ការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋរបស់គណបក្សសង្គ្រោះជាតិ ដើម្បីគាំទ្រញត្តិដាក់ទៅអង្គការសហប្រជាជាតិ អោយជួយរកយុត្តិធម៌ទាក់ទិនទៅនឹងភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣ ត្រូវបានអាជ្ញាធរមូលដ្ឋាននៅតាមខេត្តក្រុងជាច្រើន ហាមឃាត់ ហើយការរារាំងនេះកំពុងកើតមានបន្តនៅក្នុងខេត្តបាត់ដំបង។
កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា សកម្មជនគណបក្សសង្គ្រោះជាតិ បានចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅក្នុងឃុំមុខរាហុ៍ ស្រុករុក្ខគិរី និងឃុំសាស្ត្រា ស្រុកសំពៅលូន ខេត្តបាត់ដំបង ប៉ុន្តែការស្វែងរកស្នាមមេដៃគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនោះ ត្រូវអាជ្ញាធរមូលដ្ឋានហាមឃាត់។
សមាជិកក្រុមប្រឹក្សាស្រុករុក្ខគិរី មកពីគណបក្សប្រឆាំង លោក សែន ពីរោះ ថ្លែងថា ចាប់តាំងពីថ្ងៃទី១៣ ខែតុលា គណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង បានចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីគាំទ្រញត្តិដាក់ទៅអង្គការសហប្រជាជាតិ។ មកដល់ថ្ងៃទី១៦ ខែតុលា សមត្ថកិច្ចប៉ូលិស និងអាជ្ញាធរមូលដ្ឋានឃុំ បានហាមឃាត់៖ «ពីព្រឹកមិញ ត្រូវបានមេភូមិ និងប៉ូលិសពីរនាក់ ដែលមករារាំងសកម្មជនរបស់ខ្ញុំ។ ក្រោយមកទៀត លោកមេឃុំមុខរាហុ៍ ហ្នឹង គាត់ទូរស័ព្ទទៅលោកជំទប់ថា អោយពួកខ្ញុំហ្នឹងបញ្ឈប់សកម្មភាពដើរផ្ដិតមេដៃហ្នឹង។ បើមិនបញ្ឈប់ទេ គេនឹងធ្វើការរារាំង ទង្វើនេះវាផ្ទុយពីរដ្ឋធម្មនុញ្ញនេះជាទង្វើបិទសិទ្ធិសេរីរបស់ពួកខ្ញុំ»។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅស្រុកសំពៅលូន លោក សាវ៉ាត់ លៀម បញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែតុលា សកម្មជនគណបក្សសង្គ្រោះជាតិ បានចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅឃុំសាស្ត្រា ប៉ុន្តែសកម្មភាពនោះត្រូវបានអាជ្ញាធរមូលដ្ឋានគំរាមកំហែង ហាមឃាត់មិនឲ្យប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ។ ពួកគេបានតម្រូវឲ្យគណបក្សសង្គ្រោះជាតិ ប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅទីស្នាក់ការគណបក្ស៖ «លោក ឌឺ អែល ជាមេឃុំសាស្ត្រា ហ្នឹង គាត់បានរាយការណ៍មកប្រាប់ពួកខ្ញុំថា អត់មានសិទ្ធិដើរផ្ដិតមេដៃតាមផ្ទះទេ តែបើចង់ធ្វើ យើងធ្វើនៅតាមការិយាល័យរបស់យើងទៅ ប៉ុន្តែគាត់យល់ថា ប្រជាជនឥឡូវ ទី១ គាត់រវល់ ទី២ គាត់អត់មកកើត»។
ការស្វែងរកស្នាមមេដៃគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ គេសង្កេតឃើញថា បានជួបឧបសគ្គនៅតាមខេត្តក្រុងជាច្រើន។ អាជ្ញាធរមូលដ្ឋាន ពួកគេបានហាមឃាត់ គំរាមកំហែង និងចាប់ដកហូតយកឯកសារស្នាមមេដៃទៅរក្សាទុកជាដើម។
យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងក្រុមអាជ្ញាធរមូលដ្ឋានទាំងនោះ ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី គូសបញ្ជាក់ថា សកម្មភាពរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ពុំមានអ្វីខុសច្បាប់ និងពុំមានអ្វីបង្កការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះដែរ។ ការអះអាងរបស់អាជ្ញាធរមូលដ្ឋាន ដែលថា សកម្មភាពចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ បង្កើតឲ្យមានអំពើអស្ថិរភាព ឬអសន្តិសុខសង្គមនោះ ពុំមែនជាការពិតនោះឡើយ៖ «បើយើងធ្វើអ៊ីចឹង វាប៉ះពាល់ខ្លាំងណាស់ទៅដល់សេរីភាពប្រជាពលរដ្ឋចង់ចូលរួម ចង់ផ្ដិតស្រេចតែគាត់ កុំឲ្យខាងគណបក្សនយោបាយទៅបង្ខិតបង្ខំប្រជាពលរដ្ឋឲ្យផ្ដិត។ ហើយទី២ ឲ្យគណបក្សនយោបាយរៀបចំកន្លែងផ្ដិតនៅកន្លែងទីស្នាក់ការនោះ ស្មើនឹងហាមឃាត់ ព្រោះបង្កការលំបាកដល់ប្រជាពលរដ្ឋចំណាយថវិកាជិះឡាន ជិះម៉ូតូទៅកាន់ទីស្នាក់ការ។ អ៊ីចឹង វាអត់ខុសអីទេ អ្វីដែលខុស គឺអ្នកទៅហាម»។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពប្រមូលស្នាមមេដៃ ដើម្បីគាំទ្រញត្តិប្រឆាំងទៅអ្វីមួយដែលពួកគាត់យល់ថា ជារឿងអយុត្តិធម៌។ មន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ទោះជាមានការរារាំង និងគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋានដូច្នេះក៏ដោយ ពួកគេនៅតែបន្តប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋគាំទ្រញត្តិ ដាក់ជូនទៅអង្គការសហប្រជាជាតិ ដើម្បីទាមទាររកយុត្តិធម៌ទាក់ទិនទៅនឹងលទ្ធផលបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
