អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត

អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង អះអាង​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា មិន​មក​ចូលរួម​ការ​ហែ​ក្បួន​វប្បធម៌​ខ្មែរ​ក្នុង​ក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) ព្រោះ​ខ្លាច​សហគមន៍​ខ្មែរ​នៅ​ទីនោះ​មាន​ការ​បែកបាក់​គ្នា គឺ​មិន​សម​ហេតុ​សម​ផល។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ ខែ​មីនា បញ្ជាក់​ថា ពួកគេ​ជា​សាក្សី​ផ្ទាល់ ដែល​បាន​ឃើញ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក មិន​ត្រឹមតែ​នាំគ្នា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្ដាច់ការ​របស់​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏បាន​ឃើញ​នូវ​សាមគ្គីភាព និង​ការ​រួបរួម​គ្នា​ក្នុង​ចំណោម​អ្នក​ផ្ដល់​តម្លៃ​ដល់​យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​អង្គការ​នេះ​បាន​ហៅ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ឪពុក​របស់​លោក ហ៊ុន ម៉ាណែត ថា​ជា​របប​ដឹកនាំ​តាម​បែប​កុម្មុយនិស្ត គាប​សង្កត់​ទៅ​លើ​ការ​និយាយ​ស្តី ដាក់​ទណ្ឌកម្ម​លើ​អ្នក​ហ៊ាន​បញ្ចេញ​មតិ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ ឧទាហរណ៍​មាន​ករណី លោក មាជ សុវណ្ណារ៉ា ពលរដ្ឋ​ខ្មែរ-អាមេរិកាំង និង​ជា​សកម្មជន​បក្ស​ប្រឆាំង កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ដោយសារ​ហេតុផល​នយោបាយ។ បន្ថែម​ពី​នេះ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ២​រូប ដែល​ទទួល​រង​នូវ​ការ​វាយដំ​យ៉ាង​សាហាវ រហូត​មក​ដល់​ពេល​នេះ​ពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

​ចំណែក​អង្គការ​និង​សហគមន៍​ខ្មែរ-​អាមេរិកាំង ក្នុង​រដ្ឋ​វ៉ាស៊ីនតុន (Washington) វិញ ក៏​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ខាង​មុខ​នេះ​ដែរ។

អនុ​ប្រធាន​សំឡេង​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​​វ៉ាស៊ីនតុន លោក ញឹក ដានីស មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទី​នេះ មិន​ស្វាគមន៍​វត្តមាន​លោក ហ៊ុន ម៉ាណែត ទេ ដោយសារ​លោក​ជា​មេ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​នៃ​ក្រសួង​ការពារ​ជាតិ ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​បាន​ឃុំ​ខ្លួន​សកម្មជន​ជា​ច្រើន​ដែល​គ្មាន​ទោស​កំហុស៖ «គោលបំណង​ដែល​ពួក​ខ្ញុំ​ធ្វើ​បាតុកម្ម​ប្រឆាំង ហ៊ុន ម៉ាណែត ដោយសារតែ ហ៊ុន ម៉ាណែត ជា​កូន ហ៊ុន សែន ជា​ជន​ផ្ដាច់ការ។ ហ៊ុន ម៉ាណែត នេះ​ហើយ ជា​ជន​នៅ​ពីក្រោយ​ការ​សម្លាប់​អ្នក​ធ្វើ​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ដូចនេះ​ពួក​ខ្ញុំ​ដាច់ខាត​ធ្វើ​បាតុកម្ម​ប្រឆាំង មិន​ឲ្យ​មក​ជាន់​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ​ឡើយ។ មិន​ទុកចិត្ត​កុម្មុយនិស្ត​ទេ ព្រោះ​មាន​ជន​មួយ​ក្រុម​តូច មាន​បំណង​អញ្ជើញ ហ៊ុន ម៉ាណែត មក​ដែរ ដូច្នេះ​ពួក​ខ្ញុំ​ក៏​ត្រៀម​ជាស្រេច​ឲ្យ​តែ​មក​គឺ​ធ្វើ​បាតុកម្ម​ប្រឆាំង...»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ខ្មែរ-​អាមេរិកាំង ក្នុង​រដ្ឋ​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ មីនា គូស​បញ្ជាក់​ថា ធាតុ​ពិត​នៃ​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត គឺ​ដើម្បី​ពង្រីក​បណ្ដាញ និង​ឥទ្ធិពល​បក្ស​កាន់​អំណាច​របស់​ឪពុក​លោក​ប៉ុណ្ណោះ។

រី​ឯ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​ក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) ក៏​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ដែរ។ ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ម្នាក់​នៅ​ក្រុង​ឡូវែល លោក ខេក ខេមរា ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​អំពី​គោល​បំណង​សំខាន់​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ៖ «ធ្វើ​បាតុកម្ម​ដើម្បី​ឲ្យ​គាត់​និង​ឪពុក​គាត់​បាន​ដឹង​ថា ខ្មែរ​យើង​នៅ​អាមេរិក មិន​ចូលចិត្ត​ការ​ដឹកនាំ​របស់​ពួក​គាត់​នៅ​ស្រុក​ខ្មែរ។ លោក ហ៊ុន ម៉ាណែត មក​នេះ គឺ​ដៃ​របស់​គាត់​ប្រឡាក់​ឈាម​ជាមួយ​ឪពុក ឲ្យ​ដើរ​ចូល​មក​សាលាក្រុង​របស់​យើង​នេះ​ដូច​យក​ឈាម​មក​ប៉ាត​នៅ​កន្លែង​មួយ​ដ៏​ស្អាតស្អំ»

លោក ខេក ខេមរា ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ប្រមាណ ២០០ ទៅ ៣០០​នាក់ បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​សាលាក្រុង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ដើម្បី​ទាមទារ​ឲ្យ​ចៅហ្វាយក្រុង​ឡូវែល លោក អេដវឺដ ខេនណឺឌី (Edward Kennedy) កុំ​ទទួល​កាដូ​ជា​រូប​សំណាក​ព្រះ​កេស​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ពី​លោក ហ៊ុន ម៉ាណែត និង​កុំ​ឲ្យ​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។