្នំពេញ ជួយ​​ផ្ដល់​​បាយ​ទឹក​និង​ផ្ដល់​ជម្រក​ស្នាក់​នៅ​ក្នុង​អំឡុង​ពេល​​ពួកគាត់​មក​ធ្វើ​បាតុកម្ម​​នៅ​ភ្នំពេញ។

លទ្ធផល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ប្រកាស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​បង្ហាញ​ថា គណបក្ស​ប្រជាជន​ឈ្នះ​បក្ស​សង្គ្រោះ​ជាតិ គឺ​បក្ស​ប្រជាជន​បាន​ឈ្នះ ៦៨​កៅអី និង​បក្ស​សង្គ្រោះ​ជាតិ​បាន ៥៥​កៅអី។ តែ​បក្ស​សង្គ្រោះ​ជាតិ​បដិសេធ ដោយ​ចោទ​ថា លទ្ធផល​ឆ្នោត​មិន​ត្រូវ យុត្តិធម៌ ហើយ​សុំ​ឲ្យ​ពិនិត្យ​លទ្ធផល​ឆ្នោត​ឡើង​វិញ តែ​បក្ស​ប្រជាជន​មិន​ព្រម ​ហើយ​ក៏​បង្កើត​រដ្ឋាភិបាល និង​បង្កើត​រដ្ឋ​សភា​ដោយ​ឯកបក្ស​មក​ទល់​សព្វ​ថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។