អាជ្ញាធរ​ហាម​បក្ស​ប្រឆាំង​ធ្វើ​សកម្មភាព​ផ្ដិត​មេ​ដៃ​តាម​ទី​សាធារណៈ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​អាជ្ញាធរ​តាម​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ថា​បាន​រំខាន​សកម្មភាព​ចុះ​ផ្ដិត​ស្នាម​មេ​ដៃ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ដាក់​ញត្តិ​ជូន​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ សកម្មភាព​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម និង​ស្នើ​ឲ្យ​បក្ស​ប្រឆាំង​ធ្វើ​សកម្មភាព​ផ្ដិត​ស្នាម​មេ​ដៃ​តាម​ទីស្នាក់ការ​បក្ស​ជំនួស​ធ្វើ​សកម្មភាព​តាម​ទី​សាធារណៈ។

0:00 / 0:00

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ថា សកម្មភាព​ចុះ​ផ្ដិត​ស្នាម​មេ​ដៃ ដើម្បី​ដាក់​ញត្តិ​ជូន​អង្គការ​សហប្រជាជាតិ ជុំវិញ​​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​របស់​សមាជិក​ខ្លួន ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​អាជ្ញាធរ​គំរាម​កំហែង។

​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​ចាត់​ទុក​សកម្មភាព​រារាំង ឬ​គំរាម​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​ដាក់​គុក ផ្ដើម​ដោយ​អាជ្ញាធរ ថា​ជា​ទង្វើ​ខុស​ច្បាប់។ លោក​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ត្រូវ​ចូល​រួម​សហការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កែប្រែ​សង្គម​​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ឲ្យ​មាន​ការ​គោរព​ច្បាប់៖ «ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ គឺ​ជា​ទង្វើ​ខុស​ច្បាប់ គឺ​ជា​បទ​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ជាប់​ទោស។ រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សម្ដែង​មតិ​តាម​គ្រប់​រូបភាព លើក​លែង​តែ​ធ្វើ​ដោយ​អំពើ​ហិង្សា។ អ្វី​ដែល​យើង​ធ្វើ គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ស្រប​ច្បាប់។ ដូច្នេះ អ្នក​ដែល​ហាម​ឃាត់ អ្នក​ដែល​ជំទាស់ និង​បង្ក​បញ្ហា​ទៅ​លើ​ចលនា​របស់​ប្រជាជន​ក្នុង​ការ​ប្រមូល​ញត្តិ​នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់»

សមាជិក​​​គណបក្ស​សង្គ្រោះ​ជាតិ តាម​សង្កាត់​មួយ​ចំនួន និង​ប្រជាពលរដ្ឋ ព្រម​ទាំង​អាជីវករ​តាម​ផ្សារ​ខ្លះ មាន​អាជីវករ​នៅ​ផ្សារ​ទំនប់ និង​ផ្សារ​កណ្ដាល ជាដើម ត្រូវ​អាជ្ញាធរ​គំរាម​ចំពោះ​សកម្មភាព​ផ្ដិត​ស្នាម​មេ​ដៃ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​តុលា។

ពលរដ្ឋ និង​អាជីវករ​អះអាង​ថា ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ ឬ​សន្តិសុខ​ផ្សារ បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា​ជា​លាយលក្ខណ៍​អក្សរ ឲ្យ​បញ្ឈប់​សកម្មភាព​ផ្ដិត​ស្នាម​មេ​ដៃ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ទី​សាធារណៈ ឬ​តាម​ទីផ្សារ​បន្ត​ទៀត។ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ចាប់​ខ្លួន​ដាក់​គុក ដោយ​ចោទ​ពី​បទ​បង្ក​ឲ្យ​សង្គម​ចលាចល៖ «គេ​ចោទ​យើង​ថា​ធ្វើ​ខុស ដើរ​ធ្វើ​ការ​អុកឡុក ឬ​ធ្វើ​ឲ្យ​ចលាចល​ក្នុង​សង្គម​ជាដើម។ ខ្ញុំ​ថា ខ្ញុំ​អត់​មាន​ធ្វើ​អី​ឲ្យ​ចលាចល​ទេ ដោយសារ​តែ​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​ខ្ញុំ​ឲ្យ​មក​ផ្ដិត​ស្នាម​មេ​ដៃ​ក្នុង​ញត្តិ​ហ្នឹង​ដែរ។ ទាមទារ​ចាប់​ក្រដាស​ខ្ញុំ​មើល។ គេ​ហាម គេ​ឲ្យ​ខ្ញុំ​សរសេរ​ក្រដាស​ស្នាម និង​ផ្ដិត​មេ​ដៃ​ឲ្យ​បញ្ឈប់​សកម្មភាព​ផ្ដិត​មេ​ដៃ​បន្ត​ទៀត»

ទោះ​ជា​បែប​ណា អាជ្ញាធរ​តាម​សង្កាត់​កើត​មាន​បញ្ហា មាន​ដូច​ជា​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ សង្កាត់​ទួលសង្កែ ឬ​សង្កាត់​ច្រាំងចំរេះទី​២ ជាដើម បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ជុំវិញ​សកម្មភាព​រារាំង​ផ្តិត​ស្នាម​មេ​ដៃ​របស់​គណបក្ស​ប្រឆាំង។

​លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ហាម​ឃាត់​សកម្មភាព​​ផ្ដិត​ស្នាម​មេ​ដៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទេ ប៉ុន្តែ​ស្នើ​ឲ្យ​ធ្វើ​សកម្មភាព​នៅ​តាម​ទីស្នាក់ការ​បក្ស​ជំនួស​​ការ​ធ្វើ​សកម្មភាព​តាម​ទី​សាធារណៈ ដែល​នាំ​ឲ្យ​បាត់​បង់​សណ្ដាប់ធ្នាប់​សង្គម៖ «យើង​បាន​ធ្វើ​លិខិត​បញ្ជាក់​គាត់​រួច​ហើយ ខាង​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ គឺ​មិន​អនុញ្ញាត​ឲ្យ​គាត់​ប្រមូល​ស្នាម​មេ​ដៃ​តាម​ទី​សាធារណៈ តាម​ផ្សារ​អនាធិបតេយ្យ បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ វា​អត់​ត្រូវ​ទេ។ គាត់​គិត​តែ​ពី​សិទ្ធិ​សេរីភាព​របស់​គាត់ ក៏ប៉ុន្តែ​សិទ្ធិ​សេរីភាព​របស់​គាត់​ហ្នឹង គឺ​វា​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​គេ​មិន​ជាប់​ពាក់ព័ន្ធ​រឿង​ហ្នឹង។ យើង​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​អី​ធ្វើ​ទៅ​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន គឺ​គាត់​អាច​ធ្វើ​បាន»

​​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី បាន​រិះគន់​សកម្មភាព​ផ្ដិត​ស្នាម​មេ​ដៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​កន្លង​ទៅ។ លោក​ថ្លែង​ថា ស្នាម​មេ​ដៃ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ច្បាស់​លាស់​របស់​ម្ចាស់​ស្នាម​មេ​ដៃ​ទេ ឬ​អាច​ហៅ​ថា ជា​ស្នាម​មេ​ដៃ​អនាមិក និង​មនុស្ស​ម្នាក់​បាន​ផ្ដិត​ស្នាម​មេ​ដៃ​ច្រើន​ដង​ជាដើម។

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សមាជ​មហាជន ថ្ងៃ​ទី​៦ ខែ​តុលា នា​ទីលាន​ប្រជាធិបតេយ្យ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្ដិត​ស្នាម​មេ​ដៃ​ឲ្យ​បាន​យ៉ាង​ហោច ៣​លាន​នាក់ សម្រាប់​​ដាក់​ញត្តិ​ទៅ​កាន់​​​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ នៅ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី​ថ្ងៃ​ទី​២៣ ខែ​តុលា ខាង​មុខ។

​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា បាន​ចេញ​លិខិត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បញ្ឈប់​​​សកម្មភាព​​​ដើរ​ប្រមូល​ស្នាម​មេ​ដៃ​តាម​ផ្សារ ទី​សាធារណៈ និង​នៅ​តាម​ផ្ទះ​​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត។ ប៉ុន្តែ សកម្មភាព​ផ្ដិត​ស្នាម​​មេ​ដៃ​នេះ អាច​ធ្វើ​នៅ​តាម​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។