ក្រសួងការបរទេសសហរដ្ឋអាមេរិក ចាត់ទុកថា ជាការខូចខាតដល់ប្រជាធិបតេយ្យ ហើយទទូចឱ្យរដ្ឋសភាអនុញ្ញាតឲ្យតំណាងរាស្ត្របក្សប្រឆាំង អាចបំពេញការងារឡើងវិញ។
គណៈកម្មការកម្ពុជា ប្រតិកម្មចំពោះសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក ទាក់ទងនឹងការបញ្ចប់សមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំង ថាជាការបង្គាប់ដែលមិនអាចទទួលយកបាន ព្រោះកម្ពុជា ជាប្រទេសមានអធិបតេយ្យ។
ប្រតិកម្មនេះត្រូវបានធ្វើឡើងដោយប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា គឺលោក ឈាង វុន ក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹក
ថ្ងៃទី១០ ខែមិថុនា ដោយហៅខ្លឹមសារសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ថា ធ្វើឡើងមិនយោងលើច្បាប់ និងលិខិតបទដ្ឋាននានា ដែលរដ្ឋសភាបានអនុវត្តទេ ហើយបង្គាប់មកតែភាគីម្ខាង។
គណៈកម្មាធិការរដ្ឋសភា បានបញ្ចប់សមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សចំនួន ២៨រូប កាលពីសប្ដាហ៍មុន បន្ទាប់ពីតំណាងរាស្ត្រទាំងនោះ ក្លាយជាសមាជិកគណបក្សថ្មី គឺគណបក្សសង្គ្រោះជាតិ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកាលពីថ្ងៃទី៨ មិថុនា សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយថា ជាការផ្ទុយនឹងស្មារតីនៃដំណើរការល្អនៃលទ្ធិប្រជាធិបតេយ្យ ដែលចូលរួមយ៉ាងពេញលេញពីតំណាងរាស្ត្រគ្រប់គណបក្សនយោបាយ។ ការកាត់ប្រាក់ខែ និងបញ្ចប់សមាជិកភាពរដ្ឋសភាគណបក្សប្រឆាំង គឺជាការដកហូតសំឡេងពលរដ្ឋកម្ពុជា និងបង្កការខូចខាតដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សហរដ្ឋអាមេរិកទទូចដល់ប្រធានរដ្ឋសភា ឱ្យអនុញ្ញាតឱ្យសមាជិកជាប់ឆ្នោតទាំងអស់ បានបំពេញការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើពលរដ្ឋកម្ពុជា។
លោក ឈាង វុន ថ្លែងថា ការសម្រេចបញ្ចប់សមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំង គឺជាការបញ្ចប់ជាស្វ័យប្រវត្តិដោយយោងតាមច្បាប់មួយចំនួន។ ក្នុងនោះក៏មានច្បាប់ស្ដីពីគណបក្សនយោបាយមួយដែរ។
ទោះជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ហៅការសម្រេចរបស់គណៈកម្មាធិការរដ្ឋសភានេះថា ជាការខុសច្បាប់ ហើយលោកនឹងប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញជាលោកមិនរំពឹងអំពីឯករាជភាពរបស់ស្ថាប័ននេះក៏ដោយ។
លោក សុន ឆ័យ បញ្ជាក់ថា លោកនឹងនៅតែបន្តមកធ្វើការងាររបស់លោកនៅមន្ទីររដ្ឋសភាដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។