គណបក្សសង្គ្រោះជាតិ បង្ហើបឲ្យដឹងថា គណបក្សនេះចង់ឲ្យមានការចរចាឡើងវិញ ដើម្បីរកដំណោះស្រាយនយោបាយសមស្របមួយ បន្ទាប់ពីគណបក្សទាំងពីរបានដកឃ្លានៅឆ្ងាយពីគ្នាជិតមួយខែមកនេះ។ រីឯខាងគណបក្សប្រជាជនកម្ពុជា វិញលើកឡើងថា ទ្វារចរចារបស់គណបក្សនេះនៅតែបើកចំហ ហើយគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការចរចាជាថ្មី។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានជំនួបចរចាបន្តទៀត ដើម្បីរកចំណុចកណ្ដាលមួយបញ្ចប់ជម្លោះនយោបាយ ដែលអូសបន្លាយពេលជាប់គាំងជិតមួយឆ្នាំមកនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មានប្រសាសន៍នៅថ្ងៃទី៤ កក្កដា ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យតំណាងគណបក្សទាំងពីរជួបគ្នាពិភាក្សាគ្នាបន្តទៀត លើចំណុចដែលតំណាងគណបក្សទាំងពីរមិនទាន់ឯកភាពគ្នានោះ។ លោក អេង ឆៃអ៊ាង អះអាងថា ការចរចាមិនមែនជាការទាមទារដាច់ណាត់នោះទេ គឺត្រូវតែរកវិធីកណ្ដាលមួយ ដើម្បីរកច្រកចេញ៖ «សំឡេង»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះការចង់ជួបពិភាក្សាគ្នាបន្តទៀតនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភាឯកបក្ស លោក ឈាង វុន មានប្រសាសន៍ថា ទ្វារចរចាគណបក្សប្រជាជនកម្ពុជា នៅតែបើកចំហស្វាគមន៍ការចរចាជាមួយគណបក្សសង្គ្រោះជាតិ ជានិច្ច។ លោក ឈាង វុន ផ្ដល់ជាទស្សនៈផ្ទាល់ខ្លួនថា ដើម្បីជាចំណុចកណ្ដាលនៃការជ្រើសរើសសមាជិក គ.ជ.ប នោះ គឺបែងចែកឲ្យគណបក្សប្រជាជនកម្ពុជា ៥៥ភាគរយ និងគណបក្សសង្គ្រោះជាតិ ៤៥ភាគរយ បន្ទាប់មកដាក់ឲ្យសភាអនុម័ត៖ «សំឡេង»។
គណបក្សជាប់ឆ្នោតទាំងពីរ បានផ្អាកការចរចានៅក្រោយពេលជួបគ្នានៅថ្ងៃទី១២ មិថុនា ហើយបានខ្វែងគំនិតគ្នាលើការជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានសំឡេងអនុម័តក្នុងសភាតាមរូបមន្ត ២ភាគ៣ រីឯគណបក្សប្រជាជនកម្ពុជា ចង់បាន ៥០ភាគរយបូក១ ឬសំឡេងភាគច្រើនដាច់ខាតនៃសំឡេងសភាទាំងមូល។
មកទល់ពេលនេះ តំណាងគណបក្សទាំងពីរមិនទាន់ជជែកថានឹងជួបគ្នាបន្តទៀតនៅពេលណាពិតប្រាកដនៅឡើយទេ គ្រាន់តែបានបង្ហាញជំហររៀងៗខ្លួន អំពីការចង់ចរចាជាថ្មីទៀតនេះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា លោកគាំទ្រឲ្យគណបក្សទាំងពីរជួបគ្នាចរចាបន្តទៀត។ ក៏ប៉ុន្តែ លោកអះអាងថា ការប្រើរូបមន្តចរចាតាមអ្វីដែល លោក ឈាង វុន ដាក់ចេញមកនេះ គ្មានអ្វីខុសប្លែកពីមុននោះទេ គឺគណបក្សប្រជាជនកម្ពុជា នៅតែរក្សាសំឡេងអនុម័តជ្រើសរើសសមាជិក គ.ជ.ប ដោយសំឡេង ៥០ភាគរយបូក១ ដដែល៖ «សំឡេង»។
ការចរចារវាងគណបក្សទាំងពីរក្រោយពីថ្ងៃបោះឆ្នោត ២៨ កក្កដា ឆ្នាំ២០១៣ មកនោះ គណបក្សសង្គ្រោះជាតិ បានបន្ទន់ឥរិយាបថរបស់ខ្លួនក្នុងការចរចានេះជាបន្តបន្ទាប់។ គណបក្សសង្គ្រោះជាតិ ធ្លាប់បានទាមទារឲ្យត្រួតពិនិត្យហិបឆ្នោត និងរាប់សន្លឹកឆ្នោតឡើងវិញ ធ្លាប់បានទាមទារឲ្យបោះឆ្នោតឡើងវិញ និងទីបំផុត ការទាមទារឲ្យធ្វើកំណែទម្រង់ គ.ជ.ប។ បញ្ហានេះ អ្នកវិភាគលើកឡើងថា គណបក្សសង្គ្រោះជាតិ ហាក់មកនៅចំណុចសូន្យ។
អ្នកវិភាគសង្កត់ធ្ងន់ថា បើសិនជាគណបក្សសង្គ្រោះជាតិ ចូលសភានៅពេលនេះ គណបក្សនេះអាចធ្វើការទាមទារ ឬធ្វើការតស៊ូមតិក្នុងសភា ដើម្បីឲ្យរដ្ឋាភិបាលកែទម្រង់។ តែបើគណបក្សសង្គ្រោះជាតិ បន្តជីវិតនយោបាយនៅក្រៅសភារហូតដល់ឆ្នាំ២០១៨ ជារូបភាពមួយប្លែក ថ្មី និងជាការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានតម្លៃនយោបាយ ជាជាងចូលសភាដោយគ្មានការកែទម្រង់អ្វីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
