របាយការណ៍សកលរបស់អង្គការភាពជាដៃគូថវិកាអន្តរជាតិ បានចាត់ថ្នាក់ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបបំផុតលើតម្លាភាពថវិកា ដោយមិនផ្តល់ជូនពលរដ្ឋខ្លួននូវព័ត៌មានអំពីរបៀបប្រើប្រាស់ថវិកាជាសាធារណៈ។ ទន្ទឹមគ្នានេះ អង្គការភាពជាដៃគូថវិកាអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលត្រូវផ្សព្វផ្សាយជុំវិញការប្រើប្រាស់ថវិកាជាតិដល់សាធារណជនដើម្បីធានាគណនេយ្យភាពសង្គម។
របាយការណ៍អង្កេតសកលរបស់អង្គការភាពជាដៃគូថវិកាអន្តរជាតិ ប្រចាំឆ្នាំ២០១៥នេះ បានវាយតម្លៃប្រទេសចំនួន ១០២ នៅជុំវិញពិភពលោក រកឃើញថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោម ៣២ប្រទេស ដែលមានពិន្ទុទាបជាងគេនៅលើសន្ទស្សន៍តម្លាភាពថវិកា។
របាយការណ៍របស់អង្គការអន្តរជាតិ ដែលបានចាត់ទុកកម្ពុជា ស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបបំផុតលើតម្លាភាពថវិកានៅពេលនេះ ត្រូវបានបង្ហាញឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា។
របាយការណ៍បានវាយតម្លៃប្រទេសចំនួន ១០២ នៅជុំវិញពិភពលោកបានរកឃើញថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោម ៣២ប្រទេស ដែលមានពិន្ទុទាបជាងគេនៅលើសន្ទស្សន៍តម្លាភាពថវិកា ឬហៅកាត់ថា OBI ដែលប្រើប្រាស់លក្ខណៈវិនិច្ឆ័យដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ដើម្បីផ្ដល់ឲ្យប្រទេសនីមួយៗនូវពិន្ទុតម្លាភាពមួយលើកម្រិត ១០០ពិន្ទុ។
របាយការណ៍អង្កេតនេះ បានរកឃើញថា ៣២ ប្រទេសមានលក្ខណៈខ្វះខាតលើសសរស្ដម្ភទាំងបីនៃគណនេយ្យភាព។ ប្រទេសទាំងនេះរួមមាន ប្រទេសមួយចំនួនដែលបានផ្តល់ព័ត៌មានថវិកាតិចតួច ឬមិនបានផ្ដល់ព័ត៌មានថវិកាតែម្ដង ដែលក្នុងនោះមាន អាល់ហ្សេរី (Algeria) បូលីវី (Bolivia) កម្ពុជា ចិន ហ្គីណេ អេក្វាទ័រ (Equatorial Guinea) ហ្វីជី (Fiji) អ៊ីរ៉ាក់ (Iraq) មីយ៉ាន់ម៉ា (Myanmar) កាតា (Qatar) និងអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)។
នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូថវិកាអន្តរជាតិ លោក វ៉រ៉ិន ក្រាហ្វឈិក (Warren Krafchik) មានប្រសាសន៍តាមរយៈរបាយការណ៍នេះថា រាល់ការប្រើប្រាស់ ឬចាយវាយថវិកាជាតិសាធារណជនត្រូវការលទ្ធភាពទទួលបានព័ត៌មានថវិកា និងឱកាសដើម្បីចូលរួមក្នុងកិច្ចដំណើរថវិកាទាំងមូល។ ជាងនេះទៀត លោកជំរុញឲ្យប្រទេសដែលមានតម្លាភាពថវិកាតិចបំផុត ត្រូវតែផ្ដល់ជូនពលរដ្ឋខ្លួននូវព័ត៌មានអំពីរបៀបប្រើប្រាក់សាធារណៈ ដោយគ្រាន់តែដាក់ផ្សាយឯកសារទាំងនេះលើគេហទំព័ររបស់រដ្ឋាភិបាល។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានច្រានចោលរបាយការណ៍របស់អង្គការភាពជាដៃគូថវិកាអន្តរជាតិថា ធ្វើឡើងដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រពិតប្រាកដ។ លោកថា រាល់ផែនការ ឬគោលនយោបាយថវិកាជាតិ រដ្ឋាភិបាលតែងធ្វើតាមទម្រង់ នឹងបែបបទត្រឹមត្រូវ ហើយលោកចាត់ទុកថា ការលើកឡើងនេះគ្រាន់តែជាចេតនានយោបាយប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន៖ «ការលើកឡើងនេះ គ្រាន់តែជាការលើកឡើងក្នុងចេតនានយោបាយប៉ុណ្ណោះ មិនមែនលើកឡើងក្នុងន័យវិទ្យាសាស្ត្រ ឬជួយសម្រួលឲ្យប្រជាពលរដ្ឋយល់ដឹងនោះទេ។ កាលណាអង្គការហ្នឹងលើកឡើងដូច្នេះ គឺជាការមាក់ងាយដល់ប្រធានគណៈកម្មាធិការជាតិដែលជាអ្នករៀបចំថវិកាជាតិ»។
របាយការណ៍ដដែលបង្ហាញទៀតថា ប្រទេសកម្ពុជា ដែលស្ថិតក្នុងចំណោមប្រទេស ៣២ប្រទេសដែលមានពិន្ទុទាបជាងគេនៅលើសន្ទស្សន៍តម្លាភាព មិនសម្រេចបានសសរស្ដម្ភទាំងបី "តម្លាភាព ការចូលរួមសាធារណៈ និងភាពខ្លាំងនៃការត្រួតពិនិត្យ"។
របាយការណ៍ដដែលអះអាងថា កង្វះប្រព័ន្ធគណនេយ្យភាពថវិការឹងមាំ គឺជាការគំរាមកំហែងមួយចំពោះការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗ ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិដែលត្រូវបានរំពឹងទុកនៅសន្និសីទបរិស្ថានក្រុងប៉ារីស ឆ្នាំ២០១៥។
របាយការណ៍នេះជុំវិញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវអនុញ្ញាតឲ្យសាធារណជនផ្ដល់សក្ខីកម្មនៅក្នុងសវនាការនៃស្ថាប័ននីតិប្បញ្ញត្តិ ឬពិភាក្សាថវិកានៅកម្រិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬរដ្ឋសភា មុនពេលជជែកពិភាក្សាពេញលេញរបស់រដ្ឋសភាលើសេចក្ដីព្រាងច្បាប់ថវិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
