ប្រភពពីមន្ត្រីជាន់ខ្ពស់យោធាថៃ បានឲ្យដឹងថា ការធ្វើយ៉ាងនេះគឺដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ តាមស្មារតីរបស់តុលាការយុត្តិធម៌អន្តរជាតិ អាយស៊ីជេ (ICJ)។ ទន្ទឹមនឹងនេះ យោធាជាន់ខ្ពស់កម្ពុជា អះអាងថា នេះគឺជាផ្នែកមួយដែលអាចធ្វើឲ្យកម្ពុជា និងថៃ មានសន្តិសុខនៅតាមតំបន់ព្រំដែនឡើងវិញ។
មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ថ្លែងថា សព្វថ្ងៃស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅក្បែរតំបន់ប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់ជាធម្មតា ខណៈភាគីទាំងពីរបន្តអត់ធ្មត់រង់ចាំលទ្ធផលដែលចេញដោយតុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ជេ អំពីប្រាសាទព្រះវិហារ បើទោះជាមានព័ត៌មានត្រូវគេទម្លាយឲ្យដឹងខ្លះៗ ស្ដីពីយោធាថៃ បានរៀបចំឧបករណ៍បំពងសំឡេង ដើម្បីឃោសនានៅតាមខ្សែបន្ទាត់ព្រំដែន ជាទីកំពុងមានជម្លោះក្ដី។
ការអះអាងរបស់មេបញ្ជាការជាន់ខ្ពស់កម្ពុជា ដូចនេះ កើតមានឡើង នៅបន្ទាប់ពីមេបញ្ជាការជាន់ខ្ពស់យោធាថៃ ដែលត្រូវបានកាសែត ឌឹ ណេហ្សិន (The Nation) របស់ថៃ ចុះផ្សាយនៅថ្ងៃទី២៤ តុលា សរសេរថា តម្រួតព្រំដែនថៃ បានយកមីក្រូជាច្រើនគ្រឿង ចង់ភ្ជាប់លើដើមឈើជាច្រើនទីតាំងនៃខេត្តស៊ីសាកេត ក្នុងបូរណភាពទឹកដីរបស់ប្រទេសថៃ ដែលនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទព្រះវិហារនោះ។
លោក ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការប្រចាំទិសប្រាសាទព្រះវិហារ ចាត់ទុកសកម្មភាពរបស់យោធាថៃ នៅពេលនេះ ថាគឺជាការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាទៅវិញទេ។
លោកបន្តថា អ្វីដែលមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នារួចហើយនោះ វាជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្របន្ត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៖ «ទិដ្ឋភាពហ្នឹងចេះតែថា ប៉ុន្តែថាវាមិនមានអីធំដុំទេ។ និយាយរួម កងទ័ពទាំងពីរនៅនិយាយគ្នាបាន ហើយនាយករដ្ឋមន្ត្រី សម្ដេចតេជោ និងលោកជំទាវ យីងឡាក់ ហ្នឹងជួបប្រស្រ័យទាក់ទងរហូត ពិសេសអ្នកនៅកន្លែងតែម្ដង គឺគេបានហូបទឹក ឬក៏ជំនុំគ្នាផឹកតែ ផឹកទឹកអីជុំគ្នា»។
អគ្គមេបញ្ជាការជាន់ខ្ពស់របស់ថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា (Prayuth Chan-ocha) ដែលត្រូវបានកាសែត ឌឹ ណេហ្សិន របស់ថៃ ស្រង់សម្ដីចុះផ្សាយនិយាយថា ឧបករណ៍បំពងសំឡេងទាំងនេះ ត្រូវគេរៀបចំ និងដំឡើងជាភាសាខ្មែររួចជាស្រេច មុននឹងត្រូវប្រកាសឲ្យយោធា និងពលរដ្ឋកម្ពុជា នៅតាមព្រំដែនបានដឹងនោះ។
ស្របពេលដែលមន្ត្រីយោធាកម្ពុជា ឲ្យដឹងថា ប្រាសាទព្រះវិហារនៅពេលនេះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្តទៅទស្សនាជារៀងរាល់ថ្ងៃនៅទីនោះ។ ទន្ទឹមនឹងនេះ ពលរដ្ឋថៃ ដែលមានចំនួនដ៏ច្រើន ត្រូវគេអនុញ្ញាតកាលពីថ្ងៃទី២៣ តុលា ដើម្បីឲ្យចូលទៅទស្សនាប្រាសាទព្រះវិហារ ដែលពុំធ្លាប់មាន ចាប់តាំងពីប្រទេសទាំងពីរមានជម្លោះយោធាក្រោយឆ្នាំ២០០៨ មក។
ប៉ុន្តែលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកការរៀបចំឧបករណ៍បំពងសំឡេងក្បែរតំបន់កំពុងមានជម្លោះរបស់យោធាថៃ នៅពេលនេះថា គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលមានចេតនាមិនល្អមកលើកម្ពុជា។
លោកគិតថា មានយន្តការការទូតជាច្រើនដែលប្រទេសទាំងពីរគួរយកមកប្រើប្រាស់។ ហេតុនេះ ការប្រើប្រាស់ឧគ្ឃោសនស័ព្ទណាមួយដើម្បីប្រកាសដំណឹងអ្វីនោះ វាពុំមែនជាដំណោះស្រាយល្អឡើយ៖ «យើងដឹងហើយថៃ អើសៀម មានល្បិចកលច្រើន ហើយមិនដែលគោរពកិច្ចព្រមព្រៀងរវាងកម្ពុជា សៀម អាហ្នឹងដែលយើងធ្វើការកត់សម្គាល់កន្លងមក ហើយការដែលបំពងតាមឧគ្ឃោសនាស័ព្ទ វាគ្រាន់តែជាលេះរបស់ភាគីសៀមទេ»។
យ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ គណៈកម្មការជំនាញរបស់ប្រទេសទាំងពីរ គឺកម្ពុជា-ថៃ បានបើកកិច្ចប្រជុំជាច្រើនលើកច្រើនសាមកហើយ ដើម្បីទម្លាយភាពជាប់គាំងផ្នែកយោធា។ ប៉ុន្តែតាមរយៈយន្តការនេះ កម្ពុជាត្រូវគេគិតថា ហាក់មានប្រៀបតិចតួចផ្នែកការទូតទៅលើប្រទេសថៃ។ បើទោះជាបែបណា គេមិនទាន់ប្រាកដទេថា ក្រោយពីការប្រកាសសាលដីកាដែលចេញដោយតុលាការយុត្តិធម៌អន្តរជាតិ អំពីការបកស្រាយឡើងវិញ ជុំវិញបញ្ហាប្រាសាទព្រះវិហារនោះ ក្នុងអំឡុងខែវិច្ឆិកា ខាងមុខ នឹងអាចបន្ធូរបន្ថយវិបត្តិយោធានៅតាមព្រំដែនរបស់ប្រទេសទាំងពីរបានកម្រិតណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
