ក្រសួងការបរទេសកម្ពុជា បានស្នើឱ្យឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី ឲ្យជួយអន្តរាគមន៍ដោះលែងពលរដ្ឋខ្មែរចំណាកស្រុកប្រមាណ ៣០០នាក់ ដែលកំពុងជាប់ឃុំឃាំងនៅប្រទេសម៉ាឡេស៊ី។ ចំណាត់ការនេះ ត្រូវបានមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលសាទរ និងស្នើឲ្យស្ថានទូតកម្ពុជា ប្រចាំប្រទេសនេះ ចាត់វិធានការឲ្យមានប្រសិទ្ធភាព។
លិខិតដែលក្រសួងការបរទេសកម្ពុជា ដាក់ជូនឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកក្កដា ស្នើសុំឲ្យបើកការស៊ើបអង្កេត និងដោះលែងពលរដ្ឋខ្មែរដែលកំពុងជាប់ឃុំក្នុងរដ្ឋស៊ីឡានហ្គ (Selangor) ប្រទេសម៉ាឡេស៊ី ដែលភាគច្រើនជាពលរដ្ឋខ្មែរឥស្លាមជនជាតិ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែសីហា ថា លោកគាំទ្រចំពោះចំណាត់របស់រដ្ឋាភិបាលនៅពេលនេះ។ លោកថា កន្លងមកពលរដ្ឋខ្មែរដែលចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី ជួបការលំបាក ទាំងការចាញ់បោក ការវាយដំ និងត្រូវបានគេចាប់ឃុំឃាំងជាដើម មិនតែប៉ុណ្ណោះ ពិបាកស្វែងរកអន្តរាគមន៍ពីស្ថានទូតខ្មែរនៅទីនោះផងដែរ។
លោក សុន ឆ័យ បានឲ្យដឹងដែរថា កាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅ លោកបានដាក់លិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន ដើម្បីស្នើក្រសួងការបរទេសកម្ពុជា ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលម៉ាឡេស៊ី តាមផ្លូវច្បាប់ និងការទូត ឲ្យដោះសោះលែងប្រជាពលរដ្ឋខ្មែរដែលចំណាកស្រុកប្រមាណ ៣០០នាក់នេះ។
តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ សង្ឃឹមថា ការចេញវិធានការរបស់ក្រសួងការបរទេសនៅពេលនេះ នឹងជំរុញស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ឲ្យឆាប់ដោះលែងពលករខ្មែររងគ្រោះដែលកំពុងជាប់ឃុំនៅទីនោះ ឲ្យមានសេរីភាពឡើងវិញ៖ «កន្លងមកក្រុមហ៊ុនដែលនាំពលករខ្មែរទៅម៉ាឡេស៊ី ភាគច្រើនសុទ្ធតែបោក ដែលធ្វើឲ្យពលរដ្ឋខ្មែររងទុក្ខវេទនា ត្រូវគេធ្វើបាប អាជ្ញាធរចាប់ដាក់គុក វាយដំ។ ខ្ញុំសូមឲ្យស្ថានទូតខ្មែរនៅទីនោះជួយចាត់វិធានការតាមផ្លូវច្បាប់ និងផ្លូវទូត ដោះលែងពលករខ្មែររងគ្រោះ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី និងមន្រ្តីស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដើម្បីសុំការអត្ថាធិប្បាយលើការស្នើសុំនេះបាននៅឡើយ នៅថ្ងៃទី១ ខែសីហា។
នៅក្នុងលិខិតដែលមានចុះហត្ថលេខា ដោយ លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រៅពីស្នើសុំស្ថានទូតកម្ពុជា ឲ្យពិនិត្យនិងស្រាវជ្រាវពីចំនួនពលរដ្ឋខ្មែរ ក្រសួងនេះក៏បានជំរុញឲ្យប្រទេសម៉ាឡេស៊ី ចូលរួមសហការយ៉ាងធ្វើការសម្របសម្រួលចំពោះករណីនេះផងដែរ។
ចំណែកឯប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បាននិយាយថា កន្លងមកពលរដ្ឋខ្មែរដែលទៅម៉ាឡេស៊ី ទាំងពលករធ្វើការលើទូកនេសាទ និងអ្នកធ្វើការតាមផ្ទះ ទទួលបានអន្តរាគមន៍តិចតួចប៉ុណ្ណោះ។
លោក អំ សំអាត សាទរចំពោះកំណត់ទូតនេះ និងចង់ឃើញចំណាត់ការនេះមានប្រសិទ្ធភាព៖ «កំណត់ទូតដែលបានផ្ញើនេះល្អហើយ ប៉ុន្តែតើការអនុវត្តមានប្រសិទ្ធភាពកម្រិតណា? ដូច្នេះត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះ»។
លិខិតមួយរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ដែលដាក់ជូនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង កាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅ បានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ៣០០នាក់នោះ មានពលរដ្ឋជិត ១០០នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួនពីភូមិមួយឈ្មោះថា Kamung Dalek Kanan។ ដោយការឃាត់ខ្លួននោះធ្វើឡើងពីរលើកផ្សេងគ្នា គឺលើកទី១ ឃាត់ខ្លួន ៣៨នាក់ នៅលើរថយន្តវ៉ែន ខណៈពួកគាត់ធ្វើដំណើរទៅធ្វើការនៅរោងចក្រកាលពីថ្ងៃទី៨ ខែមេសា និងលើកទីពីរឃាត់ខ្លួននៅផ្ទះដែលពួកគេកំពុងស្នាក់នៅតែម្ដងកាលពីថ្ងៃទី១៩ ខែមេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
