អតីត​សាស្ត្រាចារ្យ​​សាកលវិទ្យាល័យហ្គ័ម​ផ្ដល់​យោបល់​ដល់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី (Asian Human Rights Commission) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣០ កញ្ញា បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​របស់​លោក​បណ្ឌិត ហ្គាហ្វា ពៀង មេត (Dr. Gaffar Peang-Meth) ដែល​ក្នុង​នោះ​លើក​ឡើង​ថា ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​តែ​ធ្វើ​ការ​ឱ្យ​ខ្លាំងក្លា​ដើម្បី​កសាង​ធនធាន​អ្នក​ដឹកនាំ​ឱ្យ​បាន​ច្រើន​រាប់​ពាន់​នាក់ និង​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិត​ប្រាកដ​ទៅ​លើ​ការ​កសាង​ប្រទេស​ជាតិ។

លោក​បណ្ឌិត ហ្គាហ្វា ពៀង មេត គឺ​ជា​សាស្ត្រាចារ្យ​ច្បាប់​បង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ ហ្គ័ម (Guam) ដែល​បច្ចុប្បន្ន​លោក​បាន​ចូល​និវត្តន៍ និង​កំពុង​រស់​នៅ​សហរដ្ឋអាមេរិក។ លោក​គូស​បញ្ជាក់​ក្នុង​អត្ថបទ​របស់​លោក​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ទៅ​ណា​ទេ​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ ពោល​គឺ​លោក​នៅ​តែ​កាន់​អំណាច​យូរ​ត​ទៅ​ទៀត។ ប្រសិន​បើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទទួល​ស្គាល់​ប្រការ​នេះ​កាន់​តែ​ឆាប់ គឺ​កាន់​តែ​ប្រសើរ ហើយ​នាំ​គ្នា​ងាក​មក​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​កសាង​ឯកភាព និង​សាមគ្គីភាព តាម​រយៈ​យុទ្ធសាស្ត្រ​អហិង្សា​វិញ នោះ​ជា​ការ​ឈ្លាសវៃ​បំផុត។

ឆ្លើយ​តប​នឹង​ការ​វិភាគ​ផ្ដល់​យោបល់​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា គណបក្ស​នេះ​បាន​អនុវត្ត​នូវ​ចំណុច​ទាំង​ឡាយ​នោះ​រួច​មក​ហើយ ដែល​ជា​កត្តា​នាំ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​នេះ។

លោក យឹម សុវណ្ណ៖ «តាង​នាម​គណបក្ស​សង្គ្រោះ យើង​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​ប្រឹក្សា​ផ្ដល់​យោបល់​ដ៏​ល្អ។ អ្វី​ដែល​លោក​និយាយ គឺ​ជា​អ្វី​ដែល​យើង​ខ្ញុំ​បាន​ធ្វើ កំពុង​ធ្វើ ហើយ​នឹង​ធ្វើ​ជា​បន្ត​ទៅ​ទៀត ព្រោះ​ពួក​យើង​ខ្ញុំ​បាន​ធ្វើ​រួច​រាល់​អស់​ហើយ​ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ​ហើយ។ យើង​ខ្ញុំ​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ដឹក​នាំ​ប្រទេស។ អ្វី​ដែល​ខ្វះខាត គឺ​​ខ្វះ​ឆន្ទៈ​នយោបាយ​ពី​ខាង​ភាគី​គណបក្ស​កាន់​អំណាច​ទេ។ យើង​អាច​នឹង​ដឹង​បាន​ថា យើង​នឹង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច ដើម្បី​ឱ្យ​មាន​ការ​ឯកភាព​ជាតិ ដើម្បី​រក្សា​សាមគ្គី​ភាព​ផ្ទៃ​ក្នុង ហើយ​នឹង​ឈាន​ទៅ​រក​ការ​ដឹកនាំ​ប្រទេស​នៅ​ពេល​ខាង​មុខ…»

លោក យឹម សុវណ្ណ លើក​ឡើង​ជា​ថ្មី​ទៀត​ថា លទ្ធផល​ពិត​បោះ​ឆ្នោត​អាណត្តិ​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ឈ្នះ។

ប៉ុន្តែ​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ​បាន​បង្ហាញ​ការ​យល់​ស្រប​ទៅ​នឹង​អត្ថបទ​របស់​លោក​បណ្ឌិត ហ្គាហ្វា ពៀង មេត ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​ជា​អ្នក​ដឹកនាំ​ឱ្យ​បាន​ជ្រាលជ្រៅ​ថែម​ទៀត ដើម្បី​អាច​ជួយ​សង្គម​ជាតិ​ខ្មែរ ឱ្យ​ទទួល​បាន​ផល​ប្រយោជន៍​ខ្ពស់​បំផុត​ក្នុង​វិស័យ​សិទ្ធិ​សេរីភាព យុត្តិធម៌ និង​នីតិរដ្ឋ។

លោក កែម ឡី៖ «…លោក​ដុកទ័រ គាត់​និយាយ​ឱ្យ​ពង្រឹង​វិភាគ​មុខ​ងារ​ភារកិច្ច​ក្នុង​គណបក្ស ពង្រឹង​ភាព​ជា​អ្នក​ដឹកនាំ ប្រព័ន្ធ​គណបក្ស​នោះ គឺ​ត្រឹមត្រូវ​ហើយ។ តាម​ពិត​កន្លង​មក គឺ​ដោយសារ​គណបក្ស​ប្រជាជន​គាត់​ធ្វេសប្រហែស គាត់​បង្កើត​បញ្ហា​ច្រើន​ក្នុង​សង្គម ធ្វើ​ឱ្យ​ប្រជាជន​ឈឺ​ចាប់​ច្រើន ​បាន​ជា​ប្រជាជន​អស់​ជម្រើស គឺ​រត់​មក​ពឹង​គណបក្ស​សង្គ្រោះ​ជាតិ។ ហ្នឹង​ដែល​ខ្ញុំ​ចង់​និយាយ…»

លោក កែម ឡី ក៏​បាន​យល់​ស្រប​ផង​ដែរ ចំពោះ​ចំណុច​ដែល​លោក​បណ្ឌិត ហ្គាហ្វា ពៀង មេត លើក​ឡើង​ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​តែ​កាន់​អំណាច​យូរ​ត​ទៅ​ទៀត មិន​ចុះ​ចេញ​ពី​តំណែង​ងាយៗ​នោះ​ទេ ហើយ​និង​ចំណុច​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ គប្បី​ប្រើ​រយៈពេល ៥​ឆ្នាំ​នៃ​អាណត្តិ​ថ្មី​នេះ ដើម្បី​ពង្រឹង​ធនធាន​មនុស្ស​ក្នុង​ការ​ដឹកនាំ​ប្រទេស ដើម្បី​កាត់​បន្ថយ​បន្តិច​ម្តងៗ​នូវ​របប​គ្រប់គ្រង​បែប​អនាធិបតេយ្យ និង​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ជាតិ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។