ប្រធានរដ្ឋសភាលោក ហេង សំរិន បានបញ្ចប់ទស្សនកិច្ចរយៈពេល ៥ថ្ងៃទៅកាន់ប្រទេសចិន ហើយ នៅថ្ងៃទី២៩ ខែកក្កដា។ ភ្លាមៗនោះដែរ រដ្ឋសភាកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានដែលបង្ហាញថា ទំនាក់ទំនងកម្ពុជា-ចិន រឹតតែជិតស្និទ្ធមួយកម្រិតថែមទៀត ក្រោយដំណើរទស្សនកិច្ចរបស់ប្រតិភូសភាកម្ពុជា ទៅកាន់ប្រទេសចិន នៅពេលនេះ។
ដំណើរទស្សនកិច្ចរបស់ប្រធានសភាកម្ពុជា លោក ហេង សំរិន ទៅកាន់ប្រទេសចិន ធ្វើឡើងតែ ១០ថ្ងៃប៉ុណ្ណោះ ក្រោយពីប្រទេសចិន បានប្រកាសផ្ដល់ជំនួយដល់កម្ពុជា ចំនួន ៦០០លានដុល្លារអាមេរិក ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាំង (Li Keqiang) ក្នុងប្រទេសម៉ុងហ្គោលី (Mongolia) ហើយក៏ស្របពេលដែលកម្ពុជា ត្រូវបានគេមើលឃើញថា កំពុងគាំទ្រចិន យ៉ាងពេញទំហឹងនៅក្នុងជម្លោះសមុទ្រចិន ខាងត្បូង និងគោលនយោបាយរបស់ចិន មួយចំនួនទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា ផ្សព្វផ្សាយក្រោយពេលលោក ហេង សំរិន មកដល់កម្ពុជា នៅថ្ងៃទី២៩ កក្កដា ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីបញ្ជាក់ជំហរជាថ្មីរបស់កម្ពុជា ក្នុងការទទួលស្គាល់គោលនយោបាយប្រទេសចិន តែមួយ លោក ហេង សំរិន បញ្ជាក់ថា សភាកម្ពុជា គាំទ្រជំហររបស់រដ្ឋាភិបាលកម្ពុជា ដែលប្រកាសថា កម្ពុជាប្រឆាំងចំពោះសេចក្ដីថ្លែងការណ៍ណាមួយរបស់អាស៊ាន ដែលគាំទ្រសាលដីកាតុលាការមជ្ឈត្តកម្មអន្តរជាតិទីក្រុងឡាអេ លើបញ្ហាសមុទ្រចិន ខាងត្បូង ហើយចាត់ទុករឿងសមុទ្រចិន ខាងត្បូង ជាបញ្ហាដែលត្រូវដោះស្រាយរវាងភាគីពាក់ព័ន្ធប៉ុណ្ណោះ។
ចំណែកភាគីចិន វិញក៏បានអរគុណកម្ពុជា ដែលតែងតែប្រកាន់ជំហរគាំទ្រចិន អំពីបញ្ហាសមុទ្រចិន ខាងត្បូង។ ក្រៅពីនេះ ប្រទេសចិន ក៏ប្ដេជ្ញាគោរពបូរណភាព អធិបតេយ្យភាពកម្ពុជា និងបន្តជំរុញឲ្យមានការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យបានខ្លាំងក្លា។
ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនេះដែរ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី២៩ ខែកក្កដា បានធ្វើសន្និសីទកាសែតបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា។ លោក ប្រាក់ សុខុន អះអាងថា ប្រទេសនីមួយៗនៅក្នុងសមាគមអាស៊ានប្រកាន់ជំហររៀងៗខ្លួនក្នុងបញ្ហាសមុទ្រចិន ខាងត្បូង ដើម្បីផលប្រយោជន៍ប្រទេសគេរៀងៗខ្លួន។ លោកថា ដោយឡែកកម្ពុជា ក៏មាននយោបាយការទូតដើម្បីការពារផលប្រយោជន៍របស់ខ្លួនដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ផលប្រយោជន៍នោះមានអ្វីខ្លះនោះទេ។
លោក ប្រាក់ សុខុន ក៏ច្រានចោលចំពោះការចោទប្រកាន់ដែលថា កម្ពុជាធ្វើឲ្យរាំងស្ទះដល់ការចេញសេចក្ដីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសឡាវ កាលពីពេលថ្មីៗនេះ។ លោកថា ការចោទប្រកាន់នេះ មិនមែនជារឿងត្រឹមត្រូវ និងជារឿងអយុត្តិធម៌សម្រាប់កម្ពុជា។ លោកថា កម្ពុជាមិនបានកាន់ជើងភាគីណាមួយនៅក្នុងជម្លោះនេះឡើយ៖ «រឿងនេះជារឿងដែលពាក់ព័ន្ធតែរវាងចិន និងហ្វីលីពីនទេ រឿងអីអាស៊ាន ទាំងមូល ត្រូវពាក់ព័ន្ធនៅក្នុងការទាញយកជម្លោះហ្នឹងមកដាក់ជាប់នឹងក្លៀករបស់ខ្លួននោះ ហើយរឿងអីដែលកម្ពុជា គ្រាន់តែមានបំណងល្អបញ្ចៀសសភាពការណ៍កុំឲ្យដុនដាបថែមទៀតត្រូវគេបន្ទោសថា ធ្វើឲ្យរាំងស្ទះ។ រាំងស្ទះពីព្រោះគេមានផលប្រយោជន៍របស់គេ អ៊ីចឹងហើយ តែយើងក៏ត្រូវការពារផលប្រយោជន៍របស់ជាតិយើងដែរ ហើយតើកម្ពុជា ទៅចំណេញអីក្នុងការកាន់ជើងអ្នកណាម្នាក់នៅក្នុងជម្លោះនោះ អត់មានចំណេញអីទេ យើងសុំតែអព្យាក្រឹតតើ! សុំអត់កាន់ជើងខាងណាតើ!»។
ទោះជាយ៉ាងណាក៏ដោយ មុនពេលតុលាការមជ្ឈត្តកម្មអន្តរជាតិទីក្រុងឡាអេ ចេញសេចក្ដីសម្រេចទាក់ទងបញ្ហាសមុទ្រចិន ខាងត្បូង នៅថ្ងៃទី១២ កក្កដា លោក ហ៊ុន សែន ប្រកាសជំហរថា កម្ពុជាមិនចូលរួមចេញសេចក្ដីថ្លែងការណ៍រួមណាមួយជាមួយអាស៊ាន គាំទ្រសេចក្ដីសម្រេចរបស់តុលាការឡើយ។ ការប្រកាសរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដូចនេះ ធ្វើឲ្យគេមើលឃើញថា កម្ពុជាហាក់លំអៀងទៅរកចិនក្នុងជម្លោះនេះ ដែលជាហេតុធ្វើឲ្យគេចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាជាអ្នករារាំងមិនអាចឲ្យអាស៊ាន ចេញសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួនបានទាក់ទងបញ្ហាសមុទ្រចិន ខាងត្បូង។
សម្រាប់អ្នកវិភាគវិញយល់ឃើញថា កម្ពុជាត្រូវថ្លឹងថ្លែងឲ្យច្បាស់លាស់មុននឹងសម្រេចប្រកាសជំហររបស់ខ្លួនជុំវិញជម្លោះនេះ ព្រោះវាអាចធ្វើឲ្យកម្ពុជា មានទំនាក់ទំនងមិនល្អជាមួយបណ្ដាប្រទេសផ្សេងទៀតដែលឋិតនៅក្នុងសមាគមអាស៊ាន។ មួយវិញទៀត ការប្រកាសមិនចូលរួមគាំទ្រសាលដីការបស់តុលាការអន្តរជាតិ អាចធ្វើឲ្យកម្ពុជា មានការលំបាកក្នុងការជំរុញឲ្យប្រទេសថៃ គោរពសាលដីការបស់ទីក្រុងឡាអេ ដែលសម្រេចឲ្យកម្ពុជា ឈ្នះក្តីជាថ្មីលើករណីប្រាសាទព្រះវិហារ ហើយដែលកន្លងមកកម្ពុជា ក៏ធ្លាប់ស្នើឲ្យអង្គការសហប្រជាជាតិជំរុញឲ្យភាគីថៃ គោរពសាលដីកាប្រាសាទព្រះវិហារ នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
