មន្ត្រីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ នៅខេត្តពោធិ៍សាត់ ចោទអាជ្ញាធរមូលដ្ឋាននៃខេត្តនេះ ថាបានរារាំងមិនឲ្យពលរដ្ឋចូលរួមធ្វើនយោបាយជាមួយគណបក្សរបស់ខ្លួន។ ចំណែកអាជ្ញាធរប្រកែកថា មិនដឹងរឿងនេះទៅវិញ។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ខេត្តពោធិ៍សាត់ ចោទប្រកាន់មេភូមិអូរ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងបត់កណ្ដោល ស្រុកបាកាន ថាបានគំរាមពលរដ្ឋមិនឲ្យចូលរួមសកម្មភាពនយោបាយ ឬធ្វើនយោបាយជាមួយគណបក្សរបស់ខ្លួន។
លោក ប៉ែន ប៊ុនធឿន ដែលជាប្រធានគណៈកម្មាធិការប្រតិបត្តិមានប្រសាសន៍នៅថ្ងៃទី១៨ ខែមិថុនា ថា រយៈពេលបីថ្ងៃជាប់ៗគ្នានៃដំណើរការរៀបចំរចនាសម្ព័ន្ធមន្ត្រីបក្សថ្នាក់ស្រុក និងឃុំ ចាប់ពីថ្ងៃទី១៥ ខែមិថុនា មក គឺមានការរំខានយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរមូលដ្ឋាន។ ជាក់ស្ដែងមេភូមិអូរ ឈ្មោះ ណុប អ៊ួក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងបត់កណ្ដោល ឈ្មោះ កែវ លន់ បានគំរាមសកម្មជនរបស់លោកឈ្មោះ ប៊ុន ផល្លី ថានឹងមិនធ្វើលិខិតស្នាមអ្វីមួយឲ្យទេ ឬជួយនៅពេលមានរឿងហេតុអ្វីកើតឡើងទៅថ្ងៃក្រោយ បើលោកស្រីចូលរួមធ្វើនយោបាយជាមួយគណបក្សសំបុកឃ្មុំនោះ៖ « ខ្ញុំចូលទៅម្សិលមិញថ្ងៃទី១៧ ថាខ្ញុំអត់មានប្រាប់មេភូមិទេ។ ខ្ញុំថាខ្ញុំចុះមករៀបចំរចនាសម្ព័ន្ធ បើប្រាប់ទៅអស់លោកគំរាមកំហែងទៅប្រជាពលរដ្ឋបាត់ទៅហើយហ្នឹង។ ទៅគំរាមម្ចាស់ផ្ទះ និងប្រជាពលរដ្ឋដែលមកចូលរួម។ ស្រុកបាកាន យ៉ាប់ពេក គេប្រុងឈរឈ្មោះក្នុងរចនាសម្ព័ន្ធដល់ភូមិទៀតណោះ។ តែដល់អាជ្ញាធរដែនដីភូមិ - ឃុំដាក់គំនាបអ៊ីចឹងទៅ ប្រជាពលរដ្ឋលែងហ៊ានឈរឈ្មោះ »។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងបត់កណ្ដោល លោក កែវ លន់ មិនធ្វើអត្ថាធិប្បាយពីករណីនេះទេ ដោយលោកប្រាប់ថា លោកកំពុងជាប់រវល់នៅរសៀលថ្ងៃទី១៨ ខែមិថុនា។
ចំណែកមេភូមិអូរ លោក ណុប អ៊ួក បដិសេធថាលោកមិនដឹងរឿងអ្វីទេ ព្រោះនេះគឺជាការងាររបស់សមត្ថកិច្ចប៉ូលិស ហើយលោកគ្រាន់តែបានចូលរួមស្ដាប់ក្នុងនាមជាអាជ្ញាធរភូមិប៉ុណ្ណោះ៖ « អានេះនៅលើខាងរដ្ឋបាលប៉ុស្តិ៍ទេ ដែលគាត់សួរនាំហ្នឹង។ ខ្ញុំស្ដាប់មិនសូវបានច្បាស់លាស់ដែរ កាលទៅចូលរួមហ្នឹងគាត់និយាយយូរ ហើយខ្ញុំទៅផ្ទះវិញទៅ »។
មន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក ស៊ិន ទិត្យសីហា ថ្លែងថា ការរឹតត្បិត ឬគំរាមកំហែងលើពលរដ្ឋ និងសកម្មជនគណបក្សក្រៅរដ្ឋាភិបាលកើតមានគ្រប់អាណត្តិនៃការបោះឆ្នោត។ ដ្បិតលោកមិនអាចបង្ហាញតួលេខនៃករណីរំលោភបំពានបែបនេះ ប៉ុន្តែលោកថា អាជ្ញាធរតែងតែប្រើរូបភាពគំរាមកំហែងផ្សេងៗគួរឲ្យបារម្ភ៖ « ក្នុងករណីហ្នឹងយើងគិតថា វាជាការរើសអើងនយោបាយ។ មួយទៀតជាការគំរាមកំហែង ហើយវារំលោភលើច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា យើងតែម្ដង »។
ទោះបីជាយ៉ាងណា មន្ត្រីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ប៉ែន ប៊ុនធឿន ប្រកាន់ជំហរថា នឹងរៀបចំរចនាសម្ព័ន្ធឲ្យបានគ្រប់ឃុំ និងស្រុកនៃខេត្តពោធិ៍សាត់ ដើម្បីប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ បច្ចុប្បន្ន គណបក្សនេះបានជម្នះរៀបចំរចនាសម្ព័ន្ធមន្ត្រីបក្សបានបីស្រុកហើយ គឺនៅស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិត្រង់មាត្រា៣៤ថ្មី បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ ចំណែកមាត្រា៣៥ នៃច្បាប់ដដែលនេះបានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
