អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចេញផ្សាយរបាយការណ៍អំពីចំណាត់ថ្នាក់អំពើពុករលួយរបស់ប្រទេសចំនួន ១៧៥ នៅលើពិភពលោកប្រចាំឆ្នាំ២០១៤ និងបានចាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសមានអំពើពុករលួយច្រើន។
អង្គការតម្លាភាពអន្តរជាតិ បានចេញផ្សាយចំណាត់ថ្នាក់ប្រទេស ១៧៥ លើពិភពលោក ទាក់ទងអំពើពុករលួយនៅថ្ងៃទី៣ ធ្នូ។ នៅក្នុងការវាយតម្លៃនោះ ប្រទេសកម្ពុជា បានពិន្ទុ២១ និងបានចំណាត់ថ្នាក់លេខ ១៥៦ នៅក្នុងចំណោមប្រទេស ១៧៥ ដោយសារនៅមានអំពើពុករលួយច្រើន។ កាលពីឆ្នាំ២០១៣ កន្លងទៅ ប្រទេសកម្ពុជា បានពិន្ទុ ២០ ជាប់ចំណាត់ថ្នាក់លេខ ១៦០ ក្នុងចំណោមប្រទេស ១៧៧។
លោក រ័ត្ន សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ២០១៤ នេះ បើគិតជាពិន្ទុវិញ កម្ពុជាបានទទួលមួយពិន្ទុកើនជាងឆ្នាំមុន បើទោះជាបានចំណាត់ថ្នាក់លេខ ១៥៦ ក៏ដោយ។ ដូច្នេះមានន័យថា កម្ពុជាកំពុងដើរលើផ្លូវត្រូវជាសន្សឹមៗឆ្ពោះទៅរកសង្គមមួយមានតម្លាភាព និងមានការទទួលខុសត្រូវជាងមុន។ លោកជំរុញឲ្យរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធធ្វើការជាមួយគ្នា ដើម្បីឲ្យបានលទ្ធផលកាន់តែប្រសើរជាងនេះ។ លោកមានប្រសាសន៍ថា កម្ពុជាបានពិន្ទុកើនជាងមុននេះ ដោយសារឆ្នាំនេះបរិយាកាសអាជីវកម្ម និងនយោបាយ មានសភាពល្អជាងឆ្នាំមុន។
សេចក្ដីថ្លែងការណ៍របស់អង្គការតម្លាភាពកម្ពុជា នៅថ្ងៃទី៣ ធ្នូ លើកឡើងថា ពិន្ទុសម្រាប់សន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយរបស់កម្ពុជា នៅឆ្នាំ២០១៤ នេះ បង្ហាញថា ប្រទេសកម្ពុជា នៅតែជាប្រទេសមួយមានកម្រិតអំពើពុករលួយខ្ពស់នៅឡើយ។ ដូច្នេះរដ្ឋាភិបាលគួរតែខិតខំធ្វើឲ្យប្រសើរឡើងថែមទៀត ជាពិសេសកំណែទម្រង់អភិបាលកិច្ច គួរតែជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល ឬមន្ត្រីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់គណៈរដ្ឋមន្ត្រី ដើម្បីប្រតិកម្មតបចំពោះអង្គការតម្លាភាពអន្តរជាតិ ចាត់ថ្នាក់ប្រទេសកម្ពុជា ថាជាប្រទេសមានអំពើពុករលួយច្រើននេះទេ។
ពិន្ទុនិងចំណាត់ថ្នាក់អំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ គឺជាសូចនាករ ឬតួលេខមួយដែលត្រូវគេប្រើយ៉ាងទូលាយសម្រាប់វាស់ពីទំហំនៃអំពើពុករលួយ។ វាឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកឯកទេស និងអាជីវករទូទាំងពិភពលោកដែលបានដឹងព័ត៌មាន ព្រមទាំងផ្ទៀងផ្ទាត់ជាមួយប្រភពទិន្នន័យរបស់ស្ថាប័នមានកិត្តិនាមជាច្រើន។ អ្នកវិនិយោគច្រើនពឹងផ្អែកលើសន្ទស្សន៍នេះ ក្នុងការធ្វើធុរកិច្ចតាមប្រទេសនានា។
ចំពោះចំណាត់ថ្នាក់អំពើពុករលួយប្រទេសនៅក្នុងតំបន់ និងជាសមាជិកអាស៊ានមួយចំនួនវិញ អង្គការតម្លាភាពអន្តរជាតិបានវាយតម្លៃថា ប្រទេសសិង្ហបុរី បានលេខ ៧ ប្រទេសម៉ាឡេស៊ី បានលេខ ៥០ ប្រទេសថៃ បានលេខ ៨៥ ប្រទេសហ្វីលីពីន បានលេខ ៨៥ ប្រទេសវៀតណាម បានលេខ ១១៩ ប្រទេសឡាវ បានចំណាត់ថ្នាក់លេខ ១៤៥ និងប្រទេសភូមា បានលេខ ១៥៦ ដូចកម្ពុជាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
