កម្ពុជា៖ ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុក​វិញ​ជា​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​យោធា​ថៃ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​យោធា​ថៃ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដោយ​ប្រយោល​ដើម្បី​បង្ខំ​ពលករ​ខ្មែរ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ថៃ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​យោធា​ថៃ បដិសេធ​ថា យោធា​ថៃ​គ្មាន​ផែនការ​បោស​សម្អាត​ពលករ​កម្ពុជា ខុស​ច្បាប់​ក៏ដោយ។

គិត​មក​ត្រឹម​ថ្ងៃ​ទី​១៦ មិថុនា ពលករ​ខ្មែរ​ប្រុស​ស្រី​ប្រមាណ ១៤០.០០០​នាក់ (មួយ​សែន​បួន​ម៉ឺន​នាក់) ត្រូវ​បាន​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​កង​ទាហាន​ថៃ ចាប់​ដាក់​ឲ្យ​ឈរ​ប្រជ្រៀត​គ្នា​ក្នុង​រថយន្ត​ទ្រុង ដែល​មាន​សំណាញ់​ដែក​ព័ទ្ធ​ជុំវិញ ដើម្បី​ដឹក​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា នៅ​ក្នុង​ចម្ងាយ​ផ្លូវ​រាប់​រយ​គីឡូម៉ែត្រ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា អះអាង​ថា យោធា​ថៃ នៅ​ពី​ក្រោយ​ការ​ចាប់​បញ្ជូន និង​បង្ខំ​ពលករ​កម្ពុជា ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ថ្វី​ត្បិត​តែ​រដ្ឋាភិបាល​យោធា​ថៃ បន្ត​អះអាង​ថា នៅ​តែ​គោរព​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ទាំង​ពី​ស្ដីពី​ពលករ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ក៏ដោយ៖ «ខាង​ថៅកែ​រោងចក្រ​ត្រូវ​បាន​អាជ្ញាធរ​យោធា​ថៃ បាន​ដាក់​កំហិត​កុំ​ឲ្យ​សហគ្រាស​ឯកជន​ប្រើប្រាស់​ពលករ​ខុស​ច្បាប់ ដូច្នោះ​ហើយ​គេ​មិន​ហ៊ាន​ទុក​ពលករ​ខុស​ច្បាប់»

ការ​អះអាង​ថា​របស់​លោក កុយ គួង ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សន្តិភាព និង​សណ្ដាប់ធ្នាប់​ថៃ ទទូច​ថា ពលរដ្ឋ​ខ្មែរ​មាន​តែ​ចំនួន​ប្រមាណ ៦០​ម៉ឺន​នាក់ បាន​ចាក​ចេញពី​ប្រទេស​ថៃ ដោយ​ខ្លួន​ឯង និង​គ្មាន​ការ​បង្ខំ។ ក្រុមប្រឹក្សា​នេះ​បញ្ជាក់​ថា ពលករ​ខ្មែរ​កំពុង​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ មាន​ចំនួន​ប្រមាណ ៩​ម៉ឺន​នាក់។

​កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​ថ្ងៃ​ទី​១៦ មិថុនា ថា ការ​បោស​សម្អាត​ពលករ​បរទេស​របស់​រដ្ឋាភិបាល​យោធា​ថៃ លើក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​គម្រោង​សាងសង់​ផ្នែក​អចលនទ្រព្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ទំនើបៗ​របស់​ថៃ ដែល​មាន​គម្រោង​ទឹក​ប្រាក់​សាងសង់​រាប់ពាន់​លាន​បាត ដោយសារ​តែ​ខ្វះ​កម្លាំង​ពលកម្ម។

ទោះ​បី​ជា​យ៉ាង​ក៏ដោយ ក្រុមប្រឹក្សា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សន្តិភាព និង​សណ្ដាប់ធ្នាប់​ថៃ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ មន្ត្រី​យោធា​ថៃ អះអាង​ថា យោ​ថៃ​ចាត់​វិធានការ​ប្រឆាំង​នឹង​ពលករ​ខុសច្បាប់ ដោយសារ​ពួកគេ​បាន​បង្ក​បញ្ហា​ជា​ច្រើន​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

សមាគម​អាដហុក កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ពលករ​ខ្មែរ​ប្រមាណ ១​សែន ៤​ម៉ឺន​នាក់ ត្រូវ​បាន​ទាហាន​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ គិត​មក​ត្រឹម​ថ្ងៃ​ទី​១៦ ​មិថុនា។ ដោយ​ឡែក​ពលករ​ខ្មែរ​ប្រមាណ ១​ម៉ឺន​២​ពាន់​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ តាម​ច្រក​ព្រំដែន​អន្តរជាតិ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ច័ន្ទ ម្សិលមិញ។

សមាគម​អាដហុក អះអាង​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ៩​នាក់ ត្រូវ​បាន​ទាហាន​ថៃ បាញ់​សម្លាប់​នៅ​ពេល​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ។ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចំនួន ៨​នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ។ គ្រោះថ្នាក់​នេះ​កើត​មាន​ឡើង​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ បាន​នាំ​គ្នា​ជិះ​រថយន្ត​វិល​ត្រឡប់​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ។

​ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ និង​ការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​សមាគម​អាដហុក អ្នកស្រី ឆន សុគន្ធា កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា បញ្ជាក់​ថា សមាគម​អាដហុក បន្ត​ស៊ើប​អង្កេត​ករណី​ទាហាន​ថៃ​បាញ់​សម្លាប់​ពលករ​ខ្មែរ​ទាំង​នេះ៖ «ពេល​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ច្រើន ពេល​គាត់​ត្រឡប់​មក​វិញ យើង​ចង់​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​រក​ការងារ​ក្នុង​ស្រុក​ដើម្បី​ជៀស​វាង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​មាន​ការ​រំលោភ​ធ្ងន់ធ្ងរ»

​កាលពី​ចុង​សប្ដាហ៍​មុន ពលករ​ខ្មែរ​ដែល​ត្រូវ​យោធា​ថៃ ចាប់​បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ មាន​ចំនួន​កើន​ឡើង​រហូត​ដល់​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅ​ចក្រ​ផ្លូវ​អន្តរជាតិ​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​យោធា​កម្ពុជា ប្រើប្រាស់​រថយន្ត ១៥០​គ្រឿង ដឹក​បញ្ជូន​ពលករ​ទាំង​នោះ​ទៅ​ស្រុក​កំណើត​វិញ។

​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ ហួយ ឌី ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ អះអាង​ថា លោក​ព្រួយ​​បារម្ភ​ពី​សន្តិសុខ ទើប​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ៖ «ខ្ញុំ​មកពី​ថៃ មក​ដោយ​ខ្លួន​ឯង ដោយសារ​ឮ​ថា តម្រួត​វា​ចាប់​អ្វី​ហ្នឹង ឮ​ថា​ចាប់​បាន​ដាក់​គុក ៣​ខែ ឬ​បាញ់​ចោល បាន​ថា​ខ្មែរ​មក​វិញ ខ្លាច​ងាប់»

​ចំណែក​ពលការិនី​ម្នាក់​ទៀត ឈ្មោះ ញួន ពៅ បញ្ជាក់​ដែរ​ថា លោកស្រី​មក​កម្ពុជា បន្ទាប់​ពី​ ទូរទស្សន៍​ថៃ ប្រកាស​ឲ្យ​ពលករ​ធ្វើ​ការ​ខុស​ច្បាប់​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

​មន្ត្រី​ជំនាញ​អះអាង​ថា ការ​ចាប់​បញ្ជូន​ពលករ​បរទេស​ពី​ប្រទេស​ថៃ នឹង​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​ថៃ ដែល​កំពុង​តែ​ងើប​ឡើង​វិញ​នេះ ជួប​នឹង​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារ​តែ​សេដ្ឋកិច្ច​ថៃ ពឹង​ពាក់​លើ​ពលករ​ជា​ច្រើន​មក​ពី​ប្រទេស​កម្ពុជា ឡាវ និង​ប្រទេស​ភូមា ឬ មីយ៉ាន់ម៉ា (Burma/Myanmar)។ ពាណិជ្ជករ​និង​មន្ត្រី​សេដ្ឋកិច្ច​ថៃ ទាមទារ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ អនុញ្ញាត​ឲ្យ​ពលករ​បរទេស​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ថៃ វិញ ជា​បន្ទាន់។ ពលករ​ទាំង​នោះ ច្រើន​ធ្វើ​ការងារ​ដែល​ពលរដ្ឋ​ថៃ មិន​ចង់​ធ្វើ មាន​ដូចជា ការងារ​ធ្វើ​ដោយ​កម្លាំង និង​ការងារ​តាម​ផ្ទះ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។