ទស្សនៈ​យុវជន​និង​អ្នក​វិភាគ​ចំពោះ​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​ហុងកុង

0:00 / 0:00

អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​ពលរដ្ឋ និង​យុវជន​ហុងកុង (Hong Kong) នាំ​គ្នា​ចេញ​មក​តាម​ផ្លូវ​ថ្នល់​បាតុកម្ម​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​ដែនដី​ហុងកុង ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ។

ក្នុង​ការ​បោះឆ្នោត​កន្លង​មក ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង ត្រូវ​បាន​ជ្រើសរើស​ឡើង​តាមរយៈ​ការ​បោះ​ឆ្នោត​មិន​ផ្ទាល់ នោះ​គឺ​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​ក្នុង​គណៈកម្មាធិការ​មួយ​ដែល​មាន​អង្គ​បោះ​ឆ្នោត​សរុប​ប្រមាណ ១.២០០​នាក់។

ក្នុង​ពេល​បច្ចុប្បន្ន គណបក្ស​កុម្មុយនិស្ត​ចិន បាន​ធ្វើ​កំណែទម្រង់​បោះឆ្នោត​ដោយ​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ហុងកុង អាច​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង ដោយ​ផ្ទាល់ ក៏ប៉ុន្តែ​ទីក្រុង​ប៉េកាំង គឺ​ជា​អ្នក​សម្រេច​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ ប្រការ​នេះ​ហើយ​ដែល​ពលរដ្ឋ​ហុងកុង នៅ​តែ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ព្រោះ​ពួកគេ​យល់​ថា ទីក្រុង​ប៉េកាំង នៅ​តែ​មាន​ចេតនា​គ្រប់គ្រង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​នៅ​ហុងកុង ដដែល។

ចុះ​ចំណែក​ក្រុម​យុវជន​និង​អ្នក​វិភាគ​កម្ពុជា​វិញ យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​តវ៉ា​របស់​ពលរដ្ឋ​ហុងកុង នៅ​ពេល​នេះ?

ដែនដី​ហុងកុង ត្រូវ​បាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ប្រទេស​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧ បន្ទាប់​ពី​ដែនដី​មួយ​នេះ​បាន​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​អង់គ្លេស​ចាប់​តាំង​ពី​ឆ្នាំ​១៨៤២ មក។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យោង​តាម​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស​និង​ចិន ហុងកុង​មិន​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ទាំង​ស្រុង​របស់​ទីក្រុង​ប៉េកាំង​នោះ​ឡើយ គឺ​ត្រូវ​ដាក់​ជា​តំបន់​រដ្ឋបាល​ពិសេស (Special Administrative Zone) តាម​គោលការណ៍​រដ្ឋ​មួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ (One state, two systems)។

តាម​រយៈ​គោលការណ៍​នេះ ហុងកុង​មាន​ឋានៈ​ប្រៀប​បាន​ដូចជា​រដ្ឋ​ឯករាជ្យ​មួយ​រួច​ទៅ​ហើយ នោះ​មាន​ន័យ​ថា ហុងកុង មាន​ប្រព័ន្ធ​គ្រប់គ្រង​ផ្ទាល់​ខ្លួន ដែល​រួម​មាន​រដ្ឋសភា រដ្ឋាភិបាល និង​អង្គការ​តុលាការ​ដាច់​ដោយ​ឡែក​ពី​ទីក្រុង​ប៉េកាំង។ ហុងកុង មាន​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​បោះឆ្នោត​ផ្ទាល់ខ្លួន ហើយ​បើ​និយាយ​ពី​សេដ្ឋកិច្ច​វិញ ហុងកុង​មាន​រូបិយប័ណ្ណ​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង នោះ​គឺ​លុយ​ដុល្លារ​ហុងកុង។

និយាយ​ជា​រួម ហុងកុង​មាន​អ្វីៗ​គ្រប់​យ៉ាង​ស្ទើរ​តែ​ទាំង​អស់​ដូច​ប្រទេស​ឯករាជ្យ​នានា​ដទៃ​ទៀត​នៅ​លើ​ពិភពលោក លើកលែង​តែ​ការងារ​ការបរទេស និង​ការពារ​ជាតិ​ប៉ុណ្ណោះ ដែល​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង។ លើស​ពី​នេះ ប្រជាពលរដ្ឋ​ហុងកុង មាន​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ការ​រស់​នៅ និង​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ ដែល​នេះ​ផ្ទុយ​ស្រឡះ​ពី​ប្រជាជន​ចិន​ផ្សេង​ទៀត​ដែល​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង ហើយ​ដែល​អំណាច​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​បក្ស​កុម្មុយនិស្ត​ចិន។

​យ៉ាង​ណា​ក៏ដោយ ទីក្រុង​ប៉េកាំង​បាន​លូកដៃ​បន្តិច​ម្តងៗ ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​នយោបាយ​របស់​ហុងកុង រហូត​ឈាន​ដល់​មាន​ការ​រៀបចំ​ប្រព័ន្ធ​បោះឆ្នោត​មួយ​នៅ​ហុងកុង ដែល​គេ​មើល​ឃើញ​ជាទូទៅ​ថា មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពេញលេញ នោះ​គឺ​ពលរដ្ឋ​ហុងកុង ជា​អ្នក​បោះ​ឆ្នោត តែ​ទីក្រុង​ប៉េកាំង ជា​អ្នក​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ។ មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ហុងកុង មិន​ពេញ​ចិត្ត ហើយ​នាំគ្នា​ធ្វើ​បាតុកម្ម​ពេញទី​ក្រុង ហើយ​ដែល​ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។

កញ្ញា ធី សុវណ្ណថា ផ្ដល់​បទសម្ភាសន៍ ខណៈ​ដែល​កញ្ញា​ចូល​រួម​បាតុកម្ម​នៅ​ក្បែរ​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ទី​៥ តុលា ២០១៤។
កញ្ញា ធី សុវណ្ណថា ផ្ដល់​បទសម្ភាសន៍ ខណៈ​ដែល​កញ្ញា​ចូល​រួម​បាតុកម្ម​នៅ​ក្បែរ​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ទី​៥ តុលា ២០១៤។ (RFA/Yeang Socheametta)

កញ្ញា ធី សុវណ្ណថា ដែល​យុវជន​និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ស្គាល់​ថា ជា​យុវនារី​ដ៏​សកម្ម​ម្នាក់​ក្នុង​សកម្មភាព​នយោបាយ​និង​សង្គម តាម​រយៈ​ការ​ចូល​រួម​ជា​ហូរហែ​របស់​កញ្ញា​នៅ​ក្នុង​បាតុកម្ម​បក្ស​ប្រឆាំង និង​បាតុកម្ម​ដទៃ​ទៀត។ កញ្ញា​ថ្លែង​ថា កញ្ញា​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​របស់​យុវជន​ហុងកុង ដែល​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ប្រកប​ដោយ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ទី​នោះ។

កញ្ញា ធី សុវណ្ណថា ដែល​អះអាង​ថា បាន​តាមដាន​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ហុងកុង ដែរ​នោះ ថ្លែង​ក្នុង​ពេល​ដែល​កញ្ញា​កំពុង​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​អង្គការ​-​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន​ដទៃ​ទៀត ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម សុំទោស​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ​ថា ក្នុង​នាម​ជា​យុវជន​ម្នាក់​ក្នុង​ពិភពលោក កញ្ញា​មិន​ចង់​ឃើញ​ដែនដី​ហុងកុង ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនិស្ត​ចិន​នោះ​ឡើយ ព្រោះថា​ពលរដ្ឋ​ហុងកុង​ធ្លាប់តែ​រស់នៅ​មាន​សិទ្ធិ​សេរី ភាព​ពេញលេញ ដូច្នេះ​ពួកគេ​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​ក្នុង​សង្គម​ដែល​មាន​ការ​គោរព​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​បន្ត​ទៀត ជា​ជាង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​កុម្មុយនិស្ត។

កញ្ញា ធី សុវណ្ណថា៖ «ពាក្យ​ថា​កុម្មុយនិស្ត​ហ្នឹង គឺ​គាត់​យក​អំណាច​គាប​សង្កត់​ទៅលើ​អ្នក​ធំ ដើម្បី​គាប​សង្កត់​ទៅ​ដល់​រាស្ត្រ អ៊ីចឹង​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ ក្នុង​នាម​ខ្ញុំ​ជា​រាស្ត្រ គឺ​ខ្ញុំ​អត់​ចង់​ឲ្យ​មាន​របប​កុម្មុយនិស្ត​ទេ គឺ​ចង់​ឲ្យ​មាន​របប​លទ្ធិប្រជាធិបតេយ្យ អ្នក​ដែល​មាន​អំណាច គឺ​គាត់​ទទួល​អំណាច​ដោយសារ​រាស្ត្រ​គាំទ្រ ហើយ​គាត់​ធ្វើ​អ្វី គាត់​អត់​យក​អំណាច​មក​គាប​សង្កត់​រាស្ត្រ។ អ៊ីចឹង​មាន​ន័យ​ថា លទ្ធិប្រជាធិបតេយ្យ​ពិត​ជា​​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ ឬ​រាស្ត្រ​ស្លូត​ត្រង់​មែន​ទែន។ រាស្ត្រ​គឺ​ជា​ម្ចាស់​ប្រទេស​ទាំង​អស់ អ៊ីចឹង​ប្រទេស​មួយ​ហ្នឹង​គឺ​មិន​មែន​របស់​អ្នកនយោបាយ ឬ​មិន​មែន​របស់​រដ្ឋាភិបាល​ទេ គឺ​របស់​រាស្ត្រ​ទាំង​អស់​គ្នា»

ពលរដ្ឋ​ហុងកុង មិន​ត្រឹមតែ​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​ដែល​ពលរដ្ឋ​អាច​រើស​អ្នក​ដឹកនាំ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​កំពុង​ទាមទារ​ឲ្យ​ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង បច្ចុប្បន្ន គឺ​លោក លឿង ឈុនយីង (Leung Chun-Ying) ចុះ​ចេញពី​តំណែង​ទៀត​ផង ព្រោះ​ពួកគេ​យល់​ថា លោក លឿង ឈុនយីង គឺ​ជា​កូនអុក​របស់​ទីក្រុង​ប៉េកាំង។

ស្រដៀង​ទៅ​នឹង​កញ្ញា ធី សុវណ្ណថា ប្រធាន​ចលនា​ប្រជាធិបតេយ្យ​ជាតិ​និយម គឺ​យុវជន វីល្លាម អនណែស្ត គីវណ្ណា (William Honest Kivanna) ក៏​សម្ដែង​ការ​គាំទ្រ​ចំពោះ​បាតុកម្ម​របស់​និស្សិត​ហុងកុង​ដែរ។ លោក គីវណ្ណា មាន​ប្រសាសន៍​ថា ការ​ងើបឡើង​តវ៉ា​របស់​ពលរដ្ឋ​ហុងកុង គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ថា ពលរដ្ឋ​ហុងកុង បាន​ឆ្លងកាត់​និង​ទទួល​មនោគមវិជ្ជា​លទ្ធិប្រជាធិបតេយ្យ​សេរី​រួចហើយ ដូច្នេះ​ពួកគេ​ពិបាក​នឹង​ទទួល​យក​លទ្ធិកុម្មុយនិស្ត​ដែល​ខ្វះ​ការ​គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នោះ​ណាស់។

​លោក គីវណ្ណា៖ «ការ​ដែល​គាត់​ធ្វើ​ដូច្នេះ​គឺ​វា​មាន​ផល​វិជ្ជមាន​ជាច្រើន ដើម្បី​អី? ដើម្បី​ពង្រឹង​នូវ​សក្ដានុពល​នៃ​ចលនា​សេរី​ប្រទេស​របស់​គាត់ ឲ្យ​រឹងមាំ​ជាង​ហ្នឹង​ទៅ​ទៀត ហើយ​ក៏​ចង់​បញ្ជាក់​ថា ហុងកុង​គឺ​ជា​ដែនដី​ដែល​អាច​ផ្ដាច់​ខ្លួន​ទៅ​ហើយ​ដែរ មិន​អាច​ឲ្យ​ប្រទេស​ចិន ដែល​ប្រកាន់​របប​កុម្មុយនិស្ត មក​គ្រប់គ្រង​លើ​គាត់​បាន​ជា​ម្ដង​ទៀត​ទេ បន្ទាប់ពី​អង់គ្លេស បាន​ដក​អាណានិគម​របស់​ខ្លួន​ទៅ​វិញ។ ដូច្នេះ​ហុងកុង គាត់​ចង់​ឲ្យ​ប្រទេស​គាត់​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​សេរី និង​ឯករាជ្យ​ផ្ដាច់​ចេញ​ពី​ខាង​កុម្មុយនិស្ត​ផង ផ្ដាច់​ចេញ​ពី​អាណានិគម​ផង ដូច្នេះ​គាត់​អត់​អាច​ទទួល​យក​បាន​ទេ​នូវ​ការ​ដែល​ឲ្យ​បោះឆ្នោត ប៉ុន្តែ​បេក្ខភាព គឺ​ចិន​ប៉េកាំង ឬ​ហៅ​ថា ចិន​កុម្មុយនិស្ត​បាន​ជ្រើសរើស​រួច​មក​ហើយ»

យ៉ាង​ណា​ក៏ដោយ ឋានៈ​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ហុងកុង មាន​រយៈពេល​ត្រឹមតែ ៥០​ឆ្នាំ​ប៉ុណ្ណោះ ក្រោយពី​ដែនដី​មួយ​នេះ​ត្រូវ​បាន​ប្រគល់​ត្រលប់​ទៅ​ឲ្យ​ចិន​វិញ មាន​ន័យ​ថា បន្ទាប់​ពី​ឆ្នាំ​២០៤៧ ទៅ​ដែនដី​ហុងកុង នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង ដូចជា​ខេត្ត​ដទៃ​ទៀត​របស់​ចិន​ដែរ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល​ជិត ២០​ឆ្នាំ​មក​ហើយ ដែល​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន ប៉ុន្តែ​ពលរដ្ឋ​ហុងកុង ហាក់​នៅ​មិន​ទាន់​អាច​ទទួល​យក​នូវ​ឥទ្ធិពល​នយោបាយ​កុម្មុយនិស្ត​របស់​ទីក្រុង​ប៉េកាំង បាន​នៅ​ឡើយ​ទេ។ បញ្ហា​នៅ​ត្រង់​ថា តើ​បន្ទាប់ពី​ឆ្នាំ​២០៤៧ ទៅ ពលរដ្ឋ​ហុងកុង ព្រម​ឲ្យ​របប​ក្រុង​ប៉េកាំង គ្រប់គ្រង​ពួកគេ​ទាំង​ស្រុង​ដែរ​ឬ​ទេ? ហើយ​ថា​តើ​រដ្ឋាភិបាល​ចិន អាច​នឹង​ប្រើ​កម្លាំង​ប្រឆាំង​ពលរដ្ឋ​ហុងកុង​ឬ​ទេ បើ​ពួកគេ​ក្រាញននៀល​ដូច​សព្វ​ថ្ងៃ?

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត សុខ ទូច កត់​សម្គាល់​ថា ហុងកុង​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​វិញ ដូច្នេះ​ហុងកុង ត្រូវ​តែ​ដើរ​តាម​មាគ៌ា ឬ​គោលការណ៍​របស់​ទីក្រុង​ប៉េកាំង ប៉ុន្តែ​លោក​ថា ដោយសារ​ពលរដ្ឋ​ហុងកុង ឆ្លង​កាត់​ការ​អប់រំ និង​ទទួល​ចំណេះដឹង​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​រួច​ហើយ​នោះ ពួកគេ​មិន​អាច​ទទួលយក​របប​កុម្មុយនិស្ត ដែល​ជា​របប​ចាត់​តាំង​បាន​ឡើយ។ លោក​បណ្ឌិត សុខ ទូច កត់​សម្គាល់​បន្ត​ថា ហុងកុង​ហាក់​កំពុង​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ដូច​តៃវ៉ាន់ ប៉ុន្តែ​លោក​ថា ហុងកុង​មិន​អាច​ធ្វើ​ដូច​តៃវ៉ាន់​បាន​នោះ​ទេ។

លោក សុខ ទូច៖ «ការ​ទាមទារ​ណា​មួយ​របស់​ហុងកុង វា​ជា​ការ​លំបាក។ លំបាក​ដោយសារ​អី? ទី​១ គឺ​អត់​មាន​បងធំ​ការពារ​ពី​ក្រោយ​ដូច​តៃវ៉ាន់ តៃវ៉ាន់​មាន​អាមេរិកាំង ទោះ​បី​ជា​សហរដ្ឋអាមេរិក​និយាយ​ចិន តែ​មួយ​មែន ប៉ុន្តែ​អាមេរិក​ផ្ដល់​អាវុធ​លក់​អាវុធ​ឲ្យ​ចិន​តៃវ៉ាន់ ហើយ​ចំណុច​ទី​២ ហិរញ្ញវត្ថុ​និង​ប្រព័ន្ធ​កងទ័ព​វា​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​ចិន​ដី​គោក ហុងកុង​អត់​មាន​ទេ អ៊ីចឹង​រាល់​ការ​ធ្វើ​កិច្ចការ​ណា​មួយ​ត្រូវតែ​ជួប​បញ្ហា និង​មិន​រើ​បម្រះ​តាម​ការ​ចង់​បាន​របស់​ហុងកុង បាន​ទេ»

លោក​បណ្ឌិត សុខ ទូច កត់សម្គាល់​ដែរ​ថា ចំពោះ​បញ្ហា​ដែនដី​ហុងកុង​នេះ រដ្ឋាភិបាល​ប៉េកាំង មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង​ណាស់ ហើយ​ប៉េកាំង ក៏​មិន​អាច​ផ្ដល់​ឱកាស​ឲ្យ​ហុងកុង ធ្វើ​អ្វីៗ​តាម​ចិត្ត​នោះ​ទេ ព្រោះ​ថា ហុងកុង​ជា​គំរូ​របស់​ដែនដី​ផ្សេង​ទៀត មាន​ន័យ​ថា បើ​ហុងកុង អាច​រើ​បម្រះ​បាន នោះ​ដែនដី​ផ្សេង​ទៀត​ក៏​អាច​រើ​បម្រះ​បាន​ដែរ។ ចំពោះ​ករណី​នេះ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ចិន​នឹង​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​ទប់ទល់​កុំ​ឲ្យ​មាន​ការ​រើ​បម្រះ​របស់​ពលរដ្ឋ​ហុងកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។