មន្ត្រី​រដ្ឋាភិបាល៖ កម្ពុជា​មិន​បារម្ភ​ចំពោះ​ការ​កាត់​ជំនួយ​របស់​អាមេរិក

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និយាយ​ថា ការ​គំរាម​កាត់​ជំនួយ​របស់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ជួប​ឧបសគ្គ​ឡើយ។
ដោយ ម៉ម មុនីរតន៍
2013.09.29
ជាម យៀប ៣០៥ លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣។
RFA

ការ​អះអាង​ខាង​លើ​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​តំណាងរាស្ត្រ​មក​ពី​រដ្ឋ​អូហ៊ីយ៉ូ (Ohio) ព្រមាន​ថា នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​មួយ​ស្នើ​ឲ្យ​សភា​អាមេរិកាំង ផ្អាក​ផ្ដល់​ជំនួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ទើប​ប្រកាស​ចូល​កាន់​តំណែង​ថ្មី​កន្លង​ទៅ​នេះ។

មន្រ្តី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​យន្តការ​ដើម្បី​រិះរក​វិធី​ក្នុង​ការ​ទប់ស្កាត់​ជំនួយ​តាម​រយៈ​តំណាងរាស្ត្រ​សភា​អាមេរិកាំង នៅ​ពេល​នេះ ថា​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ជាប់​គាំង​ផ្នែក​នយោបាយ​ឡើយ។

លោក ជាម យៀប ដែល​ជា​បេក្ខភាព​តំណាងរាស្ត្រ​ចាស់​វស្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​មួយ​នៃ​រដ្ឋ​សភា​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ដែល​ទទួល​បាន​ការ​គាំទ្រ​និង​ជឿ​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ នឹង​មិន​ព្រឺ​រោម​ឡើយ ចំពោះ​ការ​គំរាម​កាត់​ប្រាក់​ជំនួយ ហើយ​រដ្ឋាភិបាល​ថ្មី​ក៏​ពុំ​មាន​សិទ្ធិ​ណា​មួយ​បញ្ជា​ឲ្យ​សភា​សហរដ្ឋអាមេរិក ធ្វើ​តាម​កម្ពុជា នោះ​ដែរ។

លោក ជាម យៀប ឲ្យ​ដឹង​ថា អ្វី​ដែល​កម្ពុជា អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​ត្រូវ​បំពេញ​ភារកិច្ច​ក្នុង​នាម​រដ្ឋាភិបាល​កើត​ចេញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា ដ៏​ច្រើន​លើសលប់។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​អូហាយ៉ូ លោក ស្ទីវ ឆាបុត (Steve Chabot) និយាយ​ថា ខ្លួន​បាន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​លេខ ៣១០ ដោយ​ស្នើ​ឲ្យ​សភា​សហរដ្ឋ​អាមេរិក ពិចារណា​ផ្អាក​ជំនួយ​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ព្រោះ​លទ្ធផល​ឆ្នោត​ត្រូវ​រង​ការ​រិះគន់​ថា មាន​ភាព​លំអៀង និង​រង​ឥទ្ធិពល​ទៅ​រក​គណបក្ស​កាន់​អំណាច ហើយ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន។ លោក ស្ទីវ មាន​សេចក្ដី​សង្ឃឹម​ថា សំណើ​របស់​លោក​នេះ​សភា​សហរដ្ឋអាមេរិក នឹង​អនុម័ត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ចំណែក​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និយាយ​ថា គេ​ហាក់​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ទៅ​លើ​សេចក្ដី​សម្រេច​របស់​សភា​អាមេរិក ក្នុង​ការ​ផ្អាក​ជំនួយ​មក​កម្ពុជា ថា​វា​នឹង​អាច​កើត​ឡើង​បាន។ លោក​ថា កម្ពុជា​ក៏​ធ្លាប់​មាន​មេរៀន​ដូច​នេះ​ម្ដង​រួច​មក​ហើយ ក្រោយ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​កាល​ពី​ឆ្នាំ​១៩៩៧។ បើ​ទោះ​ជា​សហរដ្ឋអាមេរិក ព្រមាន​នៅ​ពេល​នោះ​ថា នឹង​ផ្អាក​ជំនួយ​ក្ដី​នៅ​ទីបំផុត កម្ពុជា​ក៏​អាច​នៅ​ទទួល​បាន​ការ​ឧបត្ថម្ភ​ក៏​ជា​បន្ត​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។

លោក អ៊ូ វីរៈ ព្រមាន​ថា ការ​កាត់​ជំនួយ​ណា​មួយ​សម្រាប់​កម្ពុជា នឹង​ពុំ​មែន​ជា​ជម្រើស​ល្អ​ឡើយ​ទាំង​សង្ខាង ហើយ​ការ​ខាត​បង់​គឺ​ទាំង​រដ្ឋាភិបាល​លោក អូបាម៉ា និង​រដ្ឋាភិបាល​លោក ហ៊ុន សែន។

លោក អ៊ូ វីរៈ ពុំ​មាន​ជំនឿ​ថា គម្រោង​ផ្អាក​ជំនួយ​របស់​ប្រទេស​មហា​អំណាច​ផ្នែក​សព្វាវុធ​មួយ​នេះ អាច​នឹង​កាត់​គ្រប់​ផ្នែក​ដែល​ប្រទេស​នេះ​ធ្លាប់​ផ្ដល់​ឲ្យ​កម្ពុជា​នោះ​ទេ។ ក្នុង​ន័យ​នេះ​លោក​គិត​ថា ទំនង​ការ​ផ្អាក​ទៅ​លើ​តែ​វិស័យ​យោធា​និង​វិស័យ​អប់រំ ព្រម​ទាំង​សុខាភិបាល​ក្នុង​ផ្នែក​ខ្លះ​ប៉ុណ្ណោះ។ ដោយ​ឡែក សម្រាប់​គម្រោង​អភិបាលកិច្ច​ល្អ និង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នឹង​មិន​ប៉ះពាល់​ឡើយ។

យ៉ាង​ក៏​ដោយ សហរដ្ឋអាមេរិក​បាន​ទាត់​ចោល​រួច​ទៅ​ហើយ​ថា ការ​បោះ​ឆ្នោត​នេះ​ពុំ​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។ ការ​បង្ហាញ​ជំហរ​បែប​នេះ​របស់​​សហរដ្ឋអាមេរិក ក្រោយ​ពី​​សភា​កោះ​ប្រជុំ​ជា​លើក​ដំបូង ក្រោម​ព្រះ​រាជាធិបតី​របស់​ព្រះ​មហាក្សត្រ ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា។ ព្រម​ជា​មួយ​គ្នា​​នេះ របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ក៏​ចាត់​ទុក​ដែរ​ថា ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី ៥ នេះ មិន​មាន​ភាព​ត្រឹមត្រូវ តម្លាភាព និង​មិន​យុត្តិធម៌​នោះ​ទេ។

ប្រតិកម្ម​នឹង​បញ្ហា​នេះ លោក ជាម យៀប អះអាង​ថា រដ្ឋាភិបាល​នឹង​មិន​ខ្វាយខ្វល់​ឡើយ​ចំពោះ​ចំណាត់​ការ​តំណាងរាស្ត្រ​សភា​របស់​សហរដ្ឋអាមេរិក​នេះ។ លោក ជាម យៀប ហៅ​ជម្រើស​របស់​លោក ស្ទីវ នៅ​ពេល​នេះ​ថា មិន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឆន្ទៈ​ដ៏​លើសលប់​របស់​សភា និង​ពលរដ្ឋ​អាមេរិកាំង ថែម​ទៀត។

នៅ​មុន​ការ​បោះ​ឆ្នោត​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា និង​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី ទាំង​សមាជិក​ព្រឹទ្ធ​សភា និង​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក បាន​ព្រមាន​កាត់​ជំនួយ​ម្ដង​រួច​មក​ហើយ​ដែរ និង​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។