កង​ទ័ព​កម្ពុជា​-​ជប៉ុន​រួម​គ្នា​ហ្វឹកហ្វឺន​កម្លាំង​ទ័ព​រក្សា​សន្តិភាព​អ.ស.ប​រួម​គ្នា

កង​កម្លាំង​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​​កម្លាំង​ស្វ័យ​ការពារ​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ បាន​បើក​​វគ្គ​ហ្វឹកហ្វឺន​កម្លាំង​ទ័ព​រួម​គ្នា​លើ​គម្រោង​សហប្រតិបត្តិការ​ហ្វឹកហ្វឺន និង​អប់រំ​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​កងកម្លាំង​រក្សា​សន្តិ​ភាព នា​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៤។

លោក ប្រាក់ សុខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ចការ​បញ្ជូន​​​កង​កម្លាំង​ចូល​រួម​បេសកកម្ម​រក្សា​​​​​​​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និង​លោក យូជិ គូម៉ាម៉ារ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចូល​​​រួម​បើក​វគ្គ​ហ្វឹកហ្វឺន​នេះ។

ស្ថាន​ទូត​ជប៉ុន​បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ក្រោម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ជប៉ុន និង​​កម្ពុជា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ហ្វឹកហ្វឺន និង​អប់រំ​ក្នុង​វិស័យ​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ដែល​​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន មក​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។