ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ថា ភាគីវៀតណាមសន្យាលុប ស្រះទឹកចំនួន៣ក្នុងខេត្តរតនគិរី និងផ្អាកការសាងសង់សំណង់រឹងមាំ និងផ្លូវតាមព្រំដែនក្នុងខេត្តស្វាយរៀង។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញនៅថ្ងៃទី ១០ កក្កដា អោយដឹងថាការសន្យារបស់ភាគីវៀតណាមនេះ គឺជាលទ្ធផលនៃក្នុងកិច្ចប្រជុំរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម ដែលក្នុងពេលនោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកបញ្ហា៣ ដែលក្រសួងនេះធ្លាប់ផ្ញើកំណត់ទូតតវ៉ា ទៅក្រសួងការបរទេសវៀតណាម។
បញ្ហាទាំងនោះរួមមាន ទី១ បញ្ហាជីកស្រះនៅខេត្តរតនគិរី ចន្លោះបង្គោលព្រំដែនលេខ ៣០ និង ៤០ ដោយស្នើសុំឱ្យវៀតណាមលុបស្រះចំនួន ៨កន្លែងនៅខេត្តរតនគិរី ដែលក្រសួងការបរទេសធ្វើកំណត់ទូតតវ៉ា២ដង កាលពីថ្ងៃ១២ និង ១៤ មិថុនា ឆ្នាំ ២០១៥។
ការឆ្លើយតបរបស់អនុរដ្ឋមន្ត្រីការប្រទេសវៀតណាមសន្យាថា នឹងលុបស្រះចំនួន៣។ រីឯស្រះ ៥ទៀត ក្រុមបច្ចេកទេសចម្រុះនៃគណៈកម្មការព្រំដែនប្រទេសទាំងពីរ នឹងចុះទៅពិនិត្យមើលជាក់ស្ដែង តែក្នុងនោះ មានស្រះ ២ ជាស្រះចាស់យូរមកហើយ។
បញ្ហាទី២ ក្រសួងការបរទេសស្នើសុំឱ្យវៀតណាមផ្អាកជាបន្ទាន់នូវការសង់ប៉ុស្តិ៍យោធា ក្បែរភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ក្រសួងការបរទេសបានធ្វើកំណត់ទូតតវ៉ា ២ដង កាលពីថ្ងៃទី ៨ និងថ្ងៃទី ១៧ខែមិថុនា ឆ្នាំ ២០១៥។ អនុរដ្ឋមន្ត្រីការប្រទេសវៀតណាមបញ្ជាក់ថា បានផ្អាកការសាងសង់នេះហើយ។
ដោយឡែកបញ្ហាទី៣ គឺការស្នើសុំឱ្យវៀតណាម ផ្អាកការធ្វើផ្លូវនៅចន្លោះបង្គោលព្រំដែនលេខ ១៩៤ ដល់ ២០៣ លេខ ២១១ ដល់ ២១៣ និងលេខ ២១៣ ដល់ ២២៧ នៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្រសួងការបរទេសបានធ្វើកំណត់ទូតតវ៉ា នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៥។ បញ្ហាអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏ឆ្លើយតបថា បានបញ្ជាឱ្យផ្អាកការសាងសង់នោះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
