អ្នកនយោបាយក្នុងប្រទេសកម្ពុជា បានថ្កោលទោស និងសម្ដែងការសោកស្ដាយចំពោះព្រឹត្តិការណ៍ភេរវកម្មនៅចំកណ្ដាលរដ្ឋធានីនៃប្រទេសបារាំង។ ភេរវកម្មនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២០នាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបនាក់ទៀតរងរបួស។ ការបាញ់សម្លាប់នេះ ក៏បានកើតឡើងនៅក្នុងភោជនីយដ្ឋានខ្មែរមួយផងដែរ។
ប៉ុន្មានម៉ោងបន្ទាប់ពីអំពើភេរវកម្មនៅប្រទេសបារាំង ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខជូនប្រធានាធិបតីបារាំង និងបានថ្កោលទោសចំពោះក្រុមភេរវករដែលបាញ់សម្លាប់ហ្វូងមនុស្ស។
ភេរវកម្មនេះកើតឡើងនៅពេលយប់ថ្ងៃទី១៣ ខែវិច្ឆិកា ម៉ោងនៅប្រទេសបារាំង ឬត្រូវនឹងពេលព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា នៅចំកណ្ដាលទីក្រុងប៉ារីស។ ទីភ្នាក់ងារសារព័ត៌មានបារាំង អា.អេស្វ.ប៉េ (AFP) មនុស្សយ៉ាងហោចណាស់ ១២០នាក់ ត្រូវបានភេរវជនបាញ់សម្លាប់ និងជាង ១៨០នាក់រងរបួស។
លោកនាយករដ្ឋមន្ត្រីថ្លែងនៅក្នុងសារនោះថា "រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើឧក្រិដ្ឋកម្ម..."។
ចំណែកគណបក្សសង្គ្រោះជាតិវិញ ក៏បានចេញសេចក្ដីថ្លែងការណ៍ដើម្បីចូលរួមមរណទុក្ខចំពោះប្រជាជនដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍ភេរវកម្ម ក្នុងក្រុងប៉ារីស នេះផងដែរ។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាស "ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើដ៏សាហាវឃោរឃៅនេះ"។
បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង ដដែលបានឲ្យដឹងថា ក្រុមភេរវករបានចាប់ជំរិត បាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាត នៅ ៦កន្លែងផ្សេងគ្នា រួមមាននៅលើដងផ្លូវ សាលប្រគំតន្ត្រី ពហុកីឡដ្ឋាន និងភោជនីយដ្ឋាន ដែលក្នុងនោះក៏មានភោជនីយដ្ឋានខ្មែរមួយ ឈ្មោះ ឡឺ ប៉ឺទី កាំបូដ (Le Petit Cambodge) ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី មានប្រសាសន៍ថា មកដល់ពេលនេះ មិនទាន់មានព័ត៌មានស្ដីពីអ្នកស្លាប់នៅក្នុងភោជនីយដ្ឋានខ្មែរនៅឡើយ៖ «រហូតមកដល់ពេលហ្នឹង យើងអត់ទាន់មានព័ត៌មានបញ្ជាក់ថា តើមានពលរដ្ឋកម្ពុជា ក្នុងចំណោមអ្នករងរបួស ឬក៏អត់ទេ? បើតាមខ្ញុំដឹង មិនមែនតែព័ត៌មានពាក់ព័ន្ធនឹងកម្ពុជា ទេ ហើយព័ត៌មានពាក់ព័ន្ធនឹងជនជាតិណាផ្សេងទៀត ក៏មិនទាន់មានដែរ។ ឥឡូវហ្នឹង ក្រសួងកំពុងទាក់ទងទៅស្ថានទូត (កម្ពុជា) ដើម្បីស្វែងរកព័ត៌មានហ្នឹង»។
ការវាយប្រហារភេរវកម្មនៅក្រុងប៉ារីសនេះ បានកើតឡើងរយៈពេល ១០ខែ ក្រោយការវាយប្រហារទៅលើទស្សនាវដ្ដីបារាំង ឈ្មោះ ឆាលី ហេបដូ (Charlie Hebdo)។
ភ្លាមៗបន្ទាប់ពីការវាយប្រហារនេះ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) បានប្រកាសដាក់ប្រទេសបារាំង ស្ថិតនៅក្នុងគ្រាអាសន្ន ហើយប្រកាសបិទច្រកព្រំដែន។ មេដឹកនាំពិភពលោកមួយចំនួនក៏បានចេញមុខថ្កោលទោសក្រុមភេរវករដែលបានសម្លាប់មនុស្សនេះដែរ។
នៅចុងខែវិច្ឆិកា ប្រទេសបារាំង គ្រោងរៀបចំកិច្ចពិភាក្សាស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុនៅក្នុងទីក្រុងប៉ារីស ដែលនឹងមានការចូលរួមពីប្រមុខរដ្ឋពិភពលោកកំពូលៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
