សាលារាជធានីភ្នំពេញ ប្រកាសនៅថ្ងៃទី៦ ខែឧសភា ថាមិនអនុញ្ញាតឲ្យក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពជួបជុំនៅទីលានប្រជាធិបតេយ្យ ដើម្បីដង្ហែញត្តិទៅដាក់នៅអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឡើយ។
អាជ្ញាធរព្រមានថា ក្នុងករណីមានការជួបជុំគ្នាដង្ហែក្បួនតាមដងផ្លូវសាធារណៈ ឬអនុវត្តផ្ទុយពីការណែនាំរបស់សាលាក្រុង ដែលបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នោះតំណាងក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ឬអតីតក្រុមសម្ព័ន្ធសេនានាគ គឺជាក្រុមយុវជនមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រុមនេះដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន។ កាលពីចុងខែតុលា ឆ្នាំ២០១៥ ក្រុមនេះបានប្រមូលផ្តុំតវ៉ាម្តងរួចហើយនៅមុខរដ្ឋសភា ដើម្បីទាមទារឲ្យរដ្ឋសភាបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ រដ្ឋសភា។ នៅថ្ងៃតវ៉ាដដែលនោះ តំណាងរាស្ត្របក្សប្រឆាំង ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានបាតុករមួយក្រុមព្រួតគ្នាវាយឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយការតវ៉ារបស់ក្រុមនេះមិនដល់ ១សប្ដាហ៍ផង លោក កឹម សុខា ក៏ត្រូវបានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ពីអនុប្រធានទី១ នៃរដ្ឋសភា។
ចំណែកនៅពេលនេះ ក្រុមដដែលនេះមានគម្រោងប្រមូលផ្តុំគ្នាដែលមានមនុស្សចូលរួមប្រមាណ ៥ពាន់នាក់ ហែញត្តិទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីគាំទ្រចំពោះចំណាត់ការរបស់អង្គភាពនេះទៅលើសំណុំរឿងចោទប្រកាន់មន្ត្រីការពារសិទ្ធិមនុស្ស នៃសមាគមអាដហុក និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការស្នើសុំជួបជុំដង្ហែញត្តិរបស់ក្រុមនេះ គឺនៅបន្ទាប់ពីតំណាងសហគមន៍ដីធ្លីបានស្នើទៅកាន់សាលារាជធានីជួបជុំដង្ហែក្បួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្រឆាំងចំពោះចំណាត់ការរបស់អង្គភាពនេះទៅលើសកម្មជនការពារសិទ្ធិមនុស្សកាលពីពេលថ្មីៗ។ ប៉ុន្តែការស្នើសុំនេះ មិនត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យដូចគ្នា។
ទោះជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ដីធ្លីរក្សាជំហរថា នឹងនៅតែជួបជុំដង្ហែញត្តិតាមការគ្រោងទុក។ ដោយឡែក សម្រាប់ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពវិញ វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងដើម្បីសួរពីជំហររបស់ពួកគេពីការជួបជុំដង្ហែក្បួននេះបាននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
