បញ្ហានេះ ត្រូវបានមេភូមិលើកឡើងថា គាត់មិនបានតាមស៊ើបការណ៍ប្រជាពលរដ្ឋណានោះទេ ប៉ុន្តែលោកគ្រាន់តែបំពេញការងារក្នុងនាមជាអ្នកគ្រប់គ្រងគេតែប៉ុណ្ណោះ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពក្នុងស្រុកភូមិ ហើយលោកមិនដែលរើសអើងគណបក្សនយោបាយនោះទេ។
ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅស្រុកចម្ការលើ ខេត្តកំពង់ចាម នៅតែមានការបារម្ភ និងប្រយ័ត្នប្រយែងចំពោះសកម្មភាពរបស់ពួកគាត់ក្នុងភូមិស្រុករបស់ខ្លួន ដែលតែងតែមានការឃ្លាំមើលជាប្រចាំពីសំណាក់អាជ្ញាធរភូមិ ដោយសារតែពួកគាត់ជាអ្នកគាំទ្រគណបក្សប្រឆាំង។
ប្រជាពលរដ្ឋនៅភូមិតាប៉ុម ឃុំចម្ការអណ្ដូង ស្រុកចម្ការលើ ខេត្តកំពង់ចាម អ្នកស្រី ជា សុភី បានឱ្យដឹងថា កន្លងមកអ្នកស្រីធ្លាប់ជាអ្នកមានតួនាទីក្នុងគណបក្ស សម រង្ស៊ី ប៉ុន្តែក្រោយមក គាត់មិនបានពាក់ព័ន្ធនឹងរឿងនយោបាយអីទៀតនោះទេ ប៉ុន្តែអ្នកស្រីគ្រាន់តែជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ។ អ្នកស្រីបន្តថា ការតាមដានសកម្មភាពគាត់ពីសំណាក់មេភូមិ គឺមិនមែនជារឿងការពារសន្តិសុខសុវត្ថិភាពភូមិនោះទេ គឺតែងតែតាមដានជាប្រចាំចំពោះប្រជាពលរដ្ឋណាដែលចេញមុខគាំទ្រគណបក្សសង្គ្រោះជាតិ ជាចំហនោះ។
អ្នកស្រី ជា សុភី៖ «អេ! គេតាមដានរឿងនយោបាយ គេមិនមែនតាមដានរឿងសន្តិសុខក្នុងភូមិអីទេ។ រួចខ្ញុំដែលទៅលួចអីពីណា ដើរសួរអ្នកភូមិ! ហ្នឹងគេនិយាយ គេថាគេការពារសុវត្ថិភាពប្រជាពលរដ្ឋ ប៉ុន្តែកាលពីខ្ញុំមិនទាន់ធ្វើនយោបាយ គេមិនទៅតាមដានអ៊ីចឹង! ប៉ុន្តែក្រោយមក ខ្ញុំចូលគណបក្ស អាហ្នឹងពីមុន ឥឡូវខ្ញុំឈប់ហើយ ធ្វើប្រជាជនធម្មតា ប៉ុនគ្រាន់តែខ្ញុំមិនគាំទ្រខាងហ្នឹង។ ហើយដោយសារម៉ែខ្ញុំថ្ងៃមុន យកញត្តិផ្ដិតមេដៃផ្ដិតអីហ្នឹង»។
ប្រភពដដែលបន្តថា សកម្មភាពតាមដានពីសំណាក់មេភូមិនោះ គឺចាប់តាំងពីគ្រួសាររបស់អ្នកស្រីចេញមុខគាំទ្រគណបក្សសង្គ្រោះជាតិ ជាចំហ ដែលធ្វើឱ្យអ្នកស្រីមានការភ័យខ្លាច ហើយប្រជាពលរដ្ឋមានការខ្លាចរអាក្នុងការជជែកលេងជាមួយអ្នកស្រីទៀតផង៖ «គេមិនដឹងហ៊ាននិយាយរកខ្ញុំផងហ្នឹង ខ្សឹបខ្សៀវៗតិចៗ មិនចង់ហ៊ាននិយាយទេ ឃើញមុខខ្ញុំមិនចង់ហ៊ាននិយាយទេ ខ្លាចមេភូមិគេតាមដានដឹង។ ដល់ពេលខ្ញុំឈប់មួយរយៈ គេថាអ៊ីចឹងស្រួលចេញចូលអីគេលែងខ្លាច។ ដល់ត្រឹមម៉ែខ្ញុំចេញមុខផ្ដិតមេដៃ ប្ដីខ្ញុំចេញមុខផ្សាយរឿងស្រាលក៏គេចាប់ផ្ដើមតាមដានទៀតហើយ»។
ប្រធានភូមិតាប៉ុម លោក សួន វ៉ាន់ បានបដិសេធចំពោះរឿងថា គាត់បានតាមដានប្រជាពលរដ្ឋដែលមាននិន្នាការបក្សនយោបាយផ្សេងនៅក្នុងភូមិនោះ ថាជារឿងមិនពិត។ លោកបានឱ្យដឹងដែរថា គឺគាត់តែងតែឃ្លាំមើលគ្រប់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជានិច្ច ដើម្បីជាការធានាបាននូវសុខសន្តិភាពជូនភូមិស្រុក និងដើម្បីឱ្យសម្រេចបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពតែប៉ុណ្ណោះ។
លោក សួន វ៉ាន់៖ «ពាក្យហ្នឹង គឺជាពាក្យបំផ្លើសទេ ពីព្រោះអីអាជ្ញាធរគេមើលរៀបចំសណ្ដាប់ធ្នាប់ប្រជាពលរដ្ឋហើយ ឱ្យតែថាគេតាមដាន ចេះតែថាគេតាមដានហើយចុះ! ហើយចុះតួនាទីការងារសន្តិសុខភូមិឃុំមានសុវត្ថិភាពនេះ អ៊ីចឹងគេធ្វើការងារធ្វើអី អ៊ីចឹងក្រសួងមហាផ្ទៃ គេបញ្ជាមកធ្វើអី បើក្រសួងគេរៀបចំនេះ»។
លោកបានបញ្ជាក់ទៀតថា កន្លងមកលោកមិនដែលបានរើសអើង និងគំរាមកំហែងអ្នកណាដែលមាននិន្នាការនយោបាយខុសពីខ្លួននោះឡើយ ហើយលោកតែងតែបំពេញការងារទៅតាមតួនាទីរបស់ខ្លួនជានិច្ច។
ករណីស៊ើបអង្កេតប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរភូមិនេះ មន្ត្រីសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តកំពង់ចាម លោក នាង សាវ៉ាត បានមានប្រសាសន៍ថា ប្រសិនបើមេភូមិតាមឃ្លាំមើលប្រជាពលរដ្ឋទាំងអស់គ្នាក្នុងភូមិ គឺជាការប្រសើរ។ ប៉ុន្តែ លោកយល់ថា វាទំនងជាការស៊ើបយកការណ៍ប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយផ្សេងពីខ្លួនច្រើនជាង៖ «បើគាត់ពិនិត្យសន្តិសុខមែន វាជាទូទៅមិនមែនត្រួតពិនិត្យចំពោះមនុស្សតែពីរបីនាក់ ដែលតែងតែគាំទ្រនយោបាយ ឬក៏គណបក្សផ្សេងនោះ។ អរគុណគាត់ហើយ បើគាត់ទៅត្រួតពិនិត្យសុវត្ថិភាពជូនភូមិ ប៉ុន្តែខ្ញុំគិតថា គាត់មិនមែនធ្វើរឿងសន្តិសុខទេ គេធ្វើរឿងគំរាមកំហែង ធ្វើតែរឿងនរណាគាំទ្រគណបក្សផ្សេងជារឿងច្រើនជាង»។
លោកបន្ថែមថា ប្រសិនបើករណីនេះដូចអ្វីដែលប្រជាពលរដ្ឋចោទប្រកាន់មែននោះ វាជាការប្រឆាំងទៅនឹងសេចក្តីប្រកាសជាសាកលរបស់អង្គការសហប្រជាជាតិ ដែលចែងពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ដើរហើរ ហើយលោកយល់ថា វាជាការគំរាមកំហែងផ្នែកផ្លូវចិត្ត គឺជាទោសផ្នែកព្រហ្មទណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
