មេ​ឃុំ​នៅ​សៀមរាប​រង​ការ​ចោទ​ថា​គំរាម​សម្លាប់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង

ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​ដាក់​ឱ្យ​ប្រើប្រាស់ កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៩៧ ត្រង់​មាត្រា​៧១ បាន​ចែង​ថា គណបក្ស​នយោបាយ និង​បេក្ខជន​ទាំងអស់​មិន​ត្រូវ​ញុះញង់​អ្នក​គាំទ្រ ឬ​អ្នក​បោះឆ្នោត​ឱ្យ​ប្រព្រឹត្ត​អំពើ​រំលោភ​គំរាម​កំហែង ប្រើ​ហិង្សា ឬ​បំភិត​បំភ័យ​ទៅ​លើ​បុគ្គល ឬ​គណបក្ស​នយោបាយ​ដទៃ​ឡើយ។

0:00 / 0:00

ប្រសិន​បើ​មាន​ករណី​នេះ​កើត​ឡើង ច្បាប់​ត្រូវ​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្តិ ដោយ​ពិន័យ​ជា​ប្រាក់​ពី ៥ ទៅ​ដល់ ១០​លាន​រៀល ដោយ​ពុំ​ទាន់​គិត​អំពី​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ឬ​នឹង​ត្រូវ​ដក​ហូត​ប័ណ្ណ​បោះឆ្នោត​រយៈពេល ៥​ឆ្នាំ​ផង។ បើ​ទោះ​បី​ជា​ច្បាប់​បាន​ចែង​យ៉ាង​នេះ​ក៏ដោយ ក៏​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ខ្លះ​នៅ​តែ​គំរាម​កំហែង​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​គាំទ្រ​គណបក្ស​ប្រឆាំង ក្នុង​ពេល​ដែល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​កំពុង​ដំណើរ​ការ​នេះ។

ក្រុម​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​ពាក់ស្នែង ស្រុក​អង្គរធំ ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​គ្រួសារ បន្ទាប់​ពី​មេ​ឃុំ​ទី​នោះ​បាន​ទៅ​គំរាម​កំហែង​ប្រមាថ​ដល់​អាយុ​ជីវិត។

បុរស​អាយុ ៣១​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ភូមិ​ពាក់ស្នែងថ្មី ឃុំ​ពាក់ស្នែង គឺ​លោក ញន សុភា។ លោក​បាន​អះអាង​ថា កាល​ពី​ថ្ងៃ​ទី១៣ ខែ​កក្កដា កន្លង​ទៅ លោក​បាន​ចូលរួម​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៨​យប់​ថ្ងៃ​ដដែល មេ​ឃុំ​ពាក់ស្នែង ដែល​មាន​គ្នា ៣-៤​នាក់​ទៀត បាន​ចូល​ទៅ​ផ្ទះ​របស់​លោក ហើយ​គំរាម និង​ប្រមាថ​ដល់​អាយុ​ជីវិត៖ «គេ​បើក​ឡាន​ចាក់​ម៉ាញ៉េ​ក្នុង​ឡាន​ឱ្យ​កោកៗ រួច​គេ​បិទ​ទ្វារ​ទឹងទាំង ហើយ​ចូល​មក​ផ្ទះ​ខ្ញុំ។ ខ្ញុំ​អញ្ជើញ​គាត់​ឱ្យ​អង្គុយ​លេង ដល់​ពេល​នោះ គេ​លើក​ដៃ​ចង្អុល គេ​ថា​ពួក​អា ៤-៥​ក្បាល​នេះ អញ​ចង់​ចំណាយ​ចោល​ថ្ងៃ​ណា​ក៏​បាន​ដែរ។ គំរាម​ខ្លាំងៗ​ដល់​អាយុ​ជីវិត​ទៅ​ទៀត​នោះ បាន​ន័យ​ថា គេ​ចង់​ឱ្យ​ស្លាប់​ថ្ងៃ​ណា​ក៏​បាន​ដែរ។ គេ​អ្នក​ដឹកនាំ​ឃុំ​មួយ​រូប​ដែរ គេ​មក​ប្រមាថ​ប្រជាពលរដ្ឋ​អីចឹង យើង​ចេះ​តែ​មាន​ការ​ភ័យ​បារម្ភ​កាន់​តែ​ខ្លាំង​រាល់​ថ្ងៃ»

ទោះ​យ៉ាង​ណា មេ​ឃុំ​ពាក់ស្នែង លោក រៀម ប៊ុន បាន​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​នោះ​ថា​ជា​ការ​មិន​ពិត។ លោក​មេ​ឃុំ​ពាក់ស្នែង បាន​មាន​ប្រសាសន៍​ថា កាល​ពី​យប់​ថ្ងៃ​ទី១៣ ខែ​កក្កដា កន្លង​ទៅ​នោះ គឺ​លោក​បាន​ចូល​ទៅ​ផ្ទះ​របស់​ឈ្មោះ ញន សុភា មែន ដើម្បី​សួរ​បញ្ជាក់​ថា តើ​ពិត​ជា​បាន​ទៅ​ចូលរួម​ហែ​ក្បួន​គណបក្ស​សង្គ្រោះ​ជាតិ មែន​ឬ​ទេ? ក៏ប៉ុន្តែ លោក​មិន​បាន​គំរាម និង​ប្រមាថ​ដល់​ជីវិត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «អត់​មែន​ទេ ថា​សម្លាប់​ចោល​ថ្ងៃ​ណាៗ​នោះ អត់​មាន គឺ​គេ​ដាក់​ពាក្យ គេ​ចោទ​បង្កាច់​ខ្ញុំ​ទេ។ បើ​សិន​ជា​ចង់​ដឹង​ច្បាស់​យ៉ាង​ម៉េច ខ្ញុំ​ចង់​ស្បថ​ប្រាំ​ធាន ព្រះ​វត្ត​តាកាំ យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ»

លោក​មេ​ឃុំ​ពាក់ស្នែង បាន​អះអាង​ថា លោក​មាន​អ្នក​ដឹង​ឮ​រឿង​នេះ​ចំនួន ២-៣​នាក់​ផ្សេង​ទៀត ដែល​ជា​សាក្សី​អាច​បញ្ជាក់​ថា លោក​ពុំ​បាន​គំរាម​ប្រមាថ​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទេ។

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​បាន​ដាក់​ពាក្យ​ប្ដឹង​មេ​ឃុំ​ពាក់ស្នែង ស្ដីពី​ការ​គំរាម និង​ប្រមាថ​ដល់​អាយុ​ជីវិត​នេះ ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​ឃុំ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា កន្លង​ទៅ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ពាក់ស្នែង មិន​អាច​ដោះស្រាយ​ករណី​នេះ​បាន​ទេ គឺ​ត្រូវ​បញ្ជូន​បន្ត​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​សៀមរាប លោក សួស ណារិន ដែល​ចុះ​ស្រាវជ្រាវ​ករណី​នោះ បាន​រក​ឃើញ​ថា តាម​ការ​សាកសួរ​ទៅ​លើ​សាក្សី និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ពាក់ស្នែង ផង គឺ​លោក​មេ​ឃុំ​ពិត​ជា​បាន​គំរាម និង​ប្រមាថ​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ទៅ​ចូលរួម​ដង្ហែ​ឃោសនា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ មែន៖ «ពិត​ហើយៗ​មេ​ឃុំ​ហ្នឹង​បាន​សុំ​អង្វរ​ថា កុំ​ឱ្យ​បញ្ជូន​បណ្ដឹង​ហ្នឹង​មក ប៉ិច (PEC) ទៀត​ណា»

លោក សួស ណារិន បាន​ហៅ​សកម្មភាព​របស់​មេ​ឃុំ​ពាក់ស្នែង ថា ជា​ការ​គាប​សង្កត់​ខុស​ច្បាប់​ទៅ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ មិន​ឱ្យ​ចូលរួម​គណបក្ស​នយោបាយ​ណា​មួយ​ដែល​គេ​ស្រឡាញ់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។