កងទ័ពកម្ពុជា នឹងស្វែងរកចាប់ខ្លួនបុរសម្នាក់ដែលបានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ឲ្យកងកម្លាំងប្រដាប់អាវុធត្រៀមធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាច។ ដោយឡែក អ្នកវិភាគនយោបាយក៏មិនគាំទ្រការប្រកាសការធ្វើរដ្ឋប្រហារនេះដែរ ដោយហេតុថា នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ឲ្យដឹងថា ការប្រកាសធ្វើរដ្ឋប្រហារបែបនេះ គឺខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ ដូច្នេះកងទ័ពនឹងប្ដូរផ្ដាច់ប្រឆាំងដាច់ខាតមិនឱ្យមានបដិវត្តន៍ ឬរដ្ឋប្រហារនៅកម្ពុជា កើតឡើងឡើយ ហើយខ្លួននឹងប្រើវិធានការផ្សេងៗ ដើម្បីការពាររដ្ឋាភិបាលស្របច្បាប់។ នេះបើយោងតាមគេហទំព័ររបស់អង្គភាពហ្វ្រេសញ៉ូ (Fresh News) ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា។
រីឯអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនទាន់ដឹងរឿងនេះនៅឡើយទេ ប៉ុន្តែលោកថា ក្រសួងការពារជាតិមានភារកិច្ចការពាររដ្ឋាភិបាលដែលកើតឡើងដោយស្របច្បាប់៖ «អ្នកដែលប្រកាសប្រឆាំងរាជរដ្ឋាភិបាលដែលស្របច្បាប់ ឬប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញ ឬប្រឆាំងនឹងព្រះករុណា ឬប្រឆាំងនូវផលប្រយោជន៍ជាតិនៅក្នុងផ្នែកសន្តិសុខ ខាងក្រសួងការពារជាតិ នឹងចាត់វិធានការ»។
ក្រោយពីឃាតកម្មលើបណ្ឌិត កែម ឡី ថ្មីៗនេះ បណ្ដាញសង្គមហ្វេសប៊ុក បានចែករំលែកនូវខ្សែវីដេអូមួយ រយៈពេល ៤នាទីកន្លះ ដោយក្នុងវីដេអូនោះ គឺបុរសម្នាក់អះអាងថា ខ្លួននៅអង្គភាពទិសនិរតី ដែលស្លៀកពាក់ពាក់អាវធំ ពាក់ក្រវាត់ក បានថតជាខ្សែវីដេអូឃ្លិប ផ្សព្វផ្សាយតាមគណនីហ្វេសប៊ុក បានប្រកាសអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួនដើម្បីចូលរួមធ្វើរដ្ឋប្រហាររំដោះជាតិមាតុភូមិពីរបបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដ៏ខ្លីខាងមុខ។
បុរសរូបនោះបន្តថា អង្គភាពរបស់លោកមិនទទួលស្គាល់រដ្ឋាភិបាលដោយដឹកនាំដោយគណបក្សប្រជាជនកម្ពុជាឡើយ ដោយលើកហេតុផលថា បានរួមចំណែកប្រព្រឹត្តឧក្រិដ្ឋកម្មសម្លាប់ខ្មែរជាច្រើនរាប់ចាប់តាំងពីរបបកម្ពុជាប្រជាធិបតេយ្យ និងនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងផែនការ "ក៥'' មក។ មិនតែប៉ុណ្ណោះក្នុងពេលថ្មីៗនេះ មានឃាតកម្មធំៗជាច្រើនទៀត រួមមានការបាញ់សម្លាប់ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី និងចុងក្រោយបង្អស់គឺលោកបណ្ឌិត កែម ឡី។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា លោកមិនគាំទ្រឲ្យមានរដ្ឋប្រហារនោះទេ។ លោកចង់ឃើញដំណោះស្រាយសន្តិវិធី គឺធ្វើឡើងតាមរយៈការបោះឆ្នោតប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៖ «មិនគួរណាបំផុសអោយមានចលនានេះនោះទេ ព្រោះវាធ្វើអោយរំខានការបោះឆ្នោតនៅពេលខាងមុខ។ ចំណុចទីពីរ គឺបទពិសោធន៍នៃការធ្វើរដ្ឋប្រហារក្នុងប្រទេសកម្ពុជា កន្លងមក ធ្វើឲ្យមានវប្បធម៌សងសឹកគ្នាទៅវិញទៅមក ខ្មែរនិងខ្មែរលាបពណ៌គ្នា និងចាត់ទុកគ្នាជាសត្រូវ ដូច្នេះអ្វីដែលជាចំណុចសំខាន់គឺធ្វើយ៉ាងណាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ»។
ទន្ទឹមគ្នានេះ លោក សូ ចន្ថា បន្ថែមថា ប្រសិនបើមានការលើកឡើងថា សង្គមមួយនេះ មិនទាន់មានយុត្តិធម៌ និងមិនមានតម្លាភាពនោះ រដ្ឋាភិបាលគួរតែពិនិត្យមើល ហើយធ្វើការកែទម្រង់នូវអ្វីដែលជាចំណុចអសកម្មក្នុងសង្គម។ លើសពីនេះ រដ្ឋាភិបាលត្រូវធានាការប្រកួតប្រជែងការបោះឆ្នោតដោយស្មោះត្រង់ ទើបអាចរកឃើញចំណុចរួមមួយដែលនាំឲ្យជាតិរីកចម្រើនសម្រាប់ទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
