កងទ័ពជើងទឹកនៃនាវាពិឃាដសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ប្តេជ្ញាពង្រឹងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ និងទប់ស្កាត់ភេរវកម្មនៅលើលំហសមុទ្រ ទាំងក្នុងដែនអធិបតេយ្យភាពកម្ពុជា និងនៅលើសមុទ្រអន្តរជាតិឲ្យបានប្រសើរ។
ការប្ដេជ្ញារវាងកងទ័ពជើងទឹកទាំងពីរប្រទេស ធ្វើឡើងនៅក្នុងពិធីបើកលំហាត់សមយុទ្ធប្រចាំឆ្នាំលើកទី៦ ស្ដីអំពីការហ្វឹកហ្វឺន និងការសហប្រតិបត្តិការត្រៀមជាស្រេចលើផ្ទៃទឹក ឬហៅថា ការ៉ាត់ (Carat) នាមូលដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា។
នៅក្នុងពិធីនោះ លោកឧត្ដមនាវីទោ ឆាលី វីល្លៀម (Charlie Williams) មេបញ្ជាការនៃក្រុមការងារពិសេសលេខ ៧៣ នាវាចម្បាំងឈ្មោះ យូ.អេស.អេស ហ្វត វ័ស (USS Fort Worth) ឬហៅ អិល.ស៊ី.អេស ស៊្រី (Lcs3) មានប្រសាសន៍ថា ការធ្វើលំហាត់សមយុទ្ធការ៉ាត់រវាងកងទ័ពជើងទឹកកម្ពុជា និងអាមេរិក ឆ្នាំ២០១៥ នេះ គឺបានធ្វើឡើងចំនួន ៦ឆ្នាំជាប់ៗ។
លោកបន្តថា តាមរយៈការធ្វើលំហាត់សមយុទ្ធនេះ ធ្វើឲ្យកងទ័ពជើងទឹកទាំងពីរប្រទេស បានជួយឲ្យមានភាពជឿនលឿននូវបទពិសោធន៍ការងារសង្គ្រោះ និងឆែកឆេរនៅលើលំហសមុទ្រ។ លោកឧត្ដមនាវីទោ ឆាលី វីល្លៀម បន្តថា នាវាកងទ័ពជើងទឹកអាមេរិក ដែលចូលរួមក្នុងសមយុទ្ធការ៉ាត់ កម្ពុជាឆ្នាំ២០១៥ នេះ មានមានរយៈពេល ៥ថ្ងៃ នៅលើផ្ទៃសមុទ្រកម្ពុជា នាមូលដ្ឋានសមុទ្ររាម។
លោកបន្តថា លំហាត់សមយុទ្ធនេះមានកងទ័ពជំនាញពីក្រុមនានាពិឃាដ ឈ្មោះ ឌីសស្ត្រយយ័រ៍ ស្ខ្វតដ្រុន (Destroyer Squadron) ឬហៅថា ឌីស្រន់ (Desron) ចូលរួមហ្វឹកហាត់។ មធ្យោបាយហ្វឹកហាត់ទាំងនោះ មានប្រើឧទ្ធម្ភាគចក្រទូកល្បាតតូចៗ ព្រមទាំងនាវាល្បាតនៅតាមឆ្នេរមួយចំនួនដោយធ្វើការរុករកសង្គ្រោះពេលមានគ្រោះ និងមានហាត់បាញ់កាំភ្លើងគ្រាប់ពិតនៅលើនាវា ក្នុងលំហសមុទ្រថែមទៀត។

នាឱកាសនោះដែរ លោកឧត្ដមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម មានប្រសាសន៍ថា ការបើកលំហាត់សមុទ្រការ៉ាត់កម្ពុជា លើកទី៦ នេះ គឺធ្វើឡើងស្រពពេលពិភពលោកទាំងមូលកំពុងរងនូវការគំរាមកំហែងនៃអំពើភេរវកម្ម សង្គ្រាមប្រកាន់ពូជសាសន៍ សាសនានៅអឺរ៉ុប និងនៅមជ្ឈិមបូព៌ាជាដើម។
ទន្ទឹមគ្នានេះ ងាកទៅលើលំហសមុទ្រវិញទាំងក្នុងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ និងលំហសមុទ្រអន្តរជាតិ ក៏កំពុងប្រឈមការគំរាមកំហែង និងហានិភ័យមួយចំនួនមានដូចជា ការចាប់ជំរិត ប្លន់ប្រដាប់អាវុធ ចោរសមុទ្រ និងគ្រោះថ្នាក់នាវាដោយគ្រោះធម្មជាតិជាដើម។
លោកបន្តថា តាមរយៈសមយុទ្ធការ៉ាត់ រវាងកងទ័ពជើងទឹកកម្ពុជា និងអាមេរិក ពេលនេះ អាចពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា ឲ្យមានជំនាញត្រួតពិនិត្យ ឆែកឆេរ រុករកជួយសង្គ្រោះ ផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ឬជំនួយមនុស្សធម៌នានា ដើម្បីធានាសន្តិសុខនៅលើផ្ទៃសមុទ្រឲ្យមានស្ថិរភាព ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល៖ «ហ្វឹកហ្វឺនការ៉ាត់រួមគ្នារវាងកងទ័ពជើងទឹកកម្ពុជា និងអាមេរិក ពេលនេះ គឺបានបង្កើននូវសមត្ថភាព និងការយល់ដឹងចំពោះសកម្មភាពការពារនៅលើផ្ទៃសមុទ្រ។ សមយុទ្ធនេះ ក៏ជាការចែករំលែកបទពិសោធន៍នៅលើលំហសមុទ្រឲ្យកងទ័ពទាំងពីរទៅវិញទៅមកដែរ»។
លោក អ៊ុក សីហា សង្កត់ធ្ងន់ថា តាមរយៈការធ្វើលំហាត់សមុទ្រការ៉ាត់ជាបន្តបន្ទាប់មកនេះ បានជួយពង្រឹងដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យមានទំនាក់ទំនងល្អជាមួយគ្នាថែមទៀត។
លំហាត់សមយុទ្ធការ៉ាត់ រវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា សម្រាប់ឆ្នាំ២០១៥ នាមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ មានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។