អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​មិន​ទាន់​រក​ឃើញ​អ្នក​វាយ​កម្ទេច​បង្គោល​រណប​ព្រំដែន

ដោយ សូត សុខប្រាថ្នា
2015.08.02
បង្គោល​រណប​លេខ ១១០.៣ ត្បូងឃ្មុំ ៦២០ បង្គោល​រណប​លេខ ១១០.៣ ចន្លោះ​បង្គោល​ព្រំដែន​លេខ ១១០ និង ១១១ ដែល​អាជ្ញាធរ​វៀតណាម និង​មន្ត្រី​សមត្ថកិច្ច​ព្រំដែន​ខ្មែរ​បោះ​នៅ​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។
Photo Provided

អាជ្ញាធរ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​មិន​ទាន់​កំណត់​មុខ​សញ្ញា​បាន​នៅ​ឡើយ​ទេ ជុំវិញ​ការ​វាយ​បង្គោល​ព្រំដែន​ដែល​ជា​ប្រភេទ​បង្គោល​រណប​ទើប​នឹង​បោះ​ក្នុង​ពេល​ថ្មីៗ​នេះ។ យ៉ាង​ណា ពួក​គេ​ថា​នឹង​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​នេះ។ ដោយឡែក​មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ថា រឿង​នេះ​គឺ​នៅ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​មួយ​ចំនួន។

អធិការ​ស្រុក​មេមត់ លើក​ឡើង​ថា ករណី​ជន​មិន​ស្គាល់​មុខ​វាយ​បង្គោល​រណប​លេខ ១១០.៣ នៅ​ចំណុច​ឃុំ​ដា គឺ​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​កំណត់​មុខ​សញ្ញា​បាន​យ៉ាង​ណា​នៅ​ឡើយ​ទេ។

អធិការ​នគរបាល​ស្រុក​មេមត់ ដែល​ទើប​នឹង​ប្ដូរ​មក​ថ្មី លោក ហុង គីមហឿន មាន​ប្រសាសន៍​ថា ករណី​វាយ​បង្គោល​ព្រំដែន​ដែល​ជា​ប្រភេទ​បង្គោល​ធ្មេញ​រណារ ឬ​ជា​បង្គោល​រណប​នេះ អាជ្ញាធរ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​យ៉ាង​ណា​ឡើយ​មក​ទល់​ពេល​នេះ។ លោក​បន្ត​ថា ដោយ​ករណី​នេះ​ជា​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​កិច្ចការ​ព្រំដែន ដូច​នេះ​ខាង​លោក​គ្រាន់​តែ​ជា​អ្នក​ស្រាវជ្រាវ ហើយ​ផ្ញើ​របាយការណ៍​ជូន​គណៈកម្មការ​ព្រំដែន​ប៉ុណ្ណោះ៖ «នៅ​បង គឺ​អាង​លើ​អាជ្ញាធរ​គណៈកម្មការ​ព្រំដែន ខ្ញុំ​គ្រាន់​តែ​បាន​រាយការណ៍​ពី​បញ្ហា​ដែល​កើត​ឡើង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៅ​ឃុំ​ដា បាន​ទេ​នៅ​ថ្ងៃ​ទី​២ សីហា។

បង្គោល​រណប​លេខ ១១០.៣ ស្ថិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១១០ និង ១១១ ដែល​អាជ្ញាធរ​ព្រំដែន​កម្ពុជា និង​វៀតណាម នាំ​គ្នា​បោះ​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា។ ការ​បោះ​បង្គោល​ពេល​នោះ គឺ​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មក​ពី​គណបក្ស​ប្រឆាំង ថា​ធ្វើ​ឡើង​ដោយ​លាក់លៀម ព្រម​ទាំង​មិន​មាន​តម្លាភាព។ បន្ថែម​ពី​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​មាន​សភាព​តានតឹង​ខ្លាំង​ទៀត​ផង។

ក្រោយ​បោះ​បង្គោល​រណប​នោះ​បាន​មួយ​ថ្ងៃ គឺ​យប់​ថ្ងៃ​ទី​២៥ កក្កដា បង្គោល​ស៊ីម៉ងត៍​បួន​ជ្រុង​ដែល​មាន​លេខ​សម្គាល់ ១១០.៣ បោះ​នៅ​ក្បែរ​ប៉ុស្តិ៍​ព្រំដែន​ខ្មែរ គឺ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​កម្ទេច​ដល់​ដី ហើយ​របាំង​ឈើ និង​បន្លា​ដាក់​ហ៊ុមព័ទ្ធ​ជុំវិញ ក៏​ត្រូវ​គេ​យក​បោះ​ចោល​យ៉ាង​ស្អាត​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ក្រោយ​កើត​ហេតុ​បាន​មួយ​ថ្ងៃ មាន​ប្រសាសន៍​ថា គឺ​ជា​រឿង​គួរ​ឲ្យ​សង្ស័យ ព្រោះ​ប៉ុស្តិ៍​ព្រំដែន​ខ្មែរ​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​បង្គោល​នោះ ហើយ​ដាក់​កម្លាំង​យាមកាម​ទាំង​យប់​ទាំង​ថ្ងៃ ប៉ុន្តែ​បែរ​ជា​មិន​បាន​ដឹង​ហេតុការណ៍​ដែល​កើត​ឡើង​ទៅ​វិញ៖ «មិន​សម​ហេតុផល​អី​ទេ មិន​ដឹង​ថា​អ្នក​ណា​ប្រឌិត​រឿង​ហ្នឹង ឬ​ធ្វើ​យ៉ាង​ម៉េច​ទេ សំខាន់​សមត្ថកិច្ច​ដែល​ឈរ​ជើង​ជិត​ហ្នឹង ថា​ប្រហែល​ជា ៥០​ម៉ែត្រ​ចុះ ហើយ​ការ​វ៉ៃ​បង្គោល​មិន​បាន​ដឹង​ឮ​អ៊ីចឹង យើង​មិន​ដឹង​ថា​ត្រូវ​ចោទ​ទៅ​ខាង​ណា?»

លោក​បន្ត​ថា ដោយសារ​ការ​បោះ​បង្គោល​រណប គឺ​ធ្វើ​ឡើង​ដោយ​មិន​មាន​តម្លាភាព ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញ​ចិត្ត រហូត​ឈាន​ដល់​មាន​ជន​មិន​ស្គាល់​មុខ​លួច​វាយ​បង្គោល​នោះ​ចោល។ លោក​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​គណៈកម្មការ​ព្រំដែន គប្បី​ធ្វើ​សេចក្តី​សម្រេច​ណា​ពាក់ព័ន្ធ​រឿង​ព្រំដែន គឺ​ធ្វើ​ឡើង​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រកប​ដោយ​តម្លាភាព។ ម្យ៉ាង ត្រូវ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទូទៅ ដើម្បី​ជៀសវាង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង។

ទាក់ទង​បញ្ហា​ព្រំដែន​នេះ​ដែរ កន្លង​ទៅ អ្នក​វិភាគ និង​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ឯកភាព​គ្នា​ចំពោះ​រឿង​ផែនទី ខាង​អាជ្ញាធរ​វៀតណាម មិន​ត្រូវ​បន្ត​បោះ​បង្គោល​ព្រំដែន​ណា​មួយ​ទៀត​ឡើយ។ លើស​ពី​នេះ​ទៀត សមត្ថកិច្ច និង​រាជ​រដ្ឋាភិបាល​ខ្មែរ ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​បង្គោល​ព្រំដែន​បន្ត​ទៀត​ដែរ គឺ​ត្រូវ​រង់ចាំ​យក​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​បណ្ដា​ប្រទេស​មហា​អំណាច មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​ជា​មុន​សិន។ ជាង​នេះ​ទៀត ពួក​គេ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ គប្បី​ប្រើប្រាស់​យន្តការ​អន្តរជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។