តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែកក្កដា នាំយកលិខិតឆ្លើយតបរបស់រដ្ឋាភិបាលទៅបង្ហាញពលរដ្ឋទាក់ទងនឹងការចោទប្រកាន់ដែលថា ការបោះបង្គោលព្រំដែននៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បានធ្វើឲ្យបាត់បង់ដីស្រែចម្ការរបស់ពលរដ្ឋជាង ៣០ហិកតារ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា មិនមានការបាត់បង់ដីដូចការចោទប្រកាន់នោះទេ ហើយថា ពលរដ្ឋខ្មែរនៅតែអាចបង្កបង្កើនផលនៅលើដីជាង ៣០ហិកតារដូចមុនដដែល។
ក្រោយពីបានចុះពិនិត្យមើលការបោះតម្រុយព្រំដែននៅចន្លោះបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ១៤៧-១៤៨ នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ នៅថ្ងៃទី១៥ ខែមិថុនា បានផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាងថា ការបោះតម្រុយបង្គោលព្រំដែននៅទីនោះ បានចូលមកក្នុងទឹកដីប្រទេសកម្ពុជា ធ្វើឲ្យប៉ះពាល់ដីចម្ការរបស់ពលរដ្ឋជាង ៣០ហិកតារ ហើយថា ពលរដ្ឋខ្មែរនៅទីនោះមិនត្រូវបានអាជ្ញាធរវៀតណាម អនុញ្ញាតឲ្យធ្វើការដាំដុះ និងប្រមូលផលនៅលើដីពួកគាត់ឡើយ។
ចំពោះការលើកឡើងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដូចនេះ ត្រូវបានប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ច្រានចោល ហើយថា ការលើកឡើងរបស់តំណាងរាស្ត្របក្សប្រឆាំងថា គ្មានការពិត។ លោក វ៉ា គឹមហុង បញ្ជាក់ថា យោងតាមផែនទីបោន (Bonne) ខ្នាត ១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រ ឥណ្ឌូចិន ការបោះបង្គោលខណ្ឌសីមាព្រំដែននៅចន្លោះបង្គោលលេខ ១៤៧-១៤៨ ពុំបានធ្វើឲ្យកម្ពុជា បាត់បង់ដីស្រែចម្ការពលរដ្ឋខ្មែរជាង ៣០ហិកតារ ដូចការចោទប្រកាន់នោះទេ។
លោក វ៉ា គឹមហុង អះអាងបន្តថា យោងតាមផែនទីដដែលនេះ ចម្ការស្វាយចន្ទីរបស់ពលរដ្ឋ ខ្មែរមួយផ្នែក និងផ្នូរដូនតារបស់ពួកគាត់ត្រូវកាត់ចេញពីកម្ពុជា ប៉ុន្តែដោយយោងលើអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ ភាគីទាំងពីរបានរក្សាដីចម្ការស្វាយចន្ទីទាំងមូល និងដីផ្នូរដូនតារបស់ពលរដ្ឋកម្ពុជា ឲ្យនៅដដែល ដើម្បីទុកជូនពលរដ្ឋបន្តការកាន់កាប់ទីតាំងនោះបន្តទៀត។
លោក វ៉ា គឹមហុង បញ្ជាក់ដែរថា រហូតមកទល់ពេលនេះ ម្ចាស់ចម្ការស្វាយចន្ទីបានប្រមូលផលធម្មតា គ្មានការហាមឃាត់ដូចការលើកឡើងរបស់ក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំងឡើយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍បន្ទាប់ពីចុះជួបពលរដ្ឋនៅថ្ងៃទី១៥ ខែកក្កដា ថា គោលបំណងនៃការចុះជួបពលរដ្ឋជាថ្មីពេលនេះ គឺដើម្បីនាំយកលិខិតរបស់លោក វ៉ា គឹមហុង ដើម្បីទៅចែកជូន និងផ្សព្វផ្សាយដល់ពលរដ្ឋ ហើយថា ពលរដ្ឋអាចទៅកាន់កាប់ និងបង្កបង្កើនផលលើដីរបស់ពួកគេបានជាធម្មតា ដូចការអះអាងរបស់រដ្ឋាភិបាល។
លោក អ៊ូ ច័ន្ទឫទ្ធិ៖ «ខ្ញុំជឿថា ដីនេះជាដីរបស់ខ្មែរ ប៉ុន្តែត្រូវបានវៀតណាម អះអាងថា ជាដីរបស់វៀតណាម ដូច្នេះអ្វីដែលខ្ញុំចង់បាន គឺសុំឲ្យអាជ្ញាធរមូលដ្ឋានត្រូវរាយការណ៍មកថ្នាក់លើថា ដីហ្នឹងប្រជាពលរដ្ឋមិនអាចបង្កបង្កើនផលដូចកាលគាត់ធ្វើលើកមុនទេ នេះបើសិនមានអីកើតឡើងក្នុងពេលខាងមុខ ខ្ញុំបានផ្ដាំផ្ញើទៅប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរនៅមូលដ្ឋានថា បើមានការរារាំង សុំឲ្យទាក់ទងមកពួកយើងខ្ញុំ ឬទាក់ទងទៅអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការអន្តរាគមន៍»។
ពលរដ្ឋនៅទីនោះអះអាងថា ពួកគាត់បានអាស្រ័យផលលើដីនេះតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ហើយថា ពួកគាត់ថែមទាំងមានផ្នូរដូនតាបន្សល់ទុកនៅទីនោះតាំងពីឆ្នាំ១៩៥៩ ជាភស្តុតាងផងដែរ។
អ្នកភូមិឈ្មោះ ញៀន ឡន មានប្រសាសន៍ថា ពលរដ្ឋសាទរចំពោះការឆ្លើយរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ពេលនេះ។ លោកថា ពលរដ្ឋនឹងចូលទៅបង្កបង្កើនផលលើដីនោះក្នុងពេលឆាប់ៗនេះ។ យ៉ាងណាក៏ដោយ លោកថា ប្រសិនបើមានប្រតិកម្មពីសំណាក់អាជ្ញាធរយ៉ាងណានោះ ពលរដ្ឋនឹងរាយការណ៍ទៅឲ្យរដ្ឋាភិបាលឲ្យចាត់វិធានការបន្តទៀត៖ «ខ្ញុំថា រដ្ឋាភិបាលដោះស្រាយរបៀបនេះ ខ្ញុំប្រជាជនទាំងអស់ត្រេកអរ មិនថា គណបក្សប្រជាជនកម្ពុជា ឬគណបក្សសង្គ្រោះជាតិ នោះទេ ប្រជាជនគាត់ត្រេកអរ ព្រោះបានទឹកដីដើម្បីដោះស្រាយជីវភាពគ្រួសារវិញ»។
បញ្ហាវិវាទព្រំដែនកម្ពុជា-វៀតណាម បានផ្ទុះឡើងជាថ្មីតាំងពីពាក់កណ្ដាលខែមេសា ឆ្នាំ២០១៥។ ការផ្ទុះឡើងជាថ្មីនេះ ត្រូវបានគណបក្សប្រឆាំងអះអាងថា ដោយសារតែប្រទេសវៀតណាម បន្តរំលោភបំពានចូលបូរណភាពទឹកដីកម្ពុជា និងដោយសារតែភាពមិនប្រក្រតីនៃការបោះបង្គោលខណ្ឌសីមាព្រំដែនរវាងរដ្ឋាភិបាលកម្ពុជា-វៀតណាម នៅពេលកន្លងមក។ បញ្ហាវិវាទព្រំដែននេះ ក៏បានធ្វើឲ្យពលរដ្ឋខ្មែរ និងវៀតណាម ប៉ះទង្គិចគ្នា មួយប្រាវនាំឲ្យរបួសទាំងសង្ខាងម្តងរួចមកហើយ កាលពីចុងខែមិថុនា ក្នុងពេលដែលតំណាងរាស្ត្របក្សប្រឆាំង ព្រះសង្ឃ និងយុវជន ចុះពិនិត្យមើលបង្គោលព្រំដែនក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ទាក់ទងនឹងបញ្ហាព្រំដែននៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នេះដែរ អាជ្ញាធរខេត្តស្វាយរៀង និងតំណាងរបស់លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី១៥ កក្កដា ជួបគ្នាដើម្បីពិភាក្សាអំពីគម្រោងចុះពិនិត្យបង្គោលព្រំដែនជាថ្មីរបស់លោក រៀល ខេមរិន្ទ្រ នៅថ្ងៃទី១៩ កក្កដា ខាងមុខ និងដែលអាចមានមនុស្សជាង ១ពាន់នាក់ចូលរួម។
យ៉ាងណាក៏ដោយ លោក រៀល ខេមរិន្ទ្រ ឲ្យដឹងថា អាជ្ញាធរខេត្តស្វាយរៀង និយាយថា ពួកគេនឹងមិនអនុញ្ញាតឲ្យលោកនាំមនុស្សទាំងជាង ១ពាន់នាក់នោះ ទៅកន្លែងបង្គោលព្រំដែនដែលធ្លាប់ប៉ះទង្គិចគ្នានោះទេ គឺអនុញ្ញាតឲ្យទៅមើលត្រឹម ១០០នាក់ប៉ុណ្ណោះ ចំណែកអ្នកផ្សេងទៀត ត្រូវមើលពីចម្ងាយយ៉ាងហោចណាស់ក៏ពី ២០០ ទៅ ៣០០ម៉ែត្រដែរ។ អាជ្ញាធរអះអាងថា មូលហេតុដែលពួកគេមិនអនុញ្ញាតឲ្យមនុស្សចុះទៅទាំងហ្វូងនេះ ដោយសារខ្លាចអ្នកចូលរួមជាន់លើដំណាំដាំដុះរបស់ពលរដ្ឋនៅទីនោះ។
ទោះជាយ៉ាងណា លោក រៀល ខេមរិន្ទ្រ ឆ្លើយតបថា ហេតុផលរបស់អាជ្ញាធរមិនអាចទទួលយកបានឡើយ។ លោកថា លោកនឹងនាំគ្នាចុះពិនិត្យមើលដូចការគ្រោងទុក៖ «យើងត្រូវតែទៅដើម្បីបញ្ជាក់ឲ្យច្បាស់ថា តើបង្គោលព្រំដែនច្បាស់លាស់ដែលលោក វ៉ា គឹមហុង ដែលជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា គាត់ធ្វើច្បាស់លាស់ ឬមិនច្បាស់លាស់ គាត់ប្រាប់ថា ឲ្យយើងទៅមើល។ ឥឡូវយើងនាំគ្នាទៅមើល ហើយកាលពីពេលចរចាប៉ុន្មានថ្ងៃមុន វៀតណាមសន្យាថា គេនឹងបញ្ឈប់ការធ្វើថ្នល់នៅស្រុកកំពង់រោទិ៍ អ៊ីចឹងខ្ញុំនឹងទៅឲ្យដល់ដើម្បីឲ្យដឹងថា តើវៀតណាម បានគោរពការចរចាគ្នាឬនៅ?»។
ជុំវិញការប៉ះទង្គិចគ្នារវាងពលរដ្ឋខ្មែរ និងវៀតណាម នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីចុងខែមិថុនា រដ្ឋាភិបាលកម្ពុជា-វៀតណាម បានឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ដើម្បីចុះពិនិត្យពីឧប្បត្តិហេតុដែលបានកើតឡើងនៅពេលកន្លងមក។ មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ក្រុមការងារចម្រុះនេះ គ្រោងចុះទៅពិនិត្យកន្លែងប៉ះទង្គិចគ្នានៅថ្ងៃទី១៦ ខែកក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
