លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជាមិនត្រូវភ្លេចខ្លួននឹងក្រុមអាយស៊ីស (ISIS) នោះទេ បើទោះជាកម្ពុជា មិនមែនជាទីកន្លែងនៃការវាយប្រហាររបស់ក្រុមនេះក៏ដោយ។ ចំណែកមន្ត្រីគណបក្សប្រឆាំងយល់ថា ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីបង្ការរឿងនេះ។
លោក ហ៊ុន សែន លើកឡើងពីរឿងរ៉ាវទាក់ទងក្រុមអាយស៊ីស នៅពេលនេះ បន្ទាប់ពីក្រុមភេរវកម្មបើកការវាយប្រហារទៅលើបណ្ដាប្រទេសនៅតំបន់អាស៊ានក្បែៗប្រទេសកម្ពុជា។ ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងកិច្ចប្រជុំសភាតំបន់អាស៊ី អេ.ភី.អេ (APA) ខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៩ ខែធ្នូ។ លោក ហ៊ុន សែន ទាមទារឲ្យមានការប្រុងប្រយ័ត្នបែបនេះ ដោយយល់ថា ក្រុមអាយស៊ីស អាចយកទីដីកម្ពុជា ធ្វើជាកន្លែងលាក់ខ្លួន៖ «បើទោះជាគេនិយាយថាប្រទេសកម្ពុជា មិនមានពួកអាយស៊ីស (ISIS) ចូលមកដល់ ក៏ប៉ុន្តែកម្ពុជា ក៏មិនត្រូវភ្លេចខ្លួន គេអាចវាយនៅប្រទេសដទៃ ប៉ុន្តែគេយកកម្ពុជា ធ្វើជាតំបន់សុវត្ថិភាពក៏អាចថាបាន»។
ក្រៅពីថ្លែងពីវិធានការរបស់ខ្លួនលើក្រុមអាយស៊ីស ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងរិះគន់ប្រមុខរដ្ឋាភិបាលសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថា សហរដ្ឋអាមេរិកប្រើដៃម្ខាងធ្វើសង្គ្រាមប្រឆាំងរដ្ឋាភិបាលរបស់ បាស្ហា អាល់ អាសាដ (Bashar al-Assad) និងដៃម្ខាងទៀតវ៉ៃអាយស៊ីស គ្រាន់តែជាគណិតវិទ្យាមួយដកមួយស្មើសូន្យ (១-១=០)៖ «ខ្ញុំបាននិយាយត្រង់ៗ និងចោទជាសំណួរចំពោះប្រធានាធិបតីអាមេរិក ដំបូងខ្ញុំនិយាយថា ខ្ញុំគាំទ្រនូវការវាយប្រហារក្រុមអាយស៊ីស ប៉ុន្តែនៅពេលបាស្ហា អាល់ អាសាដ ក៏វាយអាយស៊ីស កម្លាំងអន្តរាគមន៍ដឹកនាំដោយអាមេរិក ក៏វាយអាយស៊ីស ប៉ុន្តែនៅពេលណាមួយ កម្លាំងរបស់ បាស្ហា អាល់ អាសាដ ទន់ខ្សោយជាការបង្កើនកម្លាំងឲ្យក្រុមអាយស៊ីស»។
កន្លងមកក្រុមភេរវកម្មធ្លាប់វាយប្រហារលើប្រទេសតំបន់អាស៊ាន រួមមាន ប្រទេសថៃ ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី។ ថ្មីៗនេះដែរ ប្រព័ន្ធផ្សព្វផ្សាយ ប៊ី.ប៊ី.ស៊ី (BBC) បានចុះផ្សាយថា ក្រុមអាយស៊ីស ១០នាក់ បានចូលមកដល់ប្រទេសថៃ កាលពីខែតុលា ដើម្បីវាយប្រហារទៅលើស្ថានទូតរុស្ស៊ី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា មិនទាន់មានព័ត៌មានណាមួយថា មានក្រុមអាយស៊ីស នៅកម្ពុជា នៅឡើយទេ។ ទោះបែបនេះក្តី លោកថា សមត្ថកិច្ចបានត្រៀមខ្លួនរួចរាល់ហើយលើរឿងនេះ។ លោកបន្តថា អ្វីដែលត្រូវប្រុងប្រយ័ត្ននោះ គឺច្រកចេញចូលអន្តរជាតិ និងការគ្រប់គ្រងវត្ថុធាតុដើមដែលជាសារធាតុផ្សំគ្រឿងផ្ទុះ៖ «ភេរវកម្មមិនមែននាំអាវុធទេ គេមកតែមនុស្ស ប៉ុន្តែមានបច្ចេកវិទ្យា គ្រឿងផ្ទុះមានអីខ្លះ ឧទាហរណ៍មានជី មានប្រេងកាត មកផ្សំ ចឹងយើងគ្រប់គ្រងរបស់ទាំងអស់នោះ»។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ថា ប្រសិនបើមិនចង់ឲ្យប្រទេសកម្ពុជា ក្លាយជាទឹកដីសម្រាប់ក្រុមភេរវករប្រើប្រាស់ ឬវាយប្រហារនោះ គឺទាមទារឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
