ក្នុងជំនួបជាមួយគណៈប្រតិភូនៃកងនាវាកងទ័ពប្រជាជនចិន នារាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ នេះ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា ឧត្ដមនាវីឯក ទៀ វិញ រំពឹងថា នៅពេលខាងមុខ ក្រសួងការពារជាតិចិន នឹងអាចជួយផ្ដល់កម្ពុជា នូវនាវាចម្បាំងពីរគ្រឿង ដើម្បីការពារដែនសមុទ្រខ្មែរ។ ទោះជាយ៉ាងណា សំណើនេះកំពុងស្ថិតនៅក្នុងកិច្ចចរចាគ្នា។
ទាក់ទងនឹងជម្លោះសមុទ្រចិន ខាងត្បូងវិញ លោក ទៀ វិញ ស្នើឲ្យមានការដោះស្រាយបញ្ហានេះដោយសន្តិវិធី បើទោះបីជាកិច្ចប្រជុំកងទ័ពជើងទឹកអាស៊ាន កន្លងមក បានជំរុញឲ្យកម្ពុជា លើកឡើងពីបញ្ហានេះក៏ដោយ។ លោក ទៀ វិញ បញ្ជាក់ប្រាប់មេបញ្ជាការប្រចាំការដែនសមុទ្រចិន ខាងត្បូង ឧត្ដមនាវីទោ យូ ម៉ាន់ជាំង (Yu Manjiang) ថា កម្ពុជា នៅតែប្រកាន់ជំហរចិន តែមួយ។
ទាក់ទងនឹងការហ្វឹកហាត់រួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរលើដែនសមុទ្រខ្មែរ នៅថ្ងៃទី២៥ ខែកុម្ភៈ វិញ អគ្គបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា លោក វណ្ណ ប៊ុននាង បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន អេ.ភី (AP) ថា ទាហានជើងទឹកកម្ពុជា ៧០នាក់ នឹងចូលរួមក្នុងការហ្វឹកហាត់ជាមួយទាហានជើងទឹកចិន ប្រមាណជាង ៧០០នាក់ នៅលើនាវាចម្បាំងចិន ៣គ្រឿង ដែលបានចតនៅកំពង់ផែព្រះសីហនុ។
លោក វណ្ណ ប៊ុននាង អោយដឹងថា ការហ្វឹកហាត់នេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ធំមួយ និងជាយុទ្ធនាការរួមគ្នាដើម្បីបង្កើនការត្រៀមខ្លួនក្នុងករណីមានហេតុការណ៍លិចកាណូត ឬមានគ្រោះមហន្តរាយកើតឡើង។
កងនាវាកងទ័ពប្រជាជនចិន ៣គ្រឿង មកដល់កម្ពុជា នៅបន្ទាប់ពីកងនាវាយោធាការពារដែនសមុទ្ររបស់ជប៉ុន ៣គ្រឿង ចាកចេញពីកម្ពុជា តែពីរបីថ្ងៃប៉ុណ្ណោះ។ ជប៉ុនមានជម្លោះព្រំដែនសមុទ្រជាមួយចិន ហើយប្រទេសទាំងពីរត្រូវគេមើលឃើញថា កំពុងតែប្រជែងគ្នាដើម្បីមានឥទ្ធិពលមកលើប្រទេសក្នុងតំបន់អាស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
