សមត្ថកិច្ច​បំបែក​ក្រុម​យុវជន​ហែ​ញត្តិ​ទាមទារ​យុត្តិធម៌​ឲ្យ​អ្នក​ស្លាប់​នៅ​ក្បាល​ថ្នល់

ក្រុម​យុវជន ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ ៥០​នាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ តុលា។ ការ​ប្រជុំ​គ្នា​នេះ មាន​បំណង​ហែ​ញត្តិ​ទៅ​ដាក់​នៅ​តុលាការ​ក្រុង ដើម្បី​ទាមទារ​រក​យុត្តិធម៌​អោយ​យុវជន ម៉ៅ សុខចន្ទ ដែល​ត្រូវ​បាញ់​សម្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ និង​ក្រុម​សមត្ថកិច្ច​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់។ ប៉ុន្តែ ការ​ជួប​ប្រជុំ​នោះ​ត្រូវ​ក្រុម​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បំបែក។

0:00 / 0:00

ក្រុម​សន្តិសុខ​នៃ​សាលា​ខណ្ឌ​ដូនពេញ បាន​ប៉ះ​ទង្គិច​ជា​ច្រើន​ដង​ជាមួយ​យុវជន​អ្នក​បឹងកក់ និង​ព្រះសង្ឃ នៅ​ពេល​ពួក​គេ​ព្យាយាម​បណ្ដេញ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ចេញ​ពី​រមណីយដ្ឋាន​វត្ត​ភ្នំ។ ក្នុង​ពេល​នោះ មាន​យុវជន អ្នក​បឹងកក់​ជា​ច្រើន​នាក់ និង​អ្នក​សារព័ត៌មាន​អន្តរជាតិ​មួយ​រូប ត្រូវ​ក្រុម​សន្តិសុខ​វាយ​តប់។ ស្រប​គ្នា​នោះ ក្រុម​សន្តិសុខ​ក៏​បាន​ដណ្ដើម​យក​កម្រង​ផ្កា គ្រឿង​សក្ការបូជា និង​រូបថត​របស់​យុវជន ម៉ៅ សុខចន្ទ។ ចំណែក​ព្រះសង្ឃ​ដែល​ព្យាយាម​សូត្រ​ធម៌​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក ម៉ៅ សុខចន្ទ ក៏​ត្រូវ​ក្រុម​សន្តិសុខ​រុញ​ច្រាន​អោយ​បញ្ឈប់។

មុន​នឹង​ឈាន​ដល់​ការ​ប៉ះ​ទង្គិច ក្រុម​អ្នក​តវ៉ា ជា​ពិសេស​ក្រុម​អ្នក​បឹងកក់ និង​សមត្ថកិច្ច បាន​ជេរ​ប្រទេច​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​រៀប​ចំ​កម្មវិធី​ក្រុម​យុវជន លោក ផា សុធា មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​នៅ​ពេល​ក្រុម​របស់​លោក​ត្រូវ​បែកខ្ញែក​ដោយសារ​តែ​ក្រុម​សមត្ថកិច្ច ដែល​ពុំ​បាន​យល់​ពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​របស់​ពលរដ្ឋ។ លោក​ថា ក្រុម​លោក​នឹង​ព្យាយាម​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អោយ​ខាង​តែ​បាន។

យុវជន​ក្រុម​នេះ បាន​នាំ​គ្នា​ប្រមូល​ស្នាម​មេដៃ​បាន​ចំនួន​ជាង ៥០០​ស្នាម​មេដៃ គាំទ្រ​ញត្តិ​ដែល​មាន​បំណង​ស្នើ​អោយ​តុលាការ​ស្វែង​រក​យុត្តិធម៌​អោយ​យុវជន ម៉ៅ សុខចន្ទ និង​ផ្ដល់​សំណង​ដល់​ក្រុម​គ្រួសារ។

យុវជន ម៉ៅ សុខចន្ទ ដែល​មាន​វ័យ ២៩​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់ នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និង​ពលរដ្ឋ​ដែល​ខឹង​សម្បារ​នឹង​ការ​ដាក់​រនាំង​លួស​បន្លា​បិទ​ផ្លូវ​ជុំវិញ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជា​យប់​ទី​១​នៃ​មហា​បាតុកម្ម​៣​ថ្ងៃ ៣​យប់ ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

ភរិយា​របស់ ម៉ៅ សុខចន្ទ អ្នកស្រី ជាវ សុខវី ដែល​ចូល​រួម​ការ​ជួប​ប្រជុំ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដែរ​នោះ បាន​ថ្លែង​ដោយ​ភាព​ភ័យ​ខ្លាច​ថា ឃើញ​សកម្មភាព​អាជ្ញាធរ​នៅ​ពេល​នេះ ធ្វើ​អោយ​នាង​ហាក់​អស់​សង្ឃឹម​ថា​នឹង​ទទួល​បាន​យុត្តិធម៌។

តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី បាន​ហៅ​ការ​បង្ក្រាប​នោះ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

អ្នក​សារព័ត៌មាន​សេរី លោក ចន វីង (John Vink) ដែល​ត្រូវ​ក្រុម​សន្តិសុខ​កៀស​រុញ​ចេញ​មិន​អោយ​ថត​សកម្មភាព​ក្នុង​ពេល​បំបែក​អ្នក​តវ៉ា​នោះ មាន​ប្រសាសន៍​ថា លោក​គិត​ថា អ្នក​ទាំង​នោះ​គឺ​មិន​បាន​យល់​ដឹង​ពី​តួនាទី​របស់​អ្នក​សារព័ត៌មាន។

នៅ​ក្នុង​ការ​បង្ក្រាប ក្រុម​សមត្ថកិច្ច​ដែល​បាន​លើក​ឡើង​នូវ​ហេតុផល​ថា ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​សាធារណៈ​ដោយ​ពុំ​មាន​ការ​អនុញ្ញាត។

ភ្លាមៗ​ក្រោយ​ពី​មាន​ការ​បំបែក​នោះ ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ចាក​ចេញ​ពី​រមណីយដ្ឋាន​វត្ត​ភ្នំ ហើយ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​សួន​ច្បារ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក។ បន្ទាប់​មក ក៏​បាន​បំបែក​គ្នា​នៅ​ក្រោយ​ពេល​ព្រះសង្ឃ​បាន​សូត្រ​ធម៌​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ លោក ម៉ៅ សុខចន្ទ។

នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា តំណាង​ក្រុម​យុវជន​បាន​នាំ​គ្នា​យក​ញត្តិ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រួច​រាល់​ហើយ។ ពួក​គេ​បញ្ជាក់​ថា អ្នក​ទទួល​ញត្តិ​នៅ​តុលាការ​បាន​សន្យា​ថា នឹង​ផ្តល់​ដំណឹង​មក​វិញ​នៅ​សប្ដាហ៍​ក្រោយ។

ទាក់ទង​នឹង​ការ​បង្ក្រាប​ការ​ជួប​ប្រជុំ​របស់​ក្រុម​យុវជន​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដោយ​ចាត់​ទុក​ថា​ជា​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បាន​ទាមទារ​អោយ​សមត្ថកិច្ច​សាលា​រាជធានី​ភ្នំពេញ ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ការ​ជួប​ប្រជុំ​ដោយ​អហិង្សា​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។