អង្គការ​ខ្មែរ-​អាមេរិកាំង​គ្រោង​រៀបចំ​វេទិកា​ស្ដីពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា

អង្គការ​ខ្មែរ-​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់​​ជា​ភាសា​អង់គ្លេស​ថា ខារ៉ាត (CAHRAD) គ្រោង​រៀបចំ​វេទិកា​តុ​មូល​មួយ​ដើម្បី​ពិភាក្សា​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា កន្លង​មក​នេះ។

វេទិកា​នេះ គឺ​ក្នុង​គោលដៅ​ចូល​រួម​ក្នុង​ទិវា​អន្តរជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (International Day of Democracy) ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កញ្ញា ខាង​មុខ។

សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​ខារ៉ាត លោក ព្រហ្ម សៅរ៍នរ៉ា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា សហគមន៍​ខ្មែរ-​អាមេរិកាំង នៅ​សហរដ្ឋ​​អាមេរិក មាន​ទស្សនៈ និង​យោបល់​ខុសៗ​គ្នា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់​ព្រម​ចូល​ប្រជុំ​សភា​ទទួល​យក​តំណែង​អនុ​ប្រធាន​សភា និង​តួនាទី​ជា​ប្រធាន​​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ចំនួន ៥​រួច​មក។

លោក ព្រហ្ម សៅរ៍នរ៉ា បន្ត​ថា កិច្ចពិភាក្សា​តុ​មូល​នេះ គឺជា​ឱកាស​សម្រាប់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ចូល​រួម​បញ្ចេញ​ទស្សនៈ​យោបល់​របស់​ខ្លួន​ដើម្បី​អាច​ធ្វើ​ការ​រួម​គ្នា​ក្នុង​គោលដៅ​តែមួយ ដើម្បី​ជំរុញ​ឲ្យ​មាន​ឯករាជភាព​លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​ក្នុង​ប្រទេស​កម្ពុជា៖ «យើង​ទាំង​អស់​គ្នា​ជា​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​លើក​តម្កើង​ទិវា​អន្តរជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​ហើយ​យើង​នឹង​ជួបជុំគ្នា​ដើម្បី​បញ្ចេញ​មតិយោបល់​អំពី​គ្រឹះ​នៃ​ប្រជាធិបតេយ្យ ហើយ​យើង​នឹង​ជជែក​ពី​បញ្ហា​ដែល​គណបក្ស​ទាំង​ពីរ​ចូល​រួប​រួម​គ្នា។ តើ​កិច្ចការ​អស់​ហ្នឹង​មាន​មតិ​ខ្លះ​ប្រតិកម្ម​រិះគន់​យ៉ាង​ខ្លាំង និង​ខ្លះ​ទៀត​គាំទ្រ ដូច្នេះ​គេ​អាច​បញ្ចេញ​គំនិត​របស់​ខ្លួន...»

​កិច្ចពិភាក្សា​តុ​មូល​នេះ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែ​កញ្ញា ពី​ម៉ោង ១ ដល់​ម៉ោង ៤​រសៀល នៅ​ក្រុង​អានែនដែល (Annandale) រដ្ឋ​វឺជីនីញ៉ា (Virginia-VA) សហរដ្ឋ​​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។