ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ស្នើ​លើក​បញ្ហា​ព្រំដែន​ដាក់​ឲ្យ​ម្ចាស់​ហត្ថលេខី​ទីក្រុង​ប៉ារីស​ដោះស្រាយ

ដោយ ម៉ម មុនីរតន៍
2014.10.23
ព្រំដែន ស្វាយរៀង ៦១០ តម្រុយ​បង្គោល​ដែល​ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​វៀតណាម ចូល​មក​បោះ​លើ​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​០២ ឧសភា ឆ្នាំ២០១៤។
RFA/Hum Chamroeun

ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ក៏​ជា​ម្ចាស់​ហត្ថលេខី​មួយ​ដែរ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ទាំង​១៨ នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ រង​ការ​រិះគន់​ថា មិន​បាន​គោរព​ពី​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ទេ ជាពិសេស​បញ្ហា​គោរព​បូរណភាព​ដែន​ដី​នៃ​ប្រទេស​ជិត​ខាង​គ្នា។

បញ្ហា​នេះ​ហើយ ដែល​ត្រូវ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​តែង​ពិនិត្យ​ទៅ​លើ​រឿង​ព្រំដែន ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ករណី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម នេះ ដាក់​ជូន​បណ្ដា​ប្រទេស​ហត្ថលេខី​ដោះស្រាយ​ជា​បន្ទាន់។

អង្គការ និង​សមាគម​ចំនួន​៨ ដែល​តំណាង​ឲ្យ​សមាជិក​នៃ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ចុះ​ហត្ថលេខា​រួម​គ្នា​មួយ​លើ​លិខិត​ចំហ ដែល​លិខិត​នោះ​ទាមទារ​ឲ្យ លោក ហ៊ុន សែន អន្តរាគមន៍​ជា​បន្ទាន់​ករណី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។

ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ​រក​ឃើញ​ថា ប្រទេស​ទាំង​ពីរ​នេះ កន្លង​មក​មិន​បាន​គោរព​ទៅ​តាម​ធម្មនុញ្ញ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា នោះ​ម្ដង​ណា​ទេ។

លិខិត​ចំហ​ដែល​ចុះ​ហត្ថលេខា​រួម​គ្នា​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង ៨​ស្ថាប័ន ដែល​ផ្ញើ​ជូន លោក ហ៊ុន សែន ឲ្យ​ដឹង​ថា សម្រាប់​ខួប​លើក​ទី​២៣ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​បញ្ហា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ បាន​កំណត់​ឲ្យ​កម្ពុជា ត្រូវ​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី ដែល​មិន​អាច​រំលោភ​បាន​ពី​ប្រទេស​ជិត​ខាង។

លិខិត​ដដែល​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះ​ជា​មាន​ការ​ធានា​ដូច​នេះ​ក្ដី ក៏​សមាជិក​ទាំង ១៨​ប្រទេស​នៃ​ម្ចាស់​ហត្ថលេខី ដែល​ទទួល​ស្គាល់​ពី​ការ​ស្ដារ​សន្តិភាព​ឡើង​វិញ​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រទេស​ពីរ គឺ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម មិន​បាន​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ ហើយ​នៅ​តែ​រំកិល​បង្គោល​ព្រំដែន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា និង​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន។

ពាក់ព័ន្ធ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​លើក​ឡើង​ថា វា​ហាក់​បាន​ស្រង់​ខ្លឹមសារ​យក​មក​បញ្ចូល​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​អស់​ទៅ​ហើយ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ អះអាង​ថា ការ​ពិត ធម្មនុញ្ញ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ មិន​បាន​សាប​សូន្យ​ឡើយ ជាពិសេស​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទៀត​សោត គឺ​នៅ​តែ​មាន​សុពលភាព​ផ្នែក​ច្បាប់ ហើយ​ជា​បទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​ថែម​ទៀត​ផង ដែល​អាច​និរាករណ៍​លើ​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា ទាំង​មុន និង​ក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​នាំ​ឲ្យ​ប៉ះពាល់​ទឹក​ដី​កម្ពុជា៖ «សន្ធិសញ្ញា​បំពេញ​បន្ថែម​ហ្នឹង គឺ​ឥត​ត្រឹមត្រូវ​ទេ។ នៅ​ក្នុង​សន្ធិសញ្ញា​គេ​បាន​និយាយ​សូម​គោរព​បូរណភាព​ទឹក​ដី និង​អ្វី​ដែល​ប៉ះពាល់​បូរណភាព​ទឹក​ដី ត្រូវ​តែ​គោរព។ រួច​គាត់​ឥត​គោរព ហើយ​ថា​ឲ្យ​លុប​ចោល​ផង រួច​ហើយ​គាត់​បន្ថែម។ អា​ហ្នឹង​វា​ខុស​ទៅ​ទៀត។ វា​ខុស​ទាំង​ពីរ ដោយសារ​មិន​គោរព​សន្ធិសញ្ញា​ហ្នឹង រួច​បន្ថែម​វា​ខុស​ទៅ​ទៀត​ហើយ»

បើ​ទោះ​ជា​បែប​ណា មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាល​ចោល​ភ្លាមៗ​ជុំវិញ​ការ​រក​ឃើញ​ថា មាន​ការ​រំលោភ​បំពាន​អធិបតេយ្យភាព​កម្ពុជា ពី​បណ្ដា​ប្រទេស​ជិត​ខាង​នេះ។

ក៏ប៉ុន្តែ លោក រ៉ុង ឈុន តំណាង​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា វិញ អះអាង​ថា ប្រទេស​ជិត​ខាង​កម្ពុជា ទាំង​វៀតណាម និង​ភាគី​ថៃ គឺ​បាន​បំពាន​ទាំង​ស្រុង​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា នេះ។ លោក​បន្ត​ថា មាន​ភស្តុតាង​ជាច្រើន​ករណី​ដែល​រក​ឃើញ​ថា វៀតណាម និង​ថៃ បាន​រំកិល​ចូល​មក​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ជំនាញ​របស់​រដ្ឋាភិបាល ទប់ស្កាត់ និង​ដោះស្រាយ​ឡើយ៖ «យើង​បាន​ទៅ​ដល់​ស្រុក​ពញាក្រែក បាន​ទៅ​ដល់​ច្រើន​កន្លែង​ដូច​ទៅ​តាកែវ ទៅ​ខេត្ត​កណ្ដាល ព្រៃវែង ស្វាយរៀង អី ដែល​យើង​បាន​ឃើញ​រាល់​បង្គោល ភាគ​ច្រើន​បោះ​ចូល​មក​លើ​អធិបតេយ្យភាព​បូរណភាព​ទឹក​ដី​នៃ​កម្ពុជា។ អា​ហ្នឹង​យើង​និយាយ​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា​យួន ហើយ​បើ​យើង​ងាក​ទៅ​មើល​ខ្សែ​បន្ទាត់​រវាង​កម្ពុជា​សៀម វិញ ករណី​នៅ​ខេត្ត​បរ​ប៉ៃលិន បរយ៉ាខា។ ករណី​ប្រាសាទ​ព្រះវិហារ»

ឆ្លើយ​តប​រឿង​នេះ លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និយាយ​ថា នេះ​ជា​ទម្លាប់​របស់​អ្នក​រិះគន់​ដែល​តែង​ចោទ​ប្រកាន់​ប្រឆាំង​រដ្ឋាភិបាល។ លោក​បន្ត​ថា ការ​ចោទ​ប្រកាន់​ណា​មួយ​ទៅ​លើ​ប្រទេស​ជិត​ខាង វា​មិន​គួរ​គប្បី​ឡើយ ខណៈ​ប្រទេស​ទាំង​នោះ​កំពុង​កសាង​ព្រំដែន​សន្តិភាព​ជាមួយ​គ្នា ហើយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​ប្រទេស​ជិត​ ខាង ដោយ​រួម​ទាំង​កម្ពុជា ផង។ លោក​ថ្លែង​បន្ត​ថា ជា​រឿយៗ គឺ​កម្រ​ឃើញ​មាន​របាយការណ៍​ជាក់​លាក់​ណាស់​ពី​ក្រុម​អ្នក​រិះគន់ អំពី​បញ្ហា​ដែល​តែង​លើក​ឡើង។ ផ្ទុយ​ទៅ​វិញ ដោយ​គ្រាន់​តែ​ផ្សព្វផ្សាយ​តាម​អ្វី​ដែល​បាន​ដឹង ឬ​ថា​ឮ​ប៉ុណ្ណោះ៖ «រាល់​ការ​ការពារ​អធិបតេយ្យ​នៃ​ប្រទេស​នីមួយៗ ប្រទេស​គេ​ក៏​គេ​បាន​កំពុង​តែ​ពង្រឹង​គោរព​អនុវត្ត​ច្បាប់ ក្នុង​ឋានៈ​ជា​ប្រទេស​ជិត​ខាង​ដែរ។ យើង​កំពុង​បាន​អនុវត្ត​ត្រឹមត្រូវ​ច្បាប់។ យើង​ក៏​មិន​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​រំលោភ​អធិបតេយ្យ​នោះ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​ចរចា​គ្នា​ទៅ​លើ​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន ដោយ​មាន​ក្រុម​គណៈកម្មការ​បច្ចេកទេស​នៃ​ប្រទេស​ទាំង​សង្ខាង។ អ៊ីចឹង រាល់​អ្វី​ដែល​ខាង​ក្រុម លោក រ៉ុង ឈុន ចោទ​ប្រកាន់ គឺ​កន្លង​មក គឺ​គាត់​មិន​បាន​ឈរ​ទៅ​ការ​ពិត​ទេ»

បើ​ទោះ​ជា​បែប​ណា លិខិត​ចំហ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​សព្វថ្ងៃ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​បញ្ហា​របស់​កម្ពុជា នឹង​មិន​មាន​បញ្ហា​នោះ​ទេ។

លិខិត​ឲ្យ​ដឹង​ទៀត​ថា ព្រោះ​ក្នុង​ខ្លឹមសារ​នៃ​មាត្រា​៥ ចំណុច​ទី​១​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ចែង​យ៉ាង​ច្បាស់​ថា ក្នុង​ករណី​មាន​ការ​រំលោភ ឬ​ការ​គំរាម​កំហែង​រំលោភ​លើ​អធិបតេយ្យភាព ឯករាជ្យ​ភាព បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ទឹក​ដី​អព្យាក្រឹតភាព ឬ​ឯកភាព​ជាតិ​នៃ​កម្ពុជា ឬ​លើ​ការ​ប្ដេជ្ញា​អនុវត្ត​ដទៃ​ទៀត​ណា​មួយ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ បណ្ដា​រដ្ឋ​ភាគី​នៃ​កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​បន្ទាន់ ដើម្បី​អនុម័ត​រាល់​វិធានការ​សមស្រប ដើម្បី​ធានា​ការ​គោរព​ដល់​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​នោះ តាម​មធ្យោបាយ​សន្តិវិធី។

សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា នេះ ក៏​បាន​ធានា​ទៀត​ថា រាល់​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ដែល​ប៉ះពាល់​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​នៃ​កម្ពុជា ត្រូវ​ចាត់​ទុក​ជា​និរាករណ៍។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​ញឹកញយ​តែង​ឃ្លាំ​មើល​រឿង​ព្រំដែន តែង​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​ឲ្យ​ទឹក​ដី​កម្ពុជា មួយ​ផ្នែក​ធំ ត្រូវ​បាត់​បង់​ទៅ​ប្រទេស​វៀតណាម តាម​រយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។ មួយ​ផ្នែក​ទៀត ត្រូវ​បាន​ភាគី​ថៃ បន្ត​ខិត​ចូល​មក​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន​មួយ​ចំនួន​ផង។

ពាក់ព័ន្ធ​រឿង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា រួច​ម្ដង​ហើយ​ថា ការ​ពិត​ទាំង​ដី​គោក និង​ដែន​សមុទ្រ​នេះ រដ្ឋាភិបាល​របស់​លោក​មិន​ដែល​ធ្វើ​ឲ្យ​បាត់​ទេ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន បាន​ទម្លាក់​កំហុស​ក្នុង​រឿង​នេះ​ទៅ​លើ លោក ស៊ាន ប៉េងស៊ែ ទៅ​វិញ។ លោក ហ៊ុន សែន ថ្លែង​ដោយ​អំនួត​ថា វា​ជា​សំណាង​របស់​កម្ពុជា ទៅ​វិញ​ទេ ដែល​មាន​ភ័ព្វ​វាសនា​មិន​បាន​ចរចា​ជាមួយ​វៀតណាម​ខាង​ត្បូង ដែល​ជា​ដៃគូ​សម្ព័ន្ធ​មិត្ត​របស់ លោក លន់ លន់ និង​លោក ស៊ាន ប៉េងសែ នោះ«វៀតណាម ដែល​យើង​ចរចា​សព្វថ្ងៃ គឺ​វៀតណាម​ខាង​ជើង បន្ទាប់​ពី​ការ​ឯកភាព​មក គឺ​ប្រកាន់​វៀតណាម​ខាង​ជើង។ បាន​ជា​បន្តិច​យើង​មិន​បាន​ឃើញ​ខ្សែ​ព្រំដែន​របស់ ធាវ គី នៅ​ក្នុង​តំបន់​សមុទ្រ​ទេ។ បាត់​ហើយ ព្រោះ​វៀតណាម​ខាង​ជើង គាត់​ឥត​មាន​ខ្សែ​ផែនទី​ព្រំដែន​ហ្នឹង​ទេ។ បន្តិច​នឹង​បាន​ឃើញ ប៉ុន្តែ​បើ​សិន​ជា​វៀតណាម​ខាង​ត្បូង នៅ​បន្ត ដែល​ជា​សម្ព័ន្ធ​របស់ លន់ នល់ ហើយ​ជា​សម្ព័ន្ធ​របស់ លោក ស៊ាន ប៉េងសែ នោះ ច្បាស់​ជា​អា​កោះ​វ៉ៃ ហ្នឹង​បាត់​ហើយ មិន​បាន​មក​យើង​វិញ​ទេ។ កុំ​អាង​អី​ណា​ថា​មិន​ដែល​បាត់»

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​ធ្លាប់​ជា​អតីត​អ្នក​គូស​ផែនទី​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ និយាយ​ថា តាម​ពិត​ស្ទើរ​គ្រប់​ជំនាន់​ណាស់​មក​ហើយ ប្រទេស​កម្ពុជា ពុំ​ដែល​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​ដូច​ក្នុង​អាណត្តិ​ដែល លោក ហ៊ុន សែន គ្រប់គ្រង​នេះ​ឡើយ។ ស្ថិត​ក្នុង​វ័យ ៧៥​ឆ្នាំ លោក ស៊ាន ប៉េងសែ ថ្លែង​ថា ជាង​មួយ​សតវត្ស​ហើយ ក្រោយ​ពី​អាណាព្យាបាល​បារាំង និង​ថៃ បាន​គូស​ផែនទី​សម្រាប់​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩០៤ មក លោក​អះអាង​ថា ទើប​តែ​ពេល​នេះ​ទេ​មាន​តំបន់​ស និង​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​ជិត​ខាង៖ «តាំង​ពី​ឆ្នាំ​១៩០៤-១៩០៨ គឺ​យួន​ក្តី អា​នេះ​បើ​និយាយ​ជិត​ខាង​សៀម ចុះ ឥត​មាន​តំបន់​គឺ​ថា​ជាន់​គ្នា​ទេ ហើយ​សព្វថ្ងៃ​ហ្នឹង​តំបន់​ជាន់​គ្នា។ មួយ​សតវត្ស​ហើយ​ហេតុ​អី​ទើប​និយាយ​ជំនាន់ លោក ហ៊ុន សែន បង្កើត​មក​ហ្នឹង ហើយ​ថា​វា​នា​ជាន់​លើ​គ្នា។ វា​ឥត​មាន​ជាន់​លើ​គ្នា​ទេ ឥត​សោះ»

ដោយ​ឡែក​សម្រាប់​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា វិញ ព្រមាន​ទៅ​រដ្ឋាភិបាល​ថា ប្រសិន​បើ​លិខិត​ចំហ​នៅ​ពេល​នេះ មិន​ត្រូវ​បាន​រដ្ឋាភិបាល​អើពើ​ទេ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​អាច​នឹង​មាន​សកម្មភាព​តវ៉ា​ប្រឆាំង​ភាព​ ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល។ យុទ្ធនាការ​ដែល​គ្រោង​នឹង​ធ្វើ​នោះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ចាត់​វិធានការ​សមស្រប ដោយ​ស្នើ​ឲ្យ​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ ទីក្រុង​ប៉ារីស ដោះស្រាយ​ជា​បន្ទាន់​លើ​ករណី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។