អភិបាលក្រុងបានលុង ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ចទៅកាន់តួនាទីជាមន្ត្រីសាលាខេត្តរតនគិរី។ ចំណែកតំណែងអភិបាលក្រុងថ្មី ត្រូវបានប្រគល់ទៅឲ្យអតីតប្រធានពន្ធនាគារ ខេត្តរតនគិរី គឺលោក ងិន ណែល។
ការផ្ទេរភារកិច្ចអភិបាលក្រុងបានលុង ធ្វើឡើងនៅថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីអភិបាលក្រុងចាស់ដែលត្រូវផ្លាស់ចេញ លោក អ៊ុក សំអុល មានរឿងចម្រូងចម្រាសជាច្រើនទាក់ទិនការដឹកនាំរបស់លោកចាប់ពីពេលចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ២០១៥ ជាពិសេសអាជីវករផ្សារបានលុង ជាង ២០០នាក់ បានប្ដឹងលោកពីបទប្រមាថ និងរុះរើតូបអាជីវករដើម្បីយកដីចំណីផ្សារប្រគល់ឲ្យឈ្មួញធ្វើអាជីវកម្ម។
លោក ងិន ណែល ជាអតីតគ្រូបង្រៀន ជាមន្ត្រីសន្តិសុខសាលាខេត្ត ជាអតីតប្រធានពន្ធនាគារខេត្តរតនគិរី រយៈពេលជាង ២០ឆ្នាំ និងជាមន្ត្រីថ្នាក់នាយកដ្ឋានក្រសួងមហាផ្ទៃ ថ្លែងប្ដេជ្ញាចិត្តក្នុងពិធីផ្ទេរតំណែងថា លោកនឹងខិតខំធ្វើការងារបម្រើប្រទេសជាតិ៖ «ប្ដេជ្ញាគោរពម៉ឺងម៉ាត់សច្ចធម៌ យុត្តិធម៌ចំពោះមុខច្បាប់ បទបញ្ញត្តិ និងលិខិតបទដ្ឋាននានា។ រក្សាចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាធ្លុងមួយ និងខិតខំលុបបំបាត់ឲ្យអស់ភាពអសកម្មនានា ជាពិសេសពង្រឹងអភិបាលកិច្ចល្អ»។
ទោះជាយ៉ាងនេះក៏ដោយ ខណៈលោក ងិន ណែល រៀបចំចូលកាន់តំណែងថ្មីនេះ មន្ត្រីអង្គការសង្គមស៊ីវិលខ្លះបានបញ្ចេញព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក រិះគន់ពីការងារអសកម្មរបស់លោកក្នុងតំណែងជាប្រធានពន្ធនាគារខេត្តនៅអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ថា ការគ្រប់គ្រងអ្នកទោស និងការរៀបចំពន្ធនាគារមិនបានល្អប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
