លោក ហ៊ុន សែន ថា​កម្ពុជា​មិន​អាច​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សារភាព​ថា កម្ពុជា ​មិន​អាច​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន ​និង​អ្នក​ក្រ​បាន​ឡើយ។ ប៉ុន្តែ ​កម្ពុជា អាច​កាត់​បន្ថយ​គម្លាត​ផ្នែក​អប់រំ​បាន ដោយសារ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ប្រកប​ដោយ​សមធម៌។

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បូក​សរុប​សន្និបាត​អប់រំ​យុវជន​និង​កីឡា ឆ្នាំ​២០១៤ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​ចិត្ត​ថា ប្រទេស​មួយ​នេះ​នឹង​កាត់​បន្ថយ​គម្លាត​នៃ​ការ​អប់រំ​ឲ្យ​បាន​ជា​អតិប្រមាណ ប៉ុន្តែ​មិន​មាន​វិធី​ណា​មួយ​ឡើយ​ដើម្បី​កាត់​បន្ថយ​គម្លាត​ជីវភាព​រវាង​អ្នក​មាន​និង​អ្នក​ក្រ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កុមារ​កម្ពុជា ទោះ​មាន​ក្ដី​ក្រ​ក្ដី មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ដូចៗ​គ្នា តាម​រយៈ​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ ហើយ​គោល​នយោបាយ​កាត់​គម្លាត​នោះ ធ្វើ​បាន​តែ​ក្នុង​ប្រព័ន្ធ​អប់រំ​ប៉ុណ្ណោះ តែ​បើ​ចង់​ទាញ​អ្នក​មានៗ​ឲ្យ​មក​នៅ​ក្រីក្រ​ដែរ គឺ​មិន​អាច​ទេ។ លោក​បន្ត​ថា នៅ​ក្នុង​ពិភពលោក​មាន​តែ​សម័យ ប៉ុល ពត មួយ​គត់​ដែល​អាច​តម្រឹម​ជីវភាព​ពលរដ្ឋ​ឲ្យ​ដូចៗ​គ្នា​បាន។

ទាក់ទង​នឹង​អត្រា​នៃ​ភាព​ក្រីក្រ ធនាគារ​ពិភពលោក​រក​ឃើញ​ថា នៅ​ឆ្នាំ​២០១៣ កន្លង​ទៅ ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣​លាន​នាក់ ឬ​ជិត ២០% រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

សង្គម​ស៊ីវិល​រក​ឃើញ​ថា សិស្ស​ដែល​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ក្រ​មិន​អាច​ទទួល​បាន​ការ​អប់រំ​ដូច​កូន​អ្នក​មាន​ឡើយ។ កូន​អ្នក​ក្រ​ត្រូវ​រៀន​នៅ​សាលា​រដ្ឋ ត្រូវ​បង់​លុយ​គួរ​ក្រៅ​ម៉ោង​ឲ្យ​គ្រូ និង​អ្នក​ខ្លះ​ទៀត​ត្រូវ​ឈប់​រៀន​ទៅ​ជួយ​រក​លុយ​សម្រាប់​ចិញ្ចឹម​គ្រួសារ។

របាយការណ៍​ស្ដីពី​សូចនាករ​អប់រំ​ប្រចាំ​ឆ្នាំ​២០១៣ របស់​ក្រសួង​អប់រំ​បង្ហាញ​ថា អត្រា​សិស្ស​នៅ​មធ្យម​សិក្សា​បោះ​បង់​ចោល​ការ​សិក្សា​មាន​ប្រមាណ ២០% ក្នុង​១​ឆ្នាំៗ ហើយ​អត្រា​នេះ មិន​បាន​ឆ្លើយ​តប​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ឡើយ។ រី​ឯ​កូន​អ្នក​មាន​មួយ​ចំនួន​ធំ​បង្វែរ​ទិស​ដៅ​សិក្សា​របស់​កូនៗ​ពី​សាលា​រដ្ឋ ឲ្យ​ទៅ​រៀន​នៅ​សាលា​ឯកជន ក្រោម​ហេតុផល​សំខាន់ៗ​ចំនួន​ពីរ គឺ​គុណភាព​នៃ​ការ​អប់រំ និង​គេច​ពី​អំពើ​ពុករលួយ។

​អ្នក​នយោបាយ​ធំៗ មាន​ទំនោរ​បញ្ជូន​កូន​ទៅ​រៀន​នៅ​បរទេស ដូចជា​ប្រទេស​សិង្ហបុរី​និង​សហរដ្ឋអាមេរិក។ កូន​របស់​លោក ហ៊ុន សែន កូន​លោក សុខ អាន កូន​លោក ចម ប្រសិទ្ធ កូន​​មេ​បក្ស​ប្រឆាំង សុទ្ធ​តែ​បាន​ទទួល​ការ​អប់រំ​នៅ​ប្រទេស​ជឿន​លឿន​ដែល​មាន​ស្តង់ដារ​អប់រំ​ខ្ពស់។

ទន្ទឹម​នឹង​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ភាព​ក្រីក្រ​ជា​កត្តា​ចម្បង​បំផុត​ដែល​ធ្វើ​ឲ្យ​សិស្ស​បោះបង់​ការ​សិក្សា។ ហើយ​កូន​អ្នក​មាន​និង ​កូន​ចៅ​មន្ត្រី​ធំៗ​មាន​លទ្ធភាព​យ៉ាង​ពេញលេញ​ក្នុង​ការ​រៀន​សូត្រ ទាំង​សម្ភារៈ ប្រាក់កាស​ចាយ​វាយ និង​ទទួល​បាន​ការ​អប់រំ​លំដាប់​អន្តរជាតិ។

លោក​បន្ត​ថា មន្ត្រី​ធំៗ​មិន​ទុក​ចិត្ត​លើ​គុណភាព​អប់រំ និង​គុណភាព​នៃ​សេវា​សុខាភិបាល​ក្នុង​ស្រុក​ទេ ព្រោះ​ថា មន្ត្រី​ធំៗ​តែង​បញ្ជូន​កូន​ទៅ​រៀន​នៅ​បរទេស ព្យាបាល​ជំងឺ​នៅ​បរទេស​ជាដើម។ លោក​បញ្ជាក់​ថា កូន​អ្នកក្រ​តិច​ណាស់​ដែល​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​ដូច​កូន​អ្នក​មាន។

មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា ចំនួន​ជាង ៨០% ប្រកប​របរ​កសិកម្ម។ សង្គម​ស៊ីវិល​រក​ឃើញ​ថា គោលនយោបាយ​សម្រាប់​លើក​ស្ទួយ​វិស័យ​កសិកម្ម​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ពលរដ្ឋ​តាម​ជនបទ​នៅ​ឡើយ។ គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច គោល​នយោបាយ​សម្បទាន​សង្គម​កិច្ច បែរ​ជា​បង្ក​ជម្លោះ​ដីធ្លី បង្ក​នូវ​អំពើ​ហិង្សា និង​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ទៅ​វិញ។

ក្រសួង​អាទិភាព​បី​ដែល​លើក​កម្ពស់​ជីវភាព​អ្នក​ក្រ​រួម​មាន ក្រសួង​កសិកម្ម ក្រសួង​ធនធាន​ទឹក ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែល​ក្រសួង​ទាំង​៣​នេះ បាន​ទទួល​ថវិកា​ជាតិ​តិច​ជាង​ក្រសួង​ដទៃ​ទៀត ដូចជា​ក្រសួង​អប់រំ ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ​ជាដើម។ ពលរដ្ឋ​ជនបទ​នៅ​តែ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ខ្វះ​ទឹក​ធ្វើ​ស្រែ ខ្វះ​បច្ចេកទេស​កសិកម្ម ខ្វះខាត​ផ្លូវ​លំ​ជនបទ ហើយ​ប្រឈម​នឹង​ចំណាក​ស្រុក ព្រម​ទាំង​ជំពាក់​បំណុល​គេ។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន​និង​អ្នកក្រ គឺ​ស្ថិត​នៅ​លើ​សមត្ថភាព​ដឹកនាំ​របស់​អ្នក​កាន់​ការ​រដ្ឋ។ លោក​បន្ត​ថា មធ្យោបាយ​លើក​ស្ទួយ​ការ​អប់រំ ក៏​ជា​វិធី​មួយ​ដែល​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​ដែរ។ មធ្យោបាយ​ទាំង​នោះ​រួមមាន ពង្រីក​ប្រព័ន្ធ​អប់រំ​និង​គុណភាព​អប់រំ​ឲ្យ​ដល់​ទី​ឆ្ងាយ​បំផុត រៀបចំ​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ ចងក្រង​យុទ្ធសាស្ត្រ​គាំពារ​សង្គម​គ្រប់​សេវា​ទាំង​អស់ និង​កត្តា​ចុង​ក្រោយ គឺ​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​ជនបទ។ លោក​បញ្ជាក់​ថា បើ​អ្នក​ដឹកនាំ​ភាគ​ច្រើន​មាន​បេះដូង​សង្គមកិច្ច នោះ​កម្ពុជា នឹង​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ដោយ​ងាយ។

យ៉ាង​ណា​ក៏ដោយ ទាំង​មន្ត្រី​រដ្ឋាភិបាល ទាំង​សង្គម​ស៊ីវិល សុទ្ធតែ​ទទួល​ស្គាល់​ថា កម្ពុជា​ចាប់​ផ្ដើម​មាន​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​កាន់​តែ​ខ្លាំង។ ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​អត្តសញ្ញាណកម្ម​នៃ​ភាព​ក្រីក្រ មាន​សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល​ដោយ​ឥត​គិត​ថ្លៃ បើ​សិន​ជា​ឈឺ​ស្រាលៗ ប៉ុន្តែ​បើ​មាន​ជំងឺ​ធ្ងន់ធ្ងរ​អ្នក​ទាំង​នោះ​ត្រូវ​រក​មធ្យោបាយ​ដោយ​ខ្លួន​ឯង។ អ្នក​ក្រីក្រ​ប្រឈម​នឹង​បញ្ហា​ចំណាក​ស្រុក បញ្ហា​សុខភាព ប្រឈម​វិសមភាព​ក្នុង​វិស័យ​អប់រំ ជា​ពិសេស​មិន​ទទួល​បាន​យុត្តិធម៌​សង្គម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។