"បក្ស​ជាប់​ឆ្នោត​ទាំង​២​បរាជ័យ​លើ​ការ​ប្ដេជ្ញា​ចិត្ត​អភិវឌ្ឍន៍​ប្រទេស​ក្នុង​​ឆ្នាំ​២០១៥"

ដោយ ទីន ហ្សាការីយ៉ា
2016.01.01
សម រង្ស៊ី ហ៊ុន សែន ៨៥៥ អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។
Photo: RFA

ឆ្នាំ​២០១៥ កន្លង​ផុត​ទៅ ក៏ប៉ុន្តែ​ឆ្នាំ​ចាស់​រយៈពេល ១២​ខែ​នោះ អ្នក​នយោបាយ​បាន​បញ្ចេញ​សារ​នយោបាយ​ជា​ច្រើន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​អភិវឌ្ឍ​ប្រទេស​ជាតិ ការ​ផ្សះផ្សា ការ​បង្រួបបង្រួម​ជាតិ​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។ ក៏​ប៉ុន្តែ​ការ​ប្ដេជ្ញា​ចិត្ត ឬ​សារ​នយោបាយ​ល្អៗ ដែល​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​នោះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា រដ្ឋាភិបាល ឬ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មិន​ទាន់​អនុវត្ត​បាន​ពេញលេញ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត ឬ​សា​នយោបាយ​របស់​ខ្លួន ដែល​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

​ឆ្នាំ​ចាស់​កន្លង​ផុត​ទៅ គឺ​ឆ្នាំ​២០១៥ ក៏​ប៉ុន្តែ​ការ​ចងចាំ​របស់​ប្រជាពលរដ្ឋ​មិន​អាច​ភ្លេច​បាន​ឡើយ​នូវ​សារ​ដ៏​ល្អៗ​របស់​អ្នក​នយោបាយ ឬ​រដ្ឋាភិបាល ដែល​បាន​ប្ដេជ្ញា​ចិត្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​រីកចម្រើន ដោយ​បំបាត់ចោល​នូវ​វប្បធម៌​សងសឹក​គ្នា​របស់​អ្នក​នយោបាយ។

សារ​នយោបាយ​ទាំង​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល រួម​ទាំង​មន្ត្រីរាជការ​ផង អបអរសាទរ ហើយ​ផ្ញើ​វាសនា​ប្រទេស​ជាតិ​ទៅ​លើ​ថ្នាក់ដឹកនាំ ឬ​អ្នក​នយោបាយ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្ដី​រំពឹង​ទាំង​នេះ​មិន​ដូច​បំណង​ទាំង​ស្រុង​នោះ​ឡើយ។

​សារ​នយោបាយ​សំខាន់ៗ នៅ​ឆ្នាំ​២០១៥ ដែល​ជា​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​នោះ មាន​ដូចជា ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បោសសំអាត​មន្ត្រី​ពុករលួយ ការ​ធ្វើ​កំណែ​ទម្រង់​ក្រសួង​នានា បំបាត់​វប្បធម៌​បក្សពួកនិយម ការ​បង្រួបបង្រួម​ជាតិ ការ​កសាង​ប្រទេស​រួម​គ្នា​រវាង​អ្នក​នយោបាយ​មាន​ទស្សនៈ​ផ្ទុយ​គ្នា ការធានា​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សង្គម​ជាដើម។

លើស​ពី​នេះ​ទៀត ប្រមុខ​រដ្ឋាភិបាល​បាន​ផ្ញើ​សារ​ជា​សាធារណៈ​ថា ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​តស៊ូ​មតិ ដោយ​យក​គោលការណ៍​គោរព​សិទ្ធិមនុស្ស​ជា​ធំ ដើម្បី​កែប្រែ​សង្គម​កម្ពុជា ឲ្យ​ក្លាយ​ទៅ​ជា​សង្គម​ស្អាតស្អំ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​បម្រើការ​នៅ​តាម​ស្ថាប័ន​ក្រសួង​ទាំង​អស់​ខិតខំ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ចេះ​តស៊ូ​មតិ​ជា​រឿង​សំខាន់​ណាស់ ដើម្បី​ឲ្យ​មន្ត្រី​ទាំង​អស់​បម្រើ​ការងារ​មាន​ប្រសិទ្ធភាព ហើយ​នឹង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ចាក់​ឫស​បក្សពួកនិយម និង​ពុករលួយ​នៅ​ក្នុង​ស្ថាប័នរដ្ឋ៖ «បើសិនជា​ឃើញ​មិត្តភ័ក្ដិ​អ្នក​ធ្វើការ​ជាមួយ​យើង​ខុស យើង​ត្រូវ​តស៊ូ​មតិ​ថា បង​ធ្វើ​ចេះ​វា​ខុស​ហើយ ធ្វើ​ចេះ​ត្រូវ​ហើយ! បើ​ចេះ​តែ​ហៃអើៗ អា​ជ័យ​ធ្លាក់​ទឹក​បណ្ដោយ»

ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​នេះ ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា គ្រាន់តែ​ជា​ល្បែង​នយោបាយ​បាយឡុកបាយឡ​តែប៉ុណ្ណោះ ព្រោះ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​តស៊ូ​មតិ ក៏ប៉ុន្តែ​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​រឿង​ដីធ្លី និង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​តែ​មាន​ដដែល​នៅ​ឆ្នាំ​២០១៥។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​បាន​ជោគជ័យ​លើ​កំណែ​ទម្រង់​របស់​ខ្លួន​ទេ ផ្ទុយ​ទៅ​វិញ សារ​នយោបាយ​របស់​រដ្ឋាភិបាល​គ្រាន់តែ​ជា​សារ​មួយ​ដើម្បី​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​តែមួយ​ពេលៗ​ប៉ុណ្ណោះ៖ «សារ​នយោបាយ​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ ប៉ុន្តែ​មក​ដល់​ពេល​នេះ កាន់​តែ​មាន​ការ​បែកបាក់​កាន់​តែ​ខ្លាំង​ឡើង អ្នក​ជាប់​គុក អ្នក​រត់​ចោល​ស្រុក អ្នក​រងគ្រោះ អ្នក​ត្រូវ​គេ​សម្លាប់​កាន់​តែ​ច្រើន ហើយ​មួយ​ទៀត​ហ្នឹង គឺ​ធានា​សន្តិសុខ​ជាតិ សន្តិសុខ​សង្គម តែ​មក​ដល់​ពេល​នេះ អំពើ​ឆក់​ប្លន់ គ្រឿង​ញៀន​កាន់​តែ​ច្រើន»

​ចំពោះ​សារ​នយោបាយ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​វិញ គឺ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ទៅ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋសភា ដោយ​អះអាង​ថា មិន​ឲ្យ​សភា​ជិះ​សេះ​លែងដៃ​ដូច​កាល​ពី​មុន​ទៀត​ទេ ដោយសារ​គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ក្បាល​ម៉ាស៊ីន​រដ្ឋ​សភា និង​បាន​ដឹកនាំ​គណៈកម្មការ​ជំនាញ​ចំនួន​៥ នៃ​រដ្ឋសភា​ក្នុង​ចំណោម​គណៈកម្មការ​ទាំង​អស់ ១០ ផង​នោះ។ គណបក្ស​ប្រឆាំង​ក៏​តាំង​ចិត្ត​យ៉ាង​មុតមាំ​ដែរ​ថា គណបក្ស​នេះ នឹង​ធ្វើ​ការ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​មាន​យុត្តិធម៌។ ក៏ប៉ុន្តែ​ការ​ប្រកាស​ជ្រើសរើស​អគ្គលេខាធិការ​អគ្គលេខាធិការ​រង គ.ជ.ប កំពុង​រង​ការ​រិះគន់​ពី​សាធារណជន។​

ការ​ប្ដេជ្ញា​ចិត្ត​នេះ គណបក្ស​ប្រឆាំង​នៅ​តែ​មិន​អាច​ធ្វើ​បាន​ទៅ​តាម​អ្វី​ដូច​ខ្លួន​ចង់​បាន​ទាំង​ស្រុង​នោះ​ឡើយ នៅ​ទីបំផុត​តួនាទី​របស់​លោក កឹម សុខា ក៏​មិន​អាច​ការពារ​បាន​ដែរ គឺ​របូត​ចេញ​ពី​អនុប្រធាន​ទី​១​រដ្ឋសភា​មួយរំពេច។

​ក្រៅ​ពី​​នេះ​ទៀត សារ​នយោបាយ​ដែល​ប្រជាពលរដ្ឋ​បាន​លឺ​ជា​ញឹកញយ​នៅ​ក្នុង​ឆ្នាំ​២០១៥ ដែរ​នោះ មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ឆ្លើយឆ្លង​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត គឺ​បំបាត់​វប្បធម៌ "ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី" ដែល​ជា​វប្បធម៌​បញ្ឈប់​ការ​សងសឹក​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ។

ការ​ប្រកាស​ឆ្លងឆ្លើយ​គ្នា​បែប​នេះ នៅ​ខណៈ​ដែល​មេដឹកនាំ​គណបក្ស​ទាំង​ពីរ ពោល​គឺ​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កំពុង​តែ​មាន​ទំនាក់ទំនង ឬ​ចាប់​ដៃ​គ្នា​យ៉ាង​ស្អិតល្មួត ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នឹក​ស្មាន​មិន​ដល់ ដោយ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​គោល។

ទោះបីជា​វប្បធម៌​សន្ទនា គណបក្ស​ទាំង​ពីរ​បាន​បង្កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ មក​ហើយ​ក្ដី ក៏ប៉ុន្តែ​សារ​នយោបាយ​របស់​អ្នក​នយោបាយ​អះអាង​ពី​វប្បធម៌​សន្ទនា​ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នោះ នៅ​តែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ឆ្នាំ​២០១៥។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ ថា រូប​លោក និង​លោក ហ៊ុន សែន បាន​បង្កើត​ទំព័រ​ក្រាំងមាស​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា។ ការ​អះអាង​លើក​ពី​មោទនភាព​របស់​លោក សម រង្ស៊ី ដូច្នេះ ដោយសារ​លោក​បាន​បង្កើត​វប្បធម៌​សន្ទនា​ជាមួយ​លោក ហ៊ុន សែន នៅ​ក្នុង​អាណត្តិ​ទី​៥។ ទន្ទឹម​នឹង​នោះ លោក សម រង្ស៊ី ថែម​ទាំង​អះអាង​ថា វប្បធម៌​សន្ទនា​នេះ ត្រូវ​បញ្ជ្រាប​ពី​ថ្នាក់លើ​ដល់​ថ្នាក់​មូលដ្ឋាន​ថែម​ទៀត៖ «ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​គ្រប់​ជាន់​ថ្នាក់ គឺ​ចាប់​យក ហើយ​ប្រកាន់​ភ្ជាប់​វប្បធម៌​សន្ទនា​របស់​យើង ហើយ​ត្រូវ​បញ្ជ្រាប​ដល់​មូលដ្ឋាន និង​ត្រូវ​ពង្រឹង​សម្រាប់​ប្រទេស​យើង។ ខ្ញុំ​យល់​ថា សម័យ​របស់​យើង យើង​បាន​បើក​ទំព័រ​ថ្មី​មួយ គឺ​ទំព័រ​ក្រាំងមាស ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​យើង»

នៅ​ក្នុង​ដំណាក់កាល​ដែល​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កំពុង​ទុំជោរ​នៃ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សង្ឃឹម​មួយ​រយៈ​ពេល​ថា មេដឹកនាំ​ទាំង​ពីរ​មាន​បំណង​ផ្សះផ្សា​ជាតិ​ដែល​ធ្លាប់​តែ​វាយ​ប្រហារ​គ្នា​នៅ​លើ​សង្វៀន​នយោបាយ​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​នោះ លោក ហ៊ុន សែន ក៏​លើក​ពី​មោទនភាព​របស់​ខ្លួន​ដែរ នៅ​ក្រោយពី​កិច្ច​ប្រជុំ​សភា​បោះឆ្នោត​អនុម័ត​ជ្រើសរើស​សមាជិក គ.ជ.ប ចំនួន ៩​រូប។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា វប្បធម៌​សន្ទនា​មាន​តម្លៃ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង​ធ្វើ​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ទៀត​ក្នុង​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ៖ «ឯកឧត្ដម សម រង្ស៊ី ពិត​ជា​បន្ត​ធ្វើ​ការងារ​នេះ​ក្នុង​នាម​ជា​សហ​ស្ថាបនិក​វប្បធម៌​សន្ទនា វប្បធម៌​សន្ទនា​ពិត​ជា​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ វប្បធម៌​សន្ទនា​ខ្ញុំ​រវាង​ឯកឧត្ដម សម រង្ស៊ី។ ខ្ញំ​មិនមែន​តែ​សន្ទនា​តាម​ការ​និយាយ​ផ្ទាល់​ទេ យើង​សន្ទនា​តាម​ទូរស័ព្ទ​ថែម​ទៀត»

អ្វី​ដែល​ជា​ការ​កត់សំគាល់​ទៀត​នោះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា អ្នក​នយោបាយ​ខ្មែរ ទោះបីជា​មាន​ទស្សនៈ​ផ្សេង​គ្នា​ក៏ដោយ ក៏ប៉ុន្តែ​ជម្រើស​ដ៏​ល្អ​នោះ គ្មាន​អ្វី​ក្រៅ​ពី​រួបរួម​គ្នា រួម​រស់​ជា​មួយ​គ្នា​នៅ​ក្នុង​ប្រទេស​តែ​មួយ​នោះ​ទេ៖ «យើង​គ្មាន​ជម្រើស​ណា​ក្រៅ​ពី​រួម​រស់​ជាមួយ​គ្នា ទោះបីជា​មាន​ទស្សនៈ​ខុស​គ្នា ក៏ប៉ុន្តែ​យើង​ជា​ខ្មែរ​ដូច​គ្នា​ដែល​ត្រូវ​រស់​នៅ​លើ​ទឹក​ដី​ដ៏​កម្សត់​នេះ ហើយ​មាន​ភារកិច្ច​ដើម្បី​កសាង​ទឹក​ដី​នេះ​ឲ្យ​ក្លាយ​ជា​ទឹក​ដី​ដ៏​សម្បូរ​សប្បាយ​ឲ្យ​ប្រជាជន​មាន​សេចក្ដី​សុខ។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ឯកឧត្ដម សម រង្ស៊ី និង​ឯកឧត្ដម ស ខេង ដែល​បាន​ខិតខំ​ឲ្យ​បាន​នូវ​ថ្ងៃ​នេះ»

សារ​នយោបាយ​ទាំង​នេះ​ពិត​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៥ ដែល​ប្រជាពលរដ្ឋ​ចង់​បាន​ភាព​សម្បូរ​សប្បាយ​គ្រប់ៗ​គ្នា និង​មិន​ចង់​ឃើញ​អ្នក​នយោបាយ​ឈ្លោះ​គ្នា​គ្មាន​ទី​បញ្ចប់ ដោយ​ងាក​មក​ចាប់​ដៃ​គ្នា រួមគ្នា​អភិវឌ្ឍ​ប្រទេស​ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​ក្ដី​សុបិន​ទាំង​នេះ​បាន​រលាយ​ទៅ​វិញ​ភ្លាមៗ​នៅ​ចុង​ឆ្នាំ​២០១៥។

ពាក្យពេចន៍​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ធ្លាប់​តែ​លើក​ពី​គុណ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ បែរ​ជា​នាំ​គ្នា​បំភ្លេច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ទើរ​តែ​បត់​តាម​ការវិវឌ្ឍន៍​នយោបាយ​នេះ​មិន​ទាន់។ ក្រោយ​ពេល​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី តាម​បណ្ដឹង​របស់​លោក ហោ ណាំហុង និង​បណ្ដឹង​ពីរ​ផ្សេង​ទៀត​នោះ ភាព​ប្រេះឆា​គ្នា និង​បាន​បន្ត​ឡើង​កម្ដៅ​ជា​បន្តបន្ទាប់​ក្នុង​រង្វង់​អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ។

សារ​នយោបាយ​របស់​លោក សម រង្ស៊ី ចុង​ក្រោយ គឺ​លោក​បាន​ប្រៀបធៀប​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដូចជា​ការ​ដឹកនាំ​របៀប​ហ្វាស៊ីស (Fascism) របស់​អ៊ីតាលី និង​អាល្លឺម៉ង់ នៅ​ពេល​ឃើញ​មាន​អំពើ​ហិង្សា​វាយដំ​តំណាងរាស្ត្រ​របស់​ខ្លួន​នោះ។

រី​ឯ​លោក ហ៊ុន សែន វិញ បាន​ប្រកាស​សារ​នយោបាយ​ចុង​ឆ្នាំ​នេះ​ថា លោក​នឹង​មិន​លើកលែងទោស​ឲ្យ​លោក សម រង្ស៊ី ជា​លើក​ទី​៣​ឡើយ។ លោក​លើក​ឡើង​បែប​នេះ​នៅ​ក្រោយ​ពី​លោក​ធ្លាប់​បាន​សច្ចា​ថា លោក​នឹង​កាត់​ក​លោក​ចោល បើសិនជា​ការពារ​ព្រៃឈើ​មិន​បាន។ នៅ​ពេល​នេះ លោក ហ៊ុន សែន ក៏​សច្ចា​ទៀត​ថា បើ​លោក​ចុះ​ហត្ថលេខា​លើ​លិខិត​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី នោះ​លោក​នឹង​កាត់​ដៃ​ចោល៖ «លេង​ជាមួយ​គេ លេង​ម្ដង​ហើយ​ម្ដង​ទៀត ចាក់​កើត ចាក់​ខាង​លិច ដល់​គេ​ទះ​ពីរ​បី​កំផ្លៀង​ឡឺកឺៗ ឥឡូវ​ចាំ​ឲ្យ​ច្បាស់ បើ​ខ្ញុំ​ហើយ​ចុះ​ហត្ថលេខា​លើកលែង​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​នឹង​កាត់​ដៃ​ស្ដាំ​ខ្ញុំ​ក្រវាត់​ចោល។ អ្នក​ឯង​ចាំ​ទៅ!»

សារ​នយោបាយ​របស់​មេ​ដឹកនាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា ជា​សារ​នយោបាយ​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ឈ្នះ​ចាញ់ ពោល​គឺ​អ្នក​នយោបាយ​ខ្មែរ​កំពុង​ប្រើប្រាស់​នយោបាយ​សងសឹក​គ្នា។ វប្បធម៌​សងសឹក​គ្នា​បែប​នេះ អ្នក​ដែល​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ប្រជាពលរដ្ឋ។

របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក (World Bank) ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា រក​ចំណូល​បាន​ចំនួន ៥​ពាន់​រៀល​ក្នុង ១​ថ្ងៃ មាន​ប្រមាណ ៦​លាន​នាក់។ លោក កែម ឡី លើក​ឡើង​ថា បើ​សិន​ជា​អ្នក​នយោបាយ​នៅ​តែ​បន្ត​យក​ឈ្នះ​ចាញ់​គ្នា​ដូច្នេះ នៅ​ឆ្នាំ​២០១៦ កម្ពុជា​អាច​នឹង​មាន​ស្ថានភាព​អាក្រក់​ជាង​ឆ្នាំ​២០១៥ ក៏​ថា​បាន ព្រោះ​ប្រជាពលរដ្ឋ​ប្រមាណ ៧០% បាន​ជំពាក់​បំណុល​ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។