ស្ថានភាពតានតឹងដែលមិនគួរឲ្យទុកចិត្តដូច្នេះ ធ្វើឲ្យព្រះមហាក្សត្រ រួមទាំងក្រសួងមហាផ្ទៃ អំពាវនាវម្ដងហើយម្ដងទៀត សុំកុំឲ្យកើតមានអំពើហិង្សា។ ក៏ប៉ុន្តែស្ថានភាពភ័យព្រួយនៅតែស្ថិតក្នុងអារម្មណ៍ប្រជាពលរដ្ឋដដែល។
គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សំរាប់ការបោះឆ្នោត និងខាងសង្គមស៊ីវិល បានចេញលិខិតអំពាវនាវម្ដងទៀតនៅថ្ងៃទី១២ សីហា សុំឲ្យគណបក្សនយោបាយ បងប្អូនជនរួមជាតិ អាជ្ញាធរ និងកងកម្លាំងដែលមានសមត្ថកិច្ចទាំងអស់ឱ្យបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ។
លិខិតរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សំរាប់ការបោះឆ្នោតបានអំពាវនាវដល់ជនរួមជាតិទាំងអស់ថា សូមមេត្តារក្សាភាពស្ងប់ស្ងាត់ ហើយធ្វើការប្រកបកិច្ចការងារ និងមុខរបរជាធម្មតាតាមមូលដ្ឋានរៀងៗខ្លួន។ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមនៅក្នុងដំណើរការនៃការបោះឆ្នោត គឺជាសិទ្ធិរបស់បងប្អូនជនរួមជាតិ ប៉ុន្តែសូមចូលរួមនៅក្នុងសកម្មភាពណាស្របទៅតាមផ្លូវច្បាប់ជាធរមាន ដោយមិនប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមដោយសន្តិវិធី។ រាល់ការតវ៉ាណាមួយដែលមានអាវុធ ឬឧបករណ៍ដែលបង្កគ្រោះថ្នាក់ គឺជាបច្ច័យមិនល្អដែលងាយនាំឱ្យមានការប៉ះទង្គិចចលាចល និងបង្កហានិភ័យដល់សង្គមជាតិ ហើយសូមឱ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាលើកកម្ពស់ការប្រុងប្រយ័ត្នការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ទ្រព្យសម្បត្តិរបស់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈឱ្យបានគង់វង្ស។
មិនតែប៉ុណ្ណោះ ក្នុងលិខិតដដែលក៏បានអំពាវនាវឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាគោរពតាមក្រមសីលធម៌ លើកកម្ពស់គុណធម៌ និងភាពអត់ធ្មត់កម្រិតខ្ពស់បំផុតក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបញ្ចៀសនូវការប៉ះទង្គិចណាមួយជាយថាហេតុ។ ជាងនេះទៅទៀត ក្នុងលិខិតក៏បានអំពាវនាវដល់គណបក្សទាំងអស់ដែលឈ្នះឆ្នោត ទទួលអាសនៈនៅក្នុងរដ្ឋសភា មេត្តាអត់ធ្មត់ និងគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដោយត្រូវដោះស្រាយបញ្ហាដែលខ្វែងគំនិតគ្នាដោយសន្តិវិធី និងស្របទៅតាមផ្លូវច្បាប់។
ចំពោះភាពតានតឹងផ្នែកនយោបាយនៅកម្ពុជា ក្រោយពេលបោះឆ្នោត ខាងគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតមួយកាលពីព្រឹកថ្ងៃ១២ សីហា ក្រោយពេលដែល គ.ជ.ប ចេញសេចក្តីប្រកាសពីលទ្ធផលបឋមនៃការបោះឆ្នោត។
ក្នុងវេទិកាសន្និសីទកាសែតនោះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បានបញ្ជាក់ពីគោលជំហររបស់គណបក្សសង្គ្រោះជាតិ ដោយសូមឱ្យមានយន្តការដោះស្រាយភាពតានតឹងផ្នែកនយោបាយនោះដោយសន្តិវិធី និងយុត្តិធម៌ ដើម្បីការផ្សះផ្សាជាតិនិងបង្រួបបង្រួមជាតិ។
ស្របពេលឃើញនូវស្ថានភាពនយោបាយនៅកម្ពុជា នៅតែមានភាពតានតឹងនោះ ខាងអង្គការសង្គមស៊ីវិលចំនួន ១០ បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃ១២ សីហា ដោយស្វាគមន៍ចំពោះឱកាសជួបជាមួយឧបនាយករដ្ឋមន្រ្តី ស ខេង និងបានជំរុញឱ្យមានដំណោះស្រាយដោយយុត្តិធម៌លើបញ្ហាជាប់គាំងក្រោយការបោះឆ្នោត។
ក្នុងសេចក្ដីថ្លែងការណ៍រួមនោះ អង្គការសង្គមស៊ីវិលបានជំរុញឱ្យភាគីដែលពាក់ព័ន្ធ រួមទាំងគណបក្សនយោបាយទាំងអស់ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺសូមឱ្យបន្ធូរបន្ថយនូវរាល់ភាពតានតឹង និងពិចារណាលើសារដែលបានបញ្ជូនទៅកាន់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការចល័តកងទ័ពរាប់រយនាក់ពីបណ្ដាមូលដ្ឋានទ័ពនៅតាមខេត្តមកកាន់រាជធានីភ្នំពេញ។ សូមឱ្យការពារសិទ្ធិជួបប្រជុំដោយសន្តិវិធី និងធានាឱ្យមានភាពអត់ធ្មត់ក្នុងអំឡុងពេលបាតុកម្ម ឬការប្រមូលផ្តុំខាងការប្រជុំផ្សេងៗខាងមុខ។
ជៀសវាងឱ្យផុតពីពាក្យសម្ដីដែលនាំឱ្យមានការបះបោរ និងការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីស្ថានភាពបច្ចុប្បន្ន និងធ្វើការបញ្ជាក់សាជាថ្មីពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយប្រកបដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌។ បង្កើតគណៈកម្មាធិការស៊ើបអង្កេតចម្រុះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការស៊ើបអង្គេតលើពាក្យបណ្តឹងស្តីពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត ដែលដាក់បញ្ចូលសមាសភាពអង្គការសង្គមស៊ីវិល អ្នកអង្កេតការណ៍របស់អង្គការសហប្រជាជាតិ និងផ្សព្វផ្សាយជាសាធារណៈពីលទ្ធផលដែលបានរកឃើញ។
សូមឱ្យធ្វើរបាយការណ៍និងផ្សព្វផ្សាយព័ត៌មានស្ដីពីការវិវឌ្ឍន៍ និងលទ្ធផលនៃការស៊ើបអង្កេត ក៏ដូចជាការចរចារវាងគណបក្សដែលមានទំនាស់ដោយយុត្តិធម៌ និងតម្លាភាពត្រឹមត្រូវ។ ធានាថាស្ត្រីត្រូវបានបញ្ចូលនៅក្នុងដំណើរការស៊ើបអង្កេតនោះ រួមទាំងការបង្កើតគណៈកម្មាធិការដោយធានាឱ្យបានថា ដំណើរការនោះជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនសមាសភាពរបស់ស្ត្រីជាតំណាងក្នុងវិស័យនយោបាយ ក៏ដូចជាការអនុវត្តដ៏ល្អបំផុតរបស់អន្តរជាតិ ដើម្បីឱ្យមានដំណោះស្រាយជម្លោះប្រកបដោយសន្តិវិធី និងកសាងសន្តិភាព ហើយនិងបញ្ចូនសេចក្ដីបង្គាប់ឱ្យបានច្បាស់លាស់ដល់មេភូមិ ប្រធាន ក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំងអស់ឱ្យបញ្ឈប់នូវការគំរាមកំហែងដល់ប្រជាពលរដ្ឋនៅក្នុងដែនយុត្តាធិការរបស់ខ្លួន។
រាល់សេចក្ដីអំពាវនាវជាច្រើនដែលបានចេញផ្សព្វផ្សាយជាសាធារណៈ ទាំងទម្រង់ជាពាក្យសម្ដីរបស់មេដឹកនាំ និងលិខិតផ្សេងៗ ដើម្បីឱ្យប្រជាជនទាំងអស់បន្តភាពអត់ធ្មត់ និងសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួននិងសង្គម នៅក្រោយពេលដែលមានភាពតានតឹងផ្នែកនយោបាយកើតមានឡើងក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
